Connect with us

ចំណេះដឹងទូទៅ

មន្ទីរពេទ្យកាល់ម៉ែត ត្រូវបានប្រកាសទទួលស្គាល់ជាអន្តរជាតិ ពីសហព័ន្ធទឹកនោមផ្អែមអន្តរជាតិ ជាលើកដំបូងគេនៅកម្ពុជា

Published

on

223 Views

(ភ្នំពេញ)៖ មន្ទីរពេទ្យកាល់ម៉ែត នាថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦នេះ បានរៀបចំពិធីអបអរសាទរ អ៊ុយនីតេជំងឺក្រពេញ និងជំងឺទឹកនោមផ្អែម នៃមន្ទីរពេទ្យកាល់ម៉ែត ដែលត្រូវបានសហព័ន្ធទឹកនោមផ្អែមអន្តរជាតិទទួលស្គាល់ផ្លូវការជា Centre d’excellence endiabetologie ទី១ នៅកម្ពុជា។


ពិធីនេះបានធ្វើឡើងក្រោមអធិបតីភាពលោកសាស្ត្រាចារ្យ គង់ សន្យា អគ្គនាយកមន្ទីរពេទ្យកាល់ម៉ែត និងមានការអញ្ជើញចូលរួមពីប្រធាននាយកមន្ទីរពេទ្យ, សាស្ត្រាចារ្យ ទីប្រឹក្សា អគ្គនាយករង មន្ទីរពេទ្យកាល់ម៉ែត, តំណាងមន្ទីរពេទ្យថ្នាក់ជាតិ និងមន្ទីរពេទ្យសម្ព័ន្ធមេត្រីភាពជាច្រើនរូបទៀត។


លោកសាស្ត្រាចារ្យអគ្គនាយកមន្ទីរពេទ្យកាល់ម៉ែត បានថ្លែងថា «ថ្ងៃនេះ ខ្ញុំក្នុងនាមមន្ទីរពេទ្យកាល់ម៉ែត និងខ្លួនខ្ញុំផ្ទាល់ ខ្ញុំពិតជាមានសេចក្តីសោមនស្សរីករាយ និងមោទនភាពយ៉ាងខ្លាំងក្រៃលែង ក្នុងការចូលរួមពិធីអបអរសាទរ នាក្នុងឱកាសដែលអ៊ុយនីតេជំងឺក្រពេញ និងជំងឺទឹកនោមផ្អែម នៃមន្ទីរពេទ្យកាល់ម៉ែត ត្រូវបានសហព័ន្ធទឹកនោមផ្អែមអន្តរជាតិទទួលស្គាល់ផ្លូវការប្រកបដោយកិត្តិយសខ្ពង់ខ្ពស់ ជា Centre d’excellence endiabetologie ទី១ នៅប្រទេសកម្ពុជា»។


កិត្តិយសនេះ គឺជាសមិទ្ធផលនៃការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ជាពិសេសក្រុមការងារផ្នែកជំងឺទឹកនោមផ្អែមនៃមន្ទីរពេទ្យកាល់ម៉ែតទាំងអស់។ សមិទ្ធផលនាថ្ងៃនេះ បានចាប់ផ្តើមជាយូរមកហើយក្រោមការដឹកនាំរបស់អតីតលោកអគ្គនាយកមន្ទីរពេទ្យ ដែលបច្ចុប្បន្នជារដ្ឋមន្ត្រីក្រសួងសុខាភិបាល ដោយលោកបានផ្តល់អាទិភាពដល់ការធ្វើនវានុវត្តន៍ដល់មន្ទីរពេទ្យកាល់ម៉ែតបានក្លាយជាមជ្ឈមណ្ឌល Insulin Pump ដំបូងគេនៅកម្ពុជា ព្រមទាំងបានបណ្តុះបណ្តាលគ្រូពេទ្យ គិលានុបដ្ឋាក និងនិស្សិត DES ឱ្យស្គាល់ និងអនុវត្តការប្រើប្រាស់បច្ចេកវិទ្យាថ្មីនេះ។


