ព័ត៌មានអន្តរជាតិ
លោក Netanyahu សប្បាយចិត្តនឹងការដកតំណែងរដ្ឋអាជ្ញាតុលាការ ICC លោក Karim Khan
នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu ដែលជាឧក្រិដ្ឋជននៃដីកាចាប់ខ្លួនរបស់តុលាការនៃឧក្រិដ្ឋកម្មអន្តរជាតិ (ICC) កាលពីថ្ងៃអាទិត្យ បានរិះគន់អតីតព្រះរាជអាជ្ញា Karim Khan ថាជា «ការងារបោកប្រាស់» បន្ទាប់ពីបណ្តេញលោកចេញពីតំណែងជុំវិញការចោទប្រកាន់ពីបទប្រព្រឹត្តខុសផ្លូវភេទ។ នេះបើយោងតាមការផ្សាយរបស់ AFP នៅថ្ងៃទី២៧ ខែកក្កដានេះ។

លោក Khan នៅឆ្នាំ ២០២៤ បានចេញដីការចាប់ខ្លួនលោក Netanyahu និងមន្ត្រីអ៊ីស្រាអែលផ្សេងទៀតត្រូវបានចោទប្រកាន់ពីបទឧក្រិដ្ឋកម្មសង្គ្រាមលើទីក្រុងហ្គាហ្សា។
ចលនានេះ បានបង្កឱ្យមានកំហឹងពីសម្ព័ន្ធមិត្តរបស់អ៊ីស្រាអែល គឺសហរដ្ឋអាម៉េរិក បានធ្វើឱ្យស្មុគស្មាញដល់ការធ្វើដំណើររបស់លោក Netanyahu ទៅកាន់ប្រទេសដែលជាសមាជិកនៃតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) ដែលមានមូលដ្ឋាននៅទីក្រុងឡាអេ។
យ៉ាងណាម៉ិញ លោក Netanyahu បាននិយាយនៅក្នុងកម្មវិធី “Sunday Morning Futures” របស់ Fox News បានអះអាងថា លោក Khan បានដាក់ពាក្យបណ្តឹងដើម្បីបង្វែរអារម្មណ៍ពីឧក្រិដ្ឋកម្មដែលគាត់ត្រូវបានចោទប្រកាន់។ លោកបាននិយាយលេងសើចថា «គាត់គិតថា ប្រសិនបើមានការចោទប្រកាន់ ខ្ញុំនឹងមានការងារធ្វើ។ មានការចោទប្រកាន់ ហើយគាត់បានបាត់បង់ការងាររបស់គាត់។ គាត់បានបាត់បង់ការងាររបស់គាត់ ពីព្រោះគាត់ត្រូវបានដកចេញដោយប្រទេសភាគច្រើនដែលដឹងថាគាត់ជាការងារបោកប្រាស់»។
គូសបញ្ជាក់ថា លោក Khan អាយុ ៥៦ឆ្នាំ ត្រូវបានផ្អាកពីការងារកាលពីខែមុនដោយស្ថាប័នគ្រប់គ្រងដ៏សំខាន់មួយរបស់ ICC ហើយបានបដិសេធរាល់ការចោទប្រកាន់ពីបទប្រព្រឹត្តខុស។
ប៉ុន្តែនៅក្នុងការបោះឆ្នោតមួយកាលពីថ្ងៃសុក្រនៅទីស្នាក់ការកណ្តាលអង្គការសហប្រជាជាតិក្នុងទីក្រុងញូវយ៉ក សមាជិក ៨២ នាក់ក្នុងចំណោម ១២៥ នាក់បានបោះឆ្នោតដោយសម្ងាត់ឱ្យដកលោកចេញពីតំណែងដោយសារតែ «ការប្រព្រឹត្តខុសធ្ងន់ធ្ងរ និងការរំលោភកាតព្វកិច្ចធ្ងន់ធ្ងរ»៕
ព័ត៌មានអន្តរជាតិ
