អន្តរជាតិ
ថៃ ប្រកាសអាសន្នព្យុះនិងផ្សែងពុល ខណៈសីតុណ្ហភាពនឹងកើនលើស ៤២ °C ពាសពេញផ្ទៃប្រទេស
(ក្រុងបាំងកក)៖ ប្រទេសថៃបានចេញការព្រមានអំពីខ្យល់ព្យុះ ផ្សែងពុលនិងរលកកម្តៅ ខណៈសីតុណ្ហភាព នឹងហក់ឡើងដល់លើស ៤២ °C ដល់បុណ្យចូលឆ្នាំថ្មីរបស់ខ្លួន។
នាយកដ្ឋានឧតុនិយមរបស់ថៃ បានចេញការព្រមាននៅថ្ងៃទី៦ខែមេសានេះថា អាកាសធាតុពេលថ្ងៃ នឹងឈានដល់លើស៤២°Cទៅទៀតដែលគ្របដណ្តប់លើពាសពេញផ្ទៃប្រទេស ហើយនៅតំបន់ខ្លះក៏ត្រូវគ្របដណ្តប់ដោយផ្សែងពុលថែមទៀត។
នាយកដ្ឋានថៃ បានបន្ថែមថា វាក៏អាចមានលាយឡំជាមួយបាតុភូតផ្គររន្ទះ និងខ្យល់កន្ត្រាក់នៅតំបន់ខ្លះផងដែរ ខណៈភាគខាងជើង ឦសាននិងកណ្តាល នឹងរងគ្រោះខ្លាំងជាងគេ។
ជាមួយគ្នានេះ ក្រសួងសេដ្ឋកិច្ច និងសង្គមឌីជីថល (DES)ថៃ បានចេញសេចក្តីព្រមានយ៉ាងអាសន្នមួយដែរថា សន្ទស្សន៍កម្ដៅ (Heat Index) អាចនឹងហក់ឡើងខ្ពស់រហូតដល់៦០អង្សាសេឯណោះនាដើមខែមេសា។
ស្ថានភាពក្ដៅហួតហែងខ្លាំងបែបនេះ គឺជាហានិភ័យខ្ពស់បំផុតសម្រាប់ក្រុមមនុស្សងាយរងគ្រោះ រួមមាន មនុស្សចាស់ កុមារ ស្រ្តីមានផ្ទៃពោះ និងអ្នកដែលមានជំងឺប្រចាំកាយ ជាពិសេសអ្នកលេបថ្នាំបញ្ចុះសម្ពាធឈាម ឬថ្នាំបញ្ចុះទឹកនោម ដែលធ្វើឲ្យរាងកាយពិបាកគ្រប់គ្រងសីតុណ្ហភាព៕


អន្តរជាតិ
ប្រធានាធិបតីបារាំងសរសេរជាភាសាខ្មែរ អរគុណនាយករដ្ឋមន្ត្រីកម្ពុជា និងបញ្ជាក់ពីទំនាក់ទំនងកាន់តែរឹងមាំជាមួយកម្ពុជា
ប្រធានាធិបតីបារាំងលោក អេម៉ានុអែល ម៉ាក្រុង (Emmanuel Macron) បានសរសេរលើបណ្ដាញសង្គម X របស់លោកថ្លែងអំណរគុណនាយករដ្ឋមន្ត្រីកម្ពុជាជាភាសាខ្មែរ និងបានបញ្ជាក់ពីចំណងទំនាក់ទំនងដែលកាន់តែរឹងមាំរវាងបារាំង និងកម្ពុជា។
តាមសំណេររបស់លោកជាភាសាខ្មែរបានឱ្យដឹងថា «សូមអរគុណលោកនាយករដ្ឋមន្ត្រីកម្ពុជា ហ៊ុន ម៉ាណែត សម្រាប់ការចូលរួមក្នុងកិច្ចប្រជុំកំពូល One Health កាលពីម្សិលមិញនៅទីក្រុងល្យុង និងសម្រាប់ការពិភាក្សារបស់យើងនៅថ្ងៃនេះនៅទីក្រុងប៉ារីស។ រវាងកម្ពុជា និងបារាំង ប្រវត្តិសាស្ត្ររបស់យើងមានជម្រៅយ៉ាងខ្លាំង ហើយកាន់តែរឹងមាំឡើងនៅក្នុងវិស័យថាមពល សុខាភិបាល និងបេតិកភណ្ឌ»។