លោកសាស្ត្រាចារ្យបានថ្លែងបន្តថា បច្ចុប្បន្នមន្ទីរពេទ្យបានពង្រីកសកម្មភាពរបស់ខ្លួនរហូតទៅដល់ Continuous Glucose Monitoring (CGM ការប្រើ Dashboard System) ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការតាមដានអ្នកជំងឺ ឧបករណ៍ទំនើបជាច្រើនផ្សេងទៀត ដូចជា៖ ម៉ាស៊ីនថតបាតភ្នែក, ម៉ាស៊ីន Sudo Scan, ម៉ាស៊ីនអេកូ Doppler Vasculaire, ម៉ាស៊ីនអេកូ Thyroïde និង Cytoponction, និងចុងក្រោយ DEXA Scan សម្រាប់វាស់ឆ្អឹង និង Body Composition។ ឧបករណ៍ទាំងនេះ មិនត្រឹមតែជួយព្យាបាលអ្នកជំងឺទេ ប៉ុន្តែបានបង្កើតឱកាសស្រាវជ្រាវតាមស្តង់ដារអន្តរជាតិ។ ដោយសារតែការច្នៃប្រឌិត ការវិនិយោគ និងការងារជាក្រុមនេះ យើងបានបំពេញគ្រប់លក្ខខណ្ឌ ដើម្បីក្លាយជាមជ្ឈមណ្ឌលឯកទេសរបស់ Fédération Internationale du Diabète។


នាឱកាសនេះលោកសាស្ត្រាចារ្យអគ្គនាយក បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតដល់លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី ថ្នាក់ដឹកនាំមន្ទីរពេទ្យគ្រប់ឋានានុក្រម ជាពិសេស លោកសាស្ត្រាចារ្យជំនួយ ស៊ុ សត្ថា និងក្រុមការងារផ្នែកជំងឺទូទៅ និងទឹកនោមផ្អែមប្រចាំមន្ទីរពេទ្យកាល់ម៉ែត ដែលបានខិតខំប្រឹងប្រែងយ៉ាងសកម្ម ដើម្បីសម្រេចបាននូវលទ្ធផលនៅថ្ងៃនេះ។ កិត្តិយសនេះ គឺជាការទទួលស្គាល់រួមរបស់អ្នកជំងឺ បុគ្គលិក មន្ទីរពេទ្យ និងប្រទេសកម្ពុជាផងដែរ។
«សូមឱ្យការទទួលស្គាល់នេះ ជាកម្លាំងជំរុញឱ្យយើងបន្តអភិវឌ្ឍការថែទាំជំងឺទឹកនោមផ្អែម ការបណ្តុះបណ្តាល និងការស្រាវជ្រាវ ដើម្បីអនាគតសុខភាពប្រជាជនកម្ពុជា និងសហគមន៍អន្តរជាតិ» ។នេះការបញ្ជាក់បន្ថែមរបស់លោកសាស្ត្រាចារ្យអគ្គនាយក។
លោកសាស្ត្រាចារ្យជំនួយ ស៊ុ សត្ថា ប្រធានអ៊ុយនីតេជំងឺក្រពេញនៃជំងឺទូទៅ បានឲ្យដឹងផងដែរថា កិត្តិយសនេះ មិនមែនត្រឹមជាការទទួលស្គាល់តែប៉ុណ្ណោះទេ ប៉ុន្តែជាកេរ្តិ៍តំណែលនៃការច្នៃប្រឌិត និងការចូលរួមយ៉ាងសកម្មរបស់ក្រុមការងារ ក្រោមការចង្អុលបង្ហាញ និងគាំទ្រយ៉ាងពេញទំហឹងពី លោកសាស្ត្រាចារ្យអគ្គនាយក ថ្នាក់ដឹកនាំមន្ទីរពេទ្យ និងថ្នាក់ដឹកនាំផ្នែកដែលតែងផ្តល់អាទិភាពដល់ការនវានុវត្តន៍ប្រកបដោយស្តង់ដាខ្ពស់ ដោយមិនស្ទាក់ស្ទើរ។ ក៏មិនភ្លេចផងដែរចំពោះក្រុមការងារ ថែទាំមានសែបសាល ជំនួយការសែបសាល និងគិលានុបដ្ឋាក គិលានុបដ្ឋាយិកានៅក្នុងផ្នែកដែលជានិច្ចកាល ចូលរួមយ៉ាងសកម្មដោយឆន្ទៈមោះមុតបំផុត។
មន្ទីរពេទ្យកាល់ម៉ែត បានក្លាយជាមជ្ឈមណ្ឌល Insulin Pumpដំបូងគេនៅកម្ពុជា ព្រមទាំងបានបណ្តុះបណ្តាលធនធានមនុស្សគ្រូពេទ្យ គិលានុបដ្ឋាក និងនិស្សិត DES ឲ្យស្គាល់ និងអនុវត្តការប្រើប្រាស់ Insulin Pump។