លោក ត្រាំ ចង់ជួបជាមួយលោក ពូទីន និងលោក ស៊ី រឿងអ៊ុយក្រែន ដោយពុំមានវត្តមានលោក ហ្សេឡិនស្គី
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានថ្លែងថា លោកមានបំណងជួបពិភាក្សាជាមួយមេដឹកនាំរុស្ស៊ី លោក ពូទីន និងមេដឹកនាំចិន លោក ស៊ី ជិនពីង ដើម្បីស្វែងរកដំណោះស្រាយបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន ទោះបីជាគ្មានវត្តមានរបស់ប្រធានាធិបតីអ៊ុយក្រែន លោក ហ្សេឡិនស្គី ក៏ដោយ។
លោកបានប្រាប់អ្នកសារព័ត៌មានថា អ្វីក៏ដោយដែលរូបលោកអាចធ្វើបានដើម្បីបញ្ចប់សង្គ្រាមនេះ លោកនឹងធ្វើ ទោះបីជាមានភាគីណាមួយចូលរួមឬអត់ក៏ដោយ។ ប្រសិនបើលោកប្រធានាធិបតី ស៊ី ជិនពីង ចង់ឱ្យមានកិច្ចប្រជុំនេះ លោកក៏យល់ព្រមដែរ។ លោកជឿជាក់ថា ពួកលោកប្រហែលជានឹងពិភាក្សាអំពីបញ្ហាផ្សេងទៀត ដូចជាពាណិជ្ជកម្មជាដើម។

ការលើកឡើងរបស់លោក ត្រាំ នេះ បានកើតឡើងស្របពេលភាពតានតឹងរវាងរូបលោក និងលោក ហ្សេឡិនស្គី កាន់តែកើនឡើងជាលំដាប់ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ខណៈរុស្ស៊ីទទួលបានការអនុគ្រោះមួយចំនួនពីសហរដ្ឋអាមេរិក។
ដំបូងឡើយ លោក ត្រាំ បាននិយាយថា លោកចាប់អារម្មណ៍ខ្លាំងជាងលើការពិភាក្សាអំពី «ការលុបបំបាត់អាវុធនុយក្លេអ៊ែរ» ជាមួយលោក ពូទីន និងលោក ស៊ី ជិនពីង។
ឆ្លើយតបនឹងការរិះគន់របស់លោក ហ្សេឡិនស្គី ចំពោះការសម្រេចចិត្តថ្មីៗនេះក្នុងការលុបចោលទណ្ឌកម្មថ្មីៗប្រឆាំងនឹងរុស្ស៊ី ព្រមទាំងការលើកឡើងរបស់ប្រធានាធិបតីអ៊ុយក្រែនរូបនេះថា លោក ត្រាំ កំពុងឈរនៅ «ផ្នែកខុសនៃប្រវត្តិសាស្ត្រ» នោះ លោក ត្រាំ បានវាយបកទៅលើមេដឹកនាំអ៊ុយក្រែនរូបនេះម្តងទៀត ដោយថា លោកហ្សេឡិនស្គី មិនដឹងថាខ្លួនលោកកំពុងនិយាយពីអ្វីទេ។ លោក ហ្សេឡិនហ្គី គឺជាមនុស្សម្នា្កក់ដែលគួរតែដោះស្រាយសង្គ្រាមនេះជាយូរមកហើយ។ រូបលោកគិតថាគួរតែដល់ពេលមាននរណាម្នាក់ចរចាជំនួយអ៊ុយក្រែនហើយ៕


ព័ត៌មានអន្តរជាតិ
ការប៉ះទង្គិចគ្នាហិង្សា ឈានដល់ការដុតអគារកើតឡើងអំឡុងបាតុកម្មនៅបារាំង
អំពើហិង្សា បានផ្ទុះឡើងនៅទូទាំងប្រទេសបារាំង កាលពីថ្ងៃសៅរ៍ អំឡុងថ្ងៃចុងក្រោយនៃបាតុកម្មប្រឆាំងនឹងការលំបាកនៅតាមសាលារៀន និងថ្លៃចំណាយលើការរស់នៅ។