ប្រធានាធិបតីបារាំង បានបញ្ជាក់ថាលោកនឹងធ្វើដំណើរមកកម្ពុជាក្នុងខែវិច្ឆិកា ឆ្នាំ២០២៦ខាងមុខនេះ ដែលជាឱកាសបន្ថែមមួយទៀត ដើម្បីពង្រឹងទំនាក់ទំនងដែលភ្ជាប់ កម្ពុជា-បារាំង ឱ្យកាន់តែខ្លាំងឡើង។
គួរជម្រាបដែរថា នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទៅចូលរួមកិច្ចប្រជុំកំពូលស្ដីពីសុខភាពតែមួយ (One Health Summit) នៅទីក្រុងលីយ៉ុង និងទស្សនកិច្ចការងារ នៅទីក្រុងប៉ារីសប្រទេសបារាំងចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៩ ខែមេសា ឆ្នាំ២០២០៦នេះ។
កម្ពុជាគឺជារដ្ឋសមាជិកនៃក្រុមប្រទេសនិយាយភាសាបារាំង អង្គការអន្តរជាតិហ្វ្រង់កូហ្វូនី (OIF)នឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំនៅចុងឆ្នាំ២០២៦នេះ៕





អន្តរជាតិ
ត្រឹម១ថ្ងៃ! អ៊ីស្រាអែល វាយប្រហារជាង១០០លើក ផ្តាច់ជីវិតមនុស្សជិត ៣០០នាក់ និងជាង ១០០០នាក់រងរបួសនៅលីបង់
ទោះអាម៉េរិកនិងអ៊ីរ៉ង់ ព្រមព្រៀងគ្នាឈប់បាញ់មែន ប៉ុន្តែអ៊ីស្រាអែលបើងាកទៅវាយប្រហារប្រទេសលីបង់។ ត្រឹមមួយថ្ងៃប៉ុណ្ណោះ លោក នេតានយ៉ាហ៊ូ បានទម្លាក់គ្រាប់បែកសម្លាប់ជនជាតិលីបង់ ២៥៤នាក់ និង ១ ១៦៥នាក់ រងរបួសមិនញញើតដៃឡើយ។
យោងតាមសារអង្គភាព Al Jazeera បានចុះផ្សាយកាលពីថ្ងៃទី៨ខែមេសានេះថា កងទ័ពអ៊ីស្រាអែល បានបើកការវាយប្រហារទ្រង់ទ្រាយធំបណ្តាក់គ្នាជាង១០០លើក នៅទូទាំងប្រទេសលីបង់ ជាពិសេសទម្លាក់គ្រាប់បែកលើតំបន់ពាណិជ្ជកម្ម និងកន្លែងមានប្រជាជនរស់នៅកកកុញកណ្តាលទីក្រុង បេរូត។
កាវាយប្រហារនេះ រដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ីស្រាអែល Israel Katz និយាយថា គឺគ្រាន់តែកំណត់គោលដៅលើក្រុម ហេសបូឡា តែប៉ុណ្ណោះ ប៉ុន្តែមិនលើកឡើងពីការបាត់បង់ជីវិតជនស៊ីវិលរាប់រយនាក់ ដែលមិនពាក់ព័ន្ធសង្គ្រាមឡើយ។
លោកបានបញ្ជាក់ថា «កងទ័ពអ៊ីស្រាអែល បានបើកការវាយប្រហារដ៏គួរឲ្យភ្ញាក់ផ្អើលមួយលើភេរវករហេសបូឡារាប់រយនាក់ នៅតាមមជ្ឈមណ្ឌលបញ្ជាការនានាទូទាំងប្រទេសលីបង់។ នេះគឺជាការវាយប្រហារប្រមូលផ្តុំដ៏ធំបំផុត ដែលក្រុមហេសបូឡាបានរងគ្រោះ ចាប់តាំងពីប្រតិបត្តិការ Beepers»។
សូមជម្រាបថា នេះគឺជាការវាយប្រហារបណ្តាក់គ្នាទ្រង់ទ្រាយធំបំផុតរបស់កងទ័ពអ៊ីស្រាអែលនៅទូទាំងប្រទេសលីបង់ ចាប់តាំងពីខ្លួនបើកប្រតិបត្តិការយោធាថ្មីនៅក្នុងប្រទេសមួយនេះ កាលពីថ្ងៃទី២ខែមីនា៕