បន្ទាប់មកក៏បានពង្រីកទៅកាន់ Continuous Glucose Monitoring (CGM) បន្តការបណ្តុះបណ្តាល និងទទួលបានDashboard System ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការតាមដានអ្នកជំងឺ។ មន្ទីរពេទ្យក៏បានវិនិយោគលើឧបករណ៍ទំនើបជាច្រើនដូចជា៖
* ម៉ាស៊ីនថតបាតភ្នែកសម្រាប់ត្រួតពិនិត្យភ្នែកអ្នកជំងឺទឹកនោមផ្អែម,
* ម៉ាស៊ីន Sudo Scan សម្រាប់វាយតម្លៃជំងឺប្រសាទ,
* ម៉ាស៊ីនអេកូ Doppler Vasculaire សម្រាប់ត្រួតពិនិត្យសរសៃឈាមនៅនឹងកន្លែង, ម៉ាស៊ីនអេកូដដែលនេះ ក៏ត្រូវបានប្រើសម្រាប់ការធ្វើ Cytoponction,
* ចុងក្រោយ DEXA Scan សម្រាប់វាស់ឆ្អឹង និង Body Composition ផងដែរ។

ឧបករណ៍ទាំងនេះ មិនត្រឹមតែជួយព្យាបាលអ្នកជំងឺទេ ប៉ុន្តែបានបង្កើតឱកាសស្រាវជ្រាវតាមស្តង់ដារអន្តរជាតិ។ដោយសារតែការច្នៃប្រឌិត ការវិនិយោគ និងការងារជាក្រុមនេះ យើងបានបំពេញគ្រប់លក្ខខណ្ឌ ដើម្បីក្លាយជាមជ្ឈមណ្ឌលឯកទេសរបស់ IDF។
ក្នុងឱកាសនេះលោកសាស្ត្រាចារ្យជំនួយ បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ជាពិសេសលោកសាស្ត្រាចារ្យអគ្គនាយក ថ្នាក់ដឹកនាំមន្ទីរពេទ្យ និងថ្នាក់ដឹកនាំផ្នែកគ្រប់ជាន់ថ្នាក់ ដែលបានជួយជ្រោមជ្រែងផ្តល់ឧបករណ៍នវានុវត្តន៍ថ្មីៗ។ កិត្តិយសនេះជាការទទួលស្គាល់រួមរបស់អ្នកជំងឺ បុគ្គលិក មន្ទីរពេទ្យ និងជាតិ ហើយសូមឲ្យការទទួលស្គាល់នេះ ជាកម្លាំងជំរុញឲ្យបន្តអភិវឌ្ឍការថែទាំជំងឺទឹកនោមផ្អែមការបណ្តុះបណ្តាល និងការស្រាវជ្រាវ ដើម្បីអនាគតសុខភាពប្រជាជនកម្ពុជា និងសហគមន៍អន្តរជាតិ៕

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

twelve + 11 =

ចំណេះដឹងទូទៅ

ចេញពី«រង្វង់ដំណោះស្រាយផ្ទាល់ខ្លួន» ប្រែក្លាយជា «ដំណោះស្រាយរួម» ដើម្បីអនាគតសង្គមជាតិ

Published

on

35 Views

ក្នុងដំណើរជីវិតរស់នៅប្រចាំថ្ងៃ ការចេះជួយខ្លួនឯង និងរៀបចំជីវិតគ្រួសារឱ្យមានសុវត្ថិភាព និងភាពសុខសាន្ត គឺជាកាតព្វកិច្ចដំបូងរបស់មនុស្សគ្រប់រូប។ ប៉ុន្តែ ប្រសិនបើមនុស្សគ្រប់គ្នាក្នុងសង្គមមួយ គិតគូរនិងដោះស្រាយបញ្ហាត្រឹមតែ«រង្វង់ផ្ទាល់ខ្លួន» ដោយមើលរំលងបញ្ហារួមជុំវិញខ្លួន នោះសង្គមជាតិទាំងមូលនឹងមិនអាចឆ្លងផុតពីវិបត្តិ និងភាពទន់ខ្សោយបានឡើយ។ ការចេះជួយអ្នកដទៃ និងការរួមចំណែកដោះស្រាយបញ្ហាសង្គម មិនត្រឹមតែជាគុណធម៌ប៉ុណ្ណោះទេ ប៉ុន្តែជាកាតព្វកិច្ចពលរដ្ឋ ជាពិសេសសម្រាប់អ្នកដែលមានតួនាទីដឹកនាំស្ថាប័នឬដឹកនាំប្រទេស។