មនុស្សយ៉ាងហោច ១.២០០នាក់ ត្រូវបានចាប់ខ្លួន អំឡុងបាតុកម្មដែលរដ្ឋាភិបាលបារាំង ចាត់ទុកថា ជាការកើនឡើងអំពើហិង្សាដ៏អាក្រក់មួយ ក្នុងនោះមនុស្សប្រហែល ៥៥ម៉ឺននាក់ ត្រូវបានគេប៉ាន់ប្រមាណថា បាននៅតាមដងផ្លូវ។


នៅល្ងាចថ្ងៃសៅរ៍ ក្នុងទីក្រុងប៉ារីស មាននូវការប៉ះទង្គិចគ្នាទ្រង់ទ្រាយធំជាមួយក្រុមនគរបាលបង្រ្កាបកុបកម្មដែលប្រើប្រាស់ឧស្ម័នបង្ហូរទឹកភ្នែក និងកាណុងបាញ់ទឹក លើហ្វូងបាតុករ ។
អគារត្រូវបានដុតបំផ្លាញនៅក្នុងរដ្ឋធានីមួយនេះ ហើយនិងតំបន់ផ្សេងទៀត រួមទាំងនៅទីក្រុង Limoges ដែលអគ្គិភ័យដ៏ធំមួយ បានឆាបឆេះសាលាក្រុង បណ្តាលឲ្យដំបូលអគារបាក់ដោយអន្លើរ ។
ករណីចូលលួចទំនិញក្នុងហាង បានកើតឡើងផងដែរ នៅតាមទីក្រុងជាច្រើន ហើយនិងការបំផ្លិចបំផ្លាញទ្រង់ទ្រាយធំមានគោលដៅលើសាលាក្រុងជាច្រើន ហើយនិងអគារធុរកិច្ច ។


លោកនាយករដ្ឋមន្រ្តី Sébastien Lecornu និយាយថា មន្រ្តីនគរបាល ១៥០នាក់ បានករងរបួស នៅក្នុងភាពរំជើបរំជួលនេះ។
នៅទីក្រុង Lyon លោកអភិបាល Grégory Doucet និយាយថា ការដុតកម្ទេចការិយាល័យទេសចរណ៍ គឺជាសោកនាដកម្មមួយសម្រាប់ទីក្រុងរបស់លោក ពីព្រោះថា វាគឺជាអគារប្រវត្តិសាស្រ្តជានិមិត្តរូបដ៏ល្បីល្បាញមួយសម្រាប់ពួកយើង។
សូមបញ្ជាក់ថា សិស្ស-និស្សិតរាប់ម៉ឺននាក់ បាននាំគ្នាតវ៉ាក្នុងរយៈពេលប៉ុន្មានសប្តាហ៍
កន្លងមកនេះ ជុំវិញកង្វះខាតបុគ្គលិក និងអគារទ្រុធទ្រោម នៅតាមសាលាអនុវិទ្យាល័យ និងវិទ្យាល័យ ដែលត្រូវចូលរៀនដោយសិស្សអាយុចាប់ពី ១៥ឆ្នាំ ដល់ ១៨ឆ្នាំ ៕
ព័ត៌មានអន្តរជាតិ
ក្រុងញូវយ៉កប្រកាសអាសន្នគ្រោះមហន្តរាយជំងឺកញ្ជ្រឹល
លោកស្រី Kathy Hochul អភិបាលរដ្ឋ New York បានប្រកាសដាក់រដ្ឋក្នុងស្ថានភាពអាសន្នដោយសារគ្រោះមហន្តរាយផ្ទុះឡើងនៃជំងឺកញ្ជ្រឹលដែលកំពុងកើនឡើងយ៉ាងឆាប់រហ័ស។ ការប្រកាសនេះផ្តល់សិទ្ធិអំណាចបន្ថែមដល់អាជ្ញាធរក្នុងការចាក់វ៉ាក់សាំង និងធ្វើតេស្តប្រជាពលរដ្ឋ ខណៈដែលចំនួនករណីឆ្លងកំពុងកើនឡើងនៅទូទាំងតំបន់ភាគឦសាននៃសហរដ្ឋអាមេរិក។