អន្តរជាតិ
កម្តៅនៅវៀតណាមឡើងដល់ ៤២ អង្សាសេ
(វៀតណាម)៖ ប្រទេសវៀតណាមបានឈានចូលដល់ថ្ងៃទីពីរនៃរលកកម្តៅដ៏ខ្លាំងក្លាកាលពីថ្ងៃម្សិលមិញ ដោយសីតុណ្ហភាពនៅតាមបណ្តាខេត្តភាគខាងជើង និងភាគកណ្តាលបានកើនឡើងចន្លោះពី ១ ទៅ ២ អង្សាសេបន្ថែមទៀត បើធៀបនឹងថ្ងៃទី៦ ដែលធ្វើឱ្យតំបន់ជាច្រើនមានកម្តៅហក់ឡើងលើសពី ៤០ អង្សាសេ។
យោងតាមសេចក្ដីរាយការណ៍របស់កាសែត VN Express ខេត្ត Nghe An បានក្លាយជាចំណុចកណ្តាលនៃកម្តៅខ្លាំងបំផុតដោយកន្លែងខ្លះឡើងដល់ ៤២ អង្សាសេ ខណៈដែលទីក្រុងហាណូយមានសីតុណ្ហភាពខ្ពស់បំផុតប្រចាំឆ្នាំចន្លោះពី ៣៣ ទៅ ៣៦ អង្សាសេ ប៉ុន្តែដោយសារឥទ្ធិពលកម្តៅក្នុងទីក្រុង Urban heat island effect កម្រិតកម្តៅដែលមនុស្សមានអារម្មណ៍ជាក់ស្តែងអាចនឹងក្តៅជាងពី ២ ទៅ ៤ អង្សាសេ។
មជ្ឈមណ្ឌលជាតិព្យាករណ៍ជលសាស្ត្រ និងឧតុនិយមវៀតណាមវាយតម្លៃថា ស្ថានភាពនេះបណ្តាលមកពីតំបន់សម្ពាធទាបកម្តៅភាគខាងលិច រួមផ្សំជាមួយឥទ្ធិពលខ្យល់ជំនោរក្តៅស្ងួត (Foehn winds)។ រលកកម្តៅនៅភាគខាងជើងត្រូវបានគេរំពឹងថានឹងអូសបន្លាយរហូតដល់ថ្ងៃទី ១២ ខែមេសា ចំណែកតំបន់កណ្តាល និងភាគខាងត្បូងអាចបន្តក្តៅរហូតដល់ពាក់កណ្តាលខែ ឬចុងខែមេសា។
អាជ្ញាធរវៀតណាមបានចេញសេចក្តីណែនាំឱ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រោះអគ្គិភ័យ ដោយសារការប្រើប្រាស់អគ្គិសនីកើនឡើង និងហានិភ័យនៃបញ្ហាសុខភាពដូចជាការខ្សោះជាតិទឹកក្នុងរាងកាយជាដើម៕



-
កម្សាន្ត1 year ago«ទាក់ដំរី»
-
ចំណេះដឹងទូទៅ1 year agoចាក់ «បំណិនជីវិត» ចូលទៅកុមារកុំឲ្យធុញទ្រាន់នឹងការរៀនសូត្រ
-
ព័ត៌មានទូទៅ1 year agoអ្នករស់នៅក្នុងសំណង់អតីតសណ្ឋាគារអង្គរមានជ័យ តម្រូវឱ្យចាកចេញជាបន្ទាន់!
-
កម្សាន្ត12 months agoវិចារណកថា ! « សាទរឆ្នាំថ្មី ភាពជោគជ័យ និងផលជះដល់សង្គម »
-
សង្គម និងការអប់រំ11 months agoព្រះសក្យមុនីចេតិយ !
-
កម្សាន្ត1 year agoប្រវត្តិ និងការហាត់រៀនរបាំក្ងោកសិល្ប៏ នៅសាលាមធ្យមវិចិត្រសិល្បះ
-
ចំណេះដឹងទូទៅ1 year agoទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជា
-
ចំណេះដឹងទូទៅ10 months agoបណ្ឌិត ធុយ ចាន់ធួន ៖ នរវិទូខ្មែរ