ជារឿយៗ យើងតែងតែឃើញរូបភាពនៃ «ដំណោះស្រាយដោយឡែក» នៅក្នុងសង្គម​ដូចខាងក្រោម៖

  • ការខិតខំដាំបន្លែ ផ្លែឈើ…សម្រាប់ហូបខ្លួនឯង នៅតាមចម្ការផ្ទាល់ខ្លួនឬជុំវិញផ្ទះ ដើម្បីគេចចេញពីបន្លែ ផ្លែឈើ ដែលមានគីមីលើសកម្រិតសុវត្ថិភាពនៅលើទីផ្សារ។
  • ការខិតខំសន្សំទ្រព្យសម្បត្តិដើម្បីបញ្ជូនកូនទៅរៀននៅបរទេស ដោយសារតែការយល់ឃើញថាគុណភាពនៃ​ប្រព័ន្ធអប់រំក្នុងស្រុកនៅមានកម្រិត។
  • ការសម្រេចចិត្តស្វែងរកសេវាព្យាបាលជំងឺនៅមន្ទីរពេទ្យក្រៅប្រទេស ដោយសារខ្វះទំនុកចិត្តលើគុណភាពរបស់គ្រូពេទ្យ សីលធម៌វិជ្ជាជីវៈ ថ្នាំពេទ្យ និងឧបករណ៍វេជ្ជសាស្ត្រក្នុងស្រុក។
  • ឬរហូតដល់ការចាកចេញទៅរស់នៅបរទេស ដើម្បីគេចចេញពីប្រព័ន្ធគ្រប់គ្រង និងការដឹកនាំដែលនៅមានចន្លោះប្រហោង ជាដើម។

​ទង្វើនិងជម្រើសទាំងនេះ ពិតជាមិនអាចបន្ទោសបានឡើយ ពីព្រោះវាជាសភាវគតិនៃការការពារខ្លួននិងគ្រួសារ។ ប៉ុន្តែ តើវាជាដំណោះស្រាយប្រកបដោយចីរភាពសម្រាប់សង្គមទាំងមូលដែរឬទេ?

​ចម្លើយ គឺ«មិនមែនទេ»! ការរត់គេចវេះពីបញ្ហាឬការបង្កើត«កោះសុវត្ថិភាពតូចមួយ» សម្រាប់តែខ្លួនឯង មិនបានធ្វើឱ្យបន្លែ ផ្លែឈើដែលមានជាតិគីមីនៅលើទីផ្សារបាត់បង់ មិនបានធ្វើឱ្យសាលារៀនក្នុងស្រុកមានគុណភាពប្រសើរឡើង មិនបានធ្វើឱ្យមន្ទីរពេទ្យក្នុងស្រុកអភិវឌ្ឍប្រសើរជាងមុន ហើយក៏មិនបានធ្វើឱ្យប្រព័ន្ធគ្រប់គ្រងសង្គមមានភាពប្រពៃជាងមុនដែរ។ ប្រជាពលរដ្ឋភាគច្រើនដែលគ្មានធនធាន និងគ្មានលទ្ធភាព នឹងនៅតែបន្តរងគ្រោះពីបញ្ហាឫសគល់ទាំងនោះដដែល។

ចូរអ្នកផ្លាស់ប្តូរការគិត ចេញពី«អត្មានិយម» ទៅ «ការគិតអំពីសង្គមទាំងមូល»

​ដើម្បីកសាងសង្គមមួយដែលមានរឹងមាំ និងមានសមធម៌ យើងចាំបាច់ត្រូវផ្លាស់ប្តូរ​ការគិតពី «ការដោះស្រាយបញ្ហាដោយឡែក» មកជា «ការដោះស្រាយបញ្ហារួម» និងពី «ផលប្រយោជន៍បុគ្គល» ទៅ «ផលប្រយោជន៍រួម»៖

១.ចំពោះពលរដ្ឋទូទៅ៖ ជំនួសឱ្យការដាំបន្លែ ផ្លែឈើសម្រាប់ហូបតែខ្លួនឯង យើងអាចរួមគ្នាសហការបង្កើតជាសហគមន៍កសិកម្មសុវត្ថិភាព ទាមទារ និងជួយជំរុញឱ្យមានការត្រួតពិនិត្យគុណភាពចំណីអាហារនៅលើទីផ្សារ។ ជំនួសឱ្យការបោះបង់សាលារៀន ឬមន្ទីរពេទ្យក្នុងស្រុក យើងអាចចូលរួមជាមតិ គាំទ្រ និងជំរុញឱ្យមានការកែទម្រង់ និងលើកកម្ពស់គុណភាពសេវាសាធារណៈទាំងនេះឱ្យកាន់តែល្អជាងមុន។

