អន្តរជាតិ
ថៃ ប្រកាសអាសន្នព្យុះនិងផ្សែងពុល ខណៈសីតុណ្ហភាពនឹងកើនលើស ៤២ °C ពាសពេញផ្ទៃប្រទេស
(ក្រុងបាំងកក)៖ ប្រទេសថៃបានចេញការព្រមានអំពីខ្យល់ព្យុះ ផ្សែងពុលនិងរលកកម្តៅ ខណៈសីតុណ្ហភាព នឹងហក់ឡើងដល់លើស ៤២ °C ដល់បុណ្យចូលឆ្នាំថ្មីរបស់ខ្លួន។
នាយកដ្ឋានឧតុនិយមរបស់ថៃ បានចេញការព្រមាននៅថ្ងៃទី៦ខែមេសានេះថា អាកាសធាតុពេលថ្ងៃ នឹងឈានដល់លើស៤២°Cទៅទៀតដែលគ្របដណ្តប់លើពាសពេញផ្ទៃប្រទេស ហើយនៅតំបន់ខ្លះក៏ត្រូវគ្របដណ្តប់ដោយផ្សែងពុលថែមទៀត។
នាយកដ្ឋានថៃ បានបន្ថែមថា វាក៏អាចមានលាយឡំជាមួយបាតុភូតផ្គររន្ទះ និងខ្យល់កន្ត្រាក់នៅតំបន់ខ្លះផងដែរ ខណៈភាគខាងជើង ឦសាននិងកណ្តាល នឹងរងគ្រោះខ្លាំងជាងគេ។
ជាមួយគ្នានេះ ក្រសួងសេដ្ឋកិច្ច និងសង្គមឌីជីថល (DES)ថៃ បានចេញសេចក្តីព្រមានយ៉ាងអាសន្នមួយដែរថា សន្ទស្សន៍កម្ដៅ (Heat Index) អាចនឹងហក់ឡើងខ្ពស់រហូតដល់៦០អង្សាសេឯណោះនាដើមខែមេសា។
ស្ថានភាពក្ដៅហួតហែងខ្លាំងបែបនេះ គឺជាហានិភ័យខ្ពស់បំផុតសម្រាប់ក្រុមមនុស្សងាយរងគ្រោះ រួមមាន មនុស្សចាស់ កុមារ ស្រ្តីមានផ្ទៃពោះ និងអ្នកដែលមានជំងឺប្រចាំកាយ ជាពិសេសអ្នកលេបថ្នាំបញ្ចុះសម្ពាធឈាម ឬថ្នាំបញ្ចុះទឹកនោម ដែលធ្វើឲ្យរាងកាយពិបាកគ្រប់គ្រងសីតុណ្ហភាព៕