អន្តរជាតិ
ជប៉ុន សន្យាជួយវៀតណាមផ្គត់ផ្គង់ប្រេងឆៅ ស្របពេលវិបត្តិភូមិសាស្ត្រនយោបាយកាន់តែអាក្រក់ឡើង
(ក្រុងហាណូយ)៖ នាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Sanae Takaichi បានសន្យាថា នឹងពង្រឹងទំនាក់ទំនងជាមួយវៀតណាម ដោយបានគូសបញ្ជាក់ពីថាមពល រ៉ែសំខាន់ៗ ពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ បញ្ញាសិប្បនិម្មិត ឧបករណ៍អេឡិចត្រូនិក និងលំហ ក្នុងកិច្ចពិភាក្សាជាមួយនាយករដ្ឋមន្ត្រីវៀតណាម លោក Le Minh Hung ។
យោងតាមរបាយការណ៍របស់រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី២ឧសភាបានឱ្យដឹងថា «ភាគីទាំងពីរបានកំណត់សន្តិសុខសេដ្ឋកិច្ចជាវិស័យអាទិភាពថ្មីសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី។ ខណៈវៀតណាមបានសុំជំនួយពីជប៉ុន និងប្រទេសដទៃទៀតសម្រាប់ការផ្គត់ផ្គង់ប្រេង ស្របពេលជម្លោះនៅមជ្ឈិមបូព៌ាជំរុញឱ្យតម្លៃកើនឡើង និងរំខានដល់ខ្សែសង្វាក់ផ្គត់ផ្គង់។
ជាមួយគ្នានេះ នាយករដ្ឋមន្រ្តីជប៉ុនថា «ដើម្បីធានាបាននូវការផ្គត់ផ្គង់ផលិតផលប្រេងឥន្ធនៈដែលមានស្ថេរភាព ដែលមានសារៈសំខាន់ចំពោះសកម្មភាពសេដ្ឋកិច្ច ជប៉ុន និងអាស៊ានត្រូវតែពង្រឹងខ្សែសង្វាក់ផ្គត់ផ្គង់ក្នុងតំបន់រួមគ្នា»។
មេដឹកនាំរូបនេះ ក៏បានបង្ហើបដែរថា ជប៉ុននឹងជួយក្នុងការរៀបចំការផ្គត់ផ្គង់ប្រេងឆៅសម្រាប់រោងចក្រចម្រាញ់ប្រេង និងប្រេងឥន្ធនៈ Nghi Son របស់វៀតណាម ដែលមានតម្លៃ ១០ពាន់លានដុល្លារ៕