២.ចំពោះមេដឹកនាំ និងអ្នកគ្រប់គ្រង៖ ភារកិច្ចរបស់អ្នកមិនត្រឹមតែជាការការពារផលប្រយោជន៍ផ្ទាល់ខ្លួន គ្រួសារ ឬស្ថាប័នតូចមួយនោះទេ។ មេដឹកនាំពិតប្រាកដ គឺជាអ្នកដែលហ៊ានប្រឈមមុខនឹងបញ្ហារួម បង្កើតប្រព័ន្ធការងារដែលមានយុត្តិធម៌ លើកស្ទួយសមត្ថភាព និងជីវភាពរបស់អ្នកក្រោមបង្គាប់ និងប្រជាពលរដ្ឋទូទៅ ព្រមទាំងប្រកាន់ខ្ជាប់នូវអភិបាលកិច្ចល្អ។ ការដឹកនាំដែលមានទស្សនវិស័យ គឺការបន្សល់ទុកនូវប្រព័ន្ធការងារ និងស្ថាប័នរឹងមាំសម្រាប់អ្នកជំនាន់ក្រោយ មិនមែនជាការស្វែងរកច្រកចេញស្ងាត់ៗសម្រាប់តែក្រុមគ្រួសារខ្លួននោះឡើយ។

៣.ការបង្កើតផលប៉ះពាល់ជាវិជ្ជមាន៖ នៅពេលដែលយើងម្នាក់ៗ ឬមេដឹកនាំម្នាក់ៗអាច​ ដោះស្រាយបញ្ហារួមបាន នោះមនុស្សរាប់រយ រាប់ពាន់ ឬរាប់លាននាក់នឹងទទួលបានផលប្រយោជន៍ពីវា។ សុខភាពសាធារណៈនឹងបានល្អប្រសើរ គុណភាពអប់រំនឹងបានខ្ពស់ជាងមុន ហើយសេដ្ឋកិច្ចជាតិទាំងមូលនឹងមានលំនឹង។

សង្គមជាតិមួយមិនអាចរីកចម្រើនទៅមុខបានឡើយ ប្រសិនបើពលរដ្ឋនិងមេដឹកនាំប្រកួតប្រជែងគ្នាតែលើការ«រត់គេច»ពីបញ្ហាផ្ទាល់ខ្លួន។ សេចក្តីសុខនិងសុវត្ថិភាពដែលកើតចេញពីការដោះស្រាយបញ្ហាដោយឡែក គឺជាសេចក្តីសុខបណ្តោះអាសន្ន និងប្រឈមមុខនឹងហានិភ័យជានិច្ច ពីព្រោះយើងមិនអាចរស់នៅដោយផ្ដាច់ខ្លួនពីសង្គមបានឡើយ។

​ការចេះជួយខ្លួនឯង គឺជា «ចំណុចចាប់ផ្តើម» ប៉ុន្តែការចេះជួយអ្នកដទៃ ការស្វែងរកដំណោះស្រាយរួម និងការតម្កល់ផលប្រយោជន៍ជាតិជាធំ គឺជា «គោលដៅចុងក្រោយ» នៃមនុស្សជាតិ។ មានតែការរួមគំនិត ស្មារតី និងការទទួលខុសត្រូវរួមគ្នាប៉ុណ្ណោះទេ​ ទើបយើងអាចកសាងសង្គមមួយដែលគ្រួសារនិងបុគ្គលគ្រប់រូប មិនថាតូចឬធំ មានឬក្រ អាចរស់នៅដោយមានសុវត្ថិភាព មានកិត្តិយស និងមានអនាគតភ្លឺស្វាងនៅលើទឹកដីកំណើតរបស់ខ្លួន៕

បណ្ឌិត ឈត ប៊ុនថង អ្នកជំនាញទស្សនវិជ្ជា និងសមាជិកបម្រុងនៃ​រាជ​បណ្ឌិត្យសភាកម្ពុជា

Continue Reading

ចំណេះដឹងទូទៅ

ការយល់ខុសគ្នាអំពីការបោះបាយបិណ្ឌ គួរតែជាភាពចម្រុះពណ៌នៃ​សមរភូមិគំនិត មិនគួរក្លាយជាចលករនៃការបំបែកបំបាក់សាមគ្គីភាពនោះទេ