ការប្រកាសដាក់រដ្ឋក្នុងស្ថានភាពអាសន្ននេះ ដែលត្រូវបានធ្វើឡើងកាលពីថ្ងៃចន្ទ ថ្ងៃទី៥ ខែតុលា គឺជាការប្រកាសលើកដំបូងដោយរដ្ឋមួយរបស់សហរដ្ឋអាមេរិក ចាប់តាំងពីករណីជំងឺកញ្ជ្រឹលបានចាប់ផ្តើមកើនឡើងយ៉ាងគំហុកនៅទូទាំងប្រទេសក្នុងឆ្នាំ ២០២៥។ រដ្ឋ New York បានកត់ត្រាករណីឆ្លងដែលត្រូវបានបញ្ជាក់ចំនួន ១០៨ ករណីនៅឆ្នាំនេះរហូតដល់ថ្ងៃទី ៣ ខែតុលា ដោយករណីភាគច្រើនត្រូវបានរាយការណ៍នៅក្នុងសហគមន៍ជនបទ ក្នុងចំណោមប្រជាជនដែលមានអត្រាទទួលការចាក់វ៉ាក់សាំងទាប។

លោកស្រី Hochul បានឱ្យដឹងថា «បន្ទាប់ពីបានពិនិត្យមើលទិន្នន័យចុងក្រោយស្តីពីករណីជំងឺកញ្ជ្រឹលនៅក្នុងរដ្ឋញូវយ៉ក ខ្ញុំសូមប្រកាសដាក់រដ្ឋក្នុងស្ថានភាពអាសន្ននៃគ្រោះមហន្តរាយ ដើម្បីពង្រឹងកិច្ចខិតខំប្រឹងប្រែងរបស់យើងក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺនេះ។ មិនគួរមាននរណាម្នាក់ធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរ ឬបាត់បង់ជីវិតដោយសារជំងឺដែលអាចការពារបានតាមរយៈការចាក់វ៉ាក់សាំងនោះឡើយ»។
បទបញ្ជានេះនឹងមានសុពលភាពរហូតដល់ថ្ងៃទី ៤ ខែវិច្ឆិកា ដែលជាថ្ងៃបន្ទាប់ពីការបោះឆ្នោតពាក់កណ្តាលអាណត្តិ ហើយវានឹងពង្រីកវិសាលភាពដល់បុគ្គលិកសុខាភិបាលបន្ថែមទៀតក្នុងការចាក់វ៉ាក់សាំងការពារជំងឺកញ្ជ្រឹល ជំងឺស្រឡទែន និងជំងឺស្អូច (MMR) ក៏ដូចជាការធ្វើតេស្តរកជំងឺនេះ។ ឱសថការីនឹងត្រូវបានអនុញ្ញាតឱ្យចាក់វ៉ាក់សាំងដល់កុមារដែលមានអាយុចាប់ពី ២ ឆ្នាំឡើងទៅ ខណៈដែលគិលានុបដ្ឋាក ឬគិលានុបដ្ឋាយិកាដែលបានចុះបញ្ជីត្រឹមត្រូវ នឹងអាចចេញបញ្ជាឱ្យធ្វើតេស្តចំពោះករណីដែលមានការសង្ស័យថាមានផ្ទុកជំងឺនេះ។
ការប្រកាសនេះធ្វើឡើងនៅពេលដែលរដ្ឋជិតខាងគឺរដ្ឋ Pennsylvania កំពុងប្រឈមមុខនឹងការផ្ទុះឡើងនៃជំងឺកញ្ជ្រឹលលើកដំបូងនៅសហរដ្ឋអាមេរិកក្នុងរយៈពេល ៣៥ ឆ្នាំ ដែលមានករណីឆ្លងលើសពី ១,០០០ ករណី រួមទាំងអ្នកជំងឺជិត ២០០ នាក់ត្រូវសម្រាកព្យាបាលនៅមន្ទីរពេទ្យ និងមានអ្នកស្លាប់ចំនួន ៥ នាក់ដែលពាក់ព័ន្ធនឹងជំងឺនេះ។