Published

on

55 Views

ការជជែកដេញដោលអំពី «ពិធីបោះបាយបិណ្ឌ» នៅក្នុងឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ បានក្លាយជាប្រធានបទក្តៅគគុកមួយនៅក្នុងសង្គមខ្មែរនាពេលថ្មីៗនេះ។ ការខ្វែងគំនិតគ្នារវាងព្រះសង្ឃអ្នកជឿនលឿនដែលប្រកាន់យកហេតុផលតាមធម៌វិន័យ និងព្រះសង្ឃ/ពុទ្ធបរិស័ទដែលប្រកាន់យកប្រពៃណីជំនឿដោយឥតសង្ស័យ បានបង្កើតជាសំណួរដ៏សំខាន់មួយថា៖ តើយើងគួរយល់ឃើញ និងសម្របសម្រួលបែបណា ដើម្បីកុំឱ្យជំនឿ និងហេតុផល ក្លាយជាដើមហេតុនៃភាពបែកបាក់សាមគ្គីភាពក្នុងសង្គម?

ប្រសិនបើពិចារណាទៅលើ ហេតុផលតាមផ្លូវធម៌ ព្រះពុទ្ធសាសនាបានបង្រៀនយ៉ាងច្បាស់អំពីគោលការណ៍ហេតុនិងផល ជាពិសេសតាមរយៈ «កាលាមសូត្រ»។ ផ្អែកលើព្រះត្រៃបិដក ព្រះថេរានុត្ថេរៈជាច្រើនអង្គ ដូចជា ព្រះរាជគុណ ហាក់ សៀងហៃ និងសម្តេចព្រះព្រហ្មរតនមុនី ពិន សែម ជាដើម បានបំភ្លឺថា ការធ្វើទានដែលទទួលបានផលដល់អ្នកចែកឋាន ឬប្រេត ទាមទារឱ្យមាន «បដិគ្គាហក» គឺអ្នកទទួលទានដែលមានសីល (ព្រះសង្ឃ) ព្រមទាំងការវេរប្រគេន និងការ «អនុមោទនា» ត្រេកអរពីសំណាក់ពួកប្រេតទាំងនោះ។ ផ្ទុយទៅវិញ ការយកបាយទៅបោះនៅលើដី ឬជុំវិញព្រះវិហារ មិនមានចែងក្នុងព្រះត្រៃបិដកថាជាវិធីបញ្ជូនអាហារទៅដល់ប្រេតឡើយ ហើយថែមទាំងអាចបង្កជាបញ្ហាខ្វះអនាម័យក្នុងវត្តអារាមទៀតផង ដោយសារសកម្មភាពនេះជានិមិត្តរូបនៃជំនឿប្រជាប្រិយ ឬព្រលឹងនិយមដែលបូកបញ្ចូលជាមួយពុទ្ធសាសនាប៉ុណ្ណោះ។ ការចេញមកបំភ្លឺរបស់ព្រះសង្ឃ មិនមែនជាការប្រមាថមើលងាយជំនឿអ្នកស្រុកឡើយ ប៉ុន្តែគឺជា «កាតព្វកិច្ចសង្ឃ» ក្នុងការបញ្ជ្រាបបញ្ញានិងសច្ចភាពដល់ពុទ្ធសាសនិក ដើម្បីឱ្យការធ្វើបុណ្យទទួលបានផលផ្លែផ្កាត្រឹមត្រូវតាមផ្លូវធម៌។

ទន្ទឹមនឹងទស្សនៈតាមផ្លូវធម៌នេះដែរ ជំនឿ និងប្រពៃណី ក៏មានតម្លៃយ៉ាងជ្រាលជ្រៅក្នុងការធ្វើជាស្ពានភ្ជាប់ចិត្តមនុស្ស។ សម្រាប់ប្រជាពលរដ្ឋសាមញ្ញ ពិធីបោះបាយបិណ្ឌនាវេលាម៉ោង៤ព្រឹក បានក្លាយជាទម្លាប់និងវប្បធម៌នៃកតញ្ញុតា ដែលការបានធ្វើសកម្មភាពនេះផ្ទាល់ដៃ ផ្តល់នូវអារម្មណ៍ជ្រះថ្លា ធូរស្រាលក្នុងចិត្ត និងមានអារម្មណ៍ថាបានបំពេញភារកិច្ចជូនដូនតា។ ម៉្យាងទៀត នៅក្នុងពិភពនៃជំនឿអរូបី និងព្រលឹង សាសនានានាក្នុងលោកសុទ្ធតែមានធាតុផ្សំដែលវិទ្យាសាស្ត្រមិនទាន់អាចយកទៅពិសោធឃើញជាក់ស្តែង បាន១០០% នៅឡើយ ប៉ុន្តែ «ជំនឿ» ទាំងនេះនៅតែជាបង្អែកផ្លូវចិត្តដ៏សំខាន់របស់មនុស្សជាតិដែលមានជំនឿក្នុងការរស់នៅពួកគេ។

​ដើម្បីកុំឱ្យទស្សនៈខុសគ្នានេះក្លាយជាជម្លោះសាសនាឬបំបែកបាក់សាមគ្គីភាពសង្គម យើងគួរសម្លឹងមើលបញ្ហានេះតាមរយៈគោលការណ៍ «យោគយល់និងពិចារណា» ដោយឈរលើមុំ៣យ៉ាង គឺ បញ្ញានាំផ្លូវ (ការរៀនសូត្រអំពីធម៌អាថ៌តាមបែបហេតុផល) ការគោរពសិទ្ធិភាគី (ការយល់ថាជំនឿជាសិទ្ធិផ្ទាល់ខ្លួននិងមិនបង្ខិតបង្ខំ) និងស្មារតីរួបរួម (ការមិនយកត្រូវ-ខុសមកបំបែកបាក់បងប្អូន)។

ការអនុវត្តជាក់ស្តែងដែលប្រកបដោយភាពទន់ភ្លន់និងបត់បែន គឺដំបូងឡើយ យើងត្រូវទុកឱ្យ «បញ្ញា» និង «ជំនឿ» ដើរទន្ទឹមគ្នាដោយមិនបំបាក់គ្នា។ អ្នកដែលយល់ដឹងពីហេតុផលតាមផ្លូវធម៌ មិនគួរមើលងាយឬសើចចំអកឱ្យអ្នកដែលនៅតែបោះបាយបិណ្ឌឡើយ ហើយអ្នកដែលបន្តអនុវត្តប្រពៃណីនេះ ក៏មិនគួរខឹងសម្បារឬចោទប្រកាន់ព្រះសង្ឃដែលបំភ្លឺតាមធម៌វិន័យដែរ ពីព្រោះព្រះសង្ឃបំភ្លឺដើម្បី«ពង្រីកបញ្ញា» រីឯប្រជាជនធ្វើគឺដើម្បី «សេចក្តីសុខខាងផ្លូវចិត្តតាមជំនឿផ្ទាល់ខ្លួន»។ លើសពីនេះទៅទៀត យើងគួរប្រកាន់យកគោលការណ៍ «អ្នកជឿធ្វើ-អ្នកមិនជឿកុំរារាំង»។ ចំពោះអ្នកដែលជ្រះថ្លានឹងការបោះបាយបិណ្ឌ អាចបន្តធ្វើបាន ប៉ុន្តែគួរបន្ថែមការប្រុងប្រយ័ត្នលើអនាម័យ ដោយបោះក្នុងកន្លែងដែលវត្តរៀបចំជូន ដូចជាបោះលើកន្ទេល ចង្អែ ឬកញ្ជើ ដែលអាចប្រមូលដុំបាយទាំងនោះមកច្នៃធ្វើជាបាយក្តាំង បាយក្រៀម ឬចំណីសត្វ ហើយកុំភ្លេចធ្វើទានធំ គឺការរាប់បាត និងប្រគេនភត្តាហារដល់ព្រះសង្ឃដែលជាខ្លឹមសារដើម។ ចំណែកអ្នកដែលមិនជឿលើការបោះបាយបិណ្ឌ ក៏អាចរំលងពិធីនេះ ហើយចូលរួមតែពិធីរាប់បាត វេរភត្តាហារ និងស្តាប់ធម៌ទេសនាដោយចិត្តស្ងប់បានដែរ។