គូសបញ្ជាក់ថា នៅទូទាំងសហរដ្ឋអាមេរិកកំពុងប្រឈមមុខនឹងការផ្ទុះឡើងវិញនៃជំងឺកញ្ជ្រឹលដ៏ធ្ងន់ធ្ងរបំផុតមិនធ្លាប់មានចាប់តាំងពីឆ្នាំ ១៩៩១ មក។ មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺ (CDC) បានកត់ត្រាករណីឆ្លងដែលត្រូវបានបញ្ជាក់ចំនួន ៣,៨៨៧ ករណី គិតត្រឹមថ្ងៃទី ១ ខែតុលា បើធៀបនឹងចំនួន ២,២៨៩ ករណីក្នុងអំឡុងពេលពេញមួយឆ្នាំ ២០២៥។
យ៉ាងណាម៉ិញ ជំងឺកញ្ជ្រឹលត្រូវបានប្រកាសជាផ្លូវការថាបានលុបបំបាត់ចេញពីប្រទេសនេះនៅឆ្នាំ ២០០០ ដែលមានន័យថា មិនមានការចម្លងជំងឺបន្តនៅក្នុងស្រុកក្នុងរយៈពេលយ៉ាងហោចណាស់ ១២ ខែឡើយ ទោះបីជានៅតែមានករណីឆ្លងដែលនាំចូលពីក្រៅប្រទេស និងការផ្ទុះឡើងនៃជំងឺក្នុងតំបន់ក៏ដោយ។
ជំងឺកញ្ជ្រឹលគឺជាជំងឺមួយក្នុងចំណោមជំងឺដែលឆ្លងខ្លាំងបំផុតនៅលើពិភពលោក ហើយវាឆ្លងតាមរយៈដំណក់ទឹកតូចៗចេញពីផ្លូវដង្ហើមដែលហោះហើរក្នុងខ្យល់។ មេរោគនេះអាចនៅតែមានលទ្ធភាពចម្លងនៅក្នុងបន្ទប់បានរហូតដល់ទៅពីរម៉ោង បន្ទាប់ពីអ្នកផ្ទុកមេរោគបានចាកចេញពីទីនោះ។
អត្រានៃការចាក់វ៉ាក់សាំងប្រហែល ៩៥% គឺចាំបាច់ដើម្បីការពារកុំឱ្យមានការផ្ទុះឡើងនៃជំងឺកញ្ជ្រឹលជាបន្តបន្ទាប់ ប៉ុន្តែអត្រានៃការចាក់វ៉ាក់សាំងបានធ្លាក់ចុះនៅក្នុងតំបន់មួយចំនួននៃសហរដ្ឋអាមេរិក និងកន្លែងផ្សេងទៀត។ អ្នកជំនាញផ្នែកសុខភាពបានចាត់ទុកនិន្នាការនេះថាបណ្តាលមកពីព័ត៌មានមិនពិតដែលបានផ្សព្វផ្សាយក្នុងអំឡុងពេលនៃការរាតត្បាតជំងឺកូវីដ-១៩ និងការតវ៉ាប្រឆាំងនឹងការតម្រូវឱ្យចាក់វ៉ាក់សាំង៕
-
កម្សាន្ត2 years ago«ទាក់ដំរី»
-
ចំណេះដឹងទូទៅ1 year agoបណ្ឌិត ធុយ ចាន់ធួន ៖ នរវិទូខ្មែរ
-
ព័ត៌មានទូទៅ2 years agoអ្នករស់នៅក្នុងសំណង់អតីតសណ្ឋាគារអង្គរមានជ័យ តម្រូវឱ្យចាកចេញជាបន្ទាន់!
-
ចំណេះដឹងទូទៅ2 years agoចាក់ «បំណិនជីវិត» ចូលទៅកុមារកុំឲ្យធុញទ្រាន់នឹងការរៀនសូត្រ
-
សង្គម និងការអប់រំ1 year agoព្រះសក្យមុនីចេតិយ !
-
ចំណេះដឹងទូទៅ2 years agoទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជា
-
កម្សាន្ត2 years agoវិចារណកថា ! « សាទរឆ្នាំថ្មី ភាពជោគជ័យ និងផលជះដល់សង្គម »
-
ចំណេះដឹងទូទៅ2 years agoទង់ព្រះពុទ្ធសាសនា