ជាទីបញ្ចប់ យើងត្រូវរំលឹកខ្លួនឯងថា ខ្លឹមសារពិតនៃបុណ្យភ្ជុំបិណ្ឌមិនមែនស្ថិតនៅលើតែ «គ្រាប់បាយបិណ្ឌដែលបោះចោលលើដី»នោះទេ ប៉ុន្តែ វាស្ថិតនៅលើកតញ្ញុតាធម៌ចំពោះដូនតា សាមគ្គីភាពក្នុងគ្រួសារនិងសង្គម និងការចែករំលែកទានដល់អ្នកខ្វះខាត។ សង្គមខ្មែរនឹងមានសន្តិភាពនិងសុខដុមរមនា លុះត្រាតែយើងចេះ «គោរពភាពខុសគ្នា»។ ជំនឿខ្លះសមហេតុផល ជំនឿខ្លះគ្រាន់តែជាការលួងចិត្ត ប៉ុន្តែឱ្យតែជំនឿនោះមិនបង្កគ្រោះថ្នាក់ មិនរំលោភសិទ្ធិអ្នកដទៃ និងមិនបំបែកបាក់សង្គម យើងអាចទុកឱ្យវាមានវត្តមានទន្ទឹមគ្នាតាមកាលទេសៈបាន។ ការរៀនរស់នៅជាមួយគ្នាដោយបញ្ញានិងមេត្តាធម៌ គឺជាបេះដូងពិតប្រាកដនៃពុទ្ធសាសនិកកម្ពុជា៕

ដោយ បណ្ឌិត ឈត ប៊ុនថង អ្នកជំនាញទស្សនវិជ្ជា និងសមាជិកបម្រុង​នៃរាជបណ្ឌិត្យ​សភាកម្ពុជា

Continue Reading

ចំណេះដឹងទូទៅ

ទីក្រុងភ្នំពេញ ប្រកាសការប្តេជ្ញាចិត្តចំនួន ១១ ចំណុច ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការប្រយុទ្ធ ប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងសកម្មភាពឧក្រិដ្ឋកម្មឆ្លងដែនពាក់ព័ន្ធ

Published

on

99 Views

សន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ICCOS-2026) បានបិទបញ្ចប់ នៅរាជធានីភ្នំពេញ នាថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦ ដោយបានអនុម័ត «សេចក្តីប្រកាសទីក្រុងភ្នំពេញ” ដោយបង្កើតឱ្យមាននូវការប្តេជ្ញាចិត្តចំនួន ១១ ចំណុច ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការប្រយុទ្ធ ប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងសកម្មភាពឧក្រិដ្ឋកម្មឆ្លងដែនពាក់ព័ន្ធ។

បើតាមសេចក្ដីប្រកាសព័ត៌មានរបស់ទីស្ដីការគណៈរដ្ឋមន្ត្រី បានសរសេរលម្អិតទាំង១១នោះថា «សន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា បានបញ្ចប់ដោយជោគជ័យ ជាផ្លែផ្កា ដោយបានអនុម័ត សេចក្តីប្រកាសទីក្រុងភ្នំពេញ ដែលអំពាវនាវឱ្យមានការឆ្លើយតបថ្នាក់ជាតិ តំបន់ និង សាកលលោក ដើម្បី៖ (១)ពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ (២) កាត់ផ្តាច់ច្រវាក់ឧក្រិដ្ឋកម្ម (៣)រារាំង និង ប្រមូលត្រឡប់មកវិញនូវផលនៃបទល្មើស (៤) ទាញយកប្រយោជន៍ពីនវានុវត្តន៍បច្ចេកវិទ្យា (៥)ពង្រឹងក្របខ័ណ្ឌ គោលនយោបាយ ច្បាប់ និងបទប្បញ្ញត្តិ (៦)កសាងសមត្ថភាព និងភាពធន់ (៧) ពង្រឹងភាពជាដៃគូរវាងរដ្ឋ និង ឯកជន (៨) គាំទ្រការការពារជនរងគ្រោះដោយការជួញដូរមនុស្ស និងជនងាយរងគ្រោះ (៩) អនុវត្តគោលការណ៍ មិនផ្តន្ទាទោសចំពោះជនរងគ្រោះ (១០) ទប់ស្កាត់ការឆបោក និងការជួញដូរមនុស្ស និង (១១) លុបបំបាត់ទីតាំង ឆបោកធំៗ និងហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធ។”។

កម្ពុជាបានបញ្ជាក់ជាថ្មីអំពីការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការធ្វើការជាមួយដៃគូអន្តរជាតិ ដើម្បីប្រែក្លាយ ការប្តេជ្ញាចិត្តទាំងនេះឱ្យទៅជាសកម្មភាពប្រកបដោយចីរភាព និងវិធានការដែលមានប្រសិទ្ធភាព សម្រាប់ ការការពារជនរងគ្រោះ ព្រមទាំងទប់ស្កាត់បណ្តាញឆបោកមិនឱ្យកើតមានឡើងវិញ៕

Continue Reading
Advertisement
Advertisement

ពេញនិយម