ព័ត៌មានអន្តរជាតិ

អ៊ីស្រាអែលប្រាប់អង់គ្លេសថា អ៊ីរ៉ង់គ្រោងវាយប្រហារលើមូលដ្ឋានទ័ពអាកាស

Published

on

53 Views

នាយករដ្ឋមន្ត្រី Benjamin Netanyahu បានបញ្ជាក់ថា អ៊ីស្រាអែលបានព្រមានចក្រភពអង់គ្លេសថា អ៊ីរ៉ង់កំពុងរៀបចំផែនការវាយប្រហារលើមូលដ្ឋានទ័ពអាកាសមួយ ខណៈដែលលោកបានរិះគន់រដ្ឋាភិបាលអង់គ្លេសដែលនៅតែបន្តដាក់សម្ពាធលើរដ្ឋាភិបាលរបស់លោកជុំវិញការប្រព្រឹត្តចំពោះប្រជាជនប៉ាឡេស្ទីន។

បើតាមនាយករដ្ឋមន្ត្រីអង់គ្លេស លោក Andy Burnham បានលើកឡើងកាលពីថ្ងៃពុធថាមាន «សញ្ញាណច្បាស់លាស់» បង្ហាញថា អ៊ីរ៉ង់មានជាប់ពាក់ព័ន្ធនឹងសកម្មភាពគួរឱ្យសង្ស័យនៅជិតមូលដ្ឋានទ័ពអាកាស Fairford ដែលត្រូវបានប្រើប្រាស់ដោយកងកម្លាំងសហរដ្ឋអាមេរិកក្នុងសង្គ្រាមប្រឆាំងនឹងអ៊ីរ៉ង់។

យោងតាមទីភ្នាក់ងារព័ត៌មានផ្លូវការរបស់អ៊ីរ៉ង់ (IRNA) ការលើកឡើងទាំងនេះបានជំរុញឱ្យអ៊ីរ៉ង់កោះហៅឯកអគ្គរដ្ឋទូតអង់គ្លេសប្រចាំទីក្រុងតេអេរ៉ង់ លោក Hugo Shorter មកសាកសួរ។

អនុរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់បានរិះគន់ចំពោះ «ការចោទប្រកាន់ដែលគ្មានមូលដ្ឋាន» របស់រដ្ឋាភិបាលអង់គ្លេស និងបានថ្កោលទោសប្រទេសនេះដែលបានអនុញ្ញាតឱ្យមូលដ្ឋានទ័ព និងទីតាំងយោធានានាដែលស្ថិតក្រោមដែនសមត្ថកិច្ចរបស់ខ្លួន «ត្រូវបានប្រើប្រាស់សម្រាប់ការរៀបចំផែនការ និងការអនុវត្តការឈ្លានពានផ្នែកយោធារបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល ប្រឆាំងនឹងអ៊ីរ៉ង់»។

យ៉ាងណាក៏ដោយលោក Netanyahu បានឱ្យដឹងថា អ៊ីស្រាអែលបានផ្តល់ព័ត៌មានដល់អង់គ្លេសអំពីផែនការវាយប្រហារនោះ មុនពេលដែលរដ្ឋាភិបាលរបស់លោក Burnham ប្រកាសដាក់ទណ្ឌកម្មលើផលិតផលដែលផលិតនៅក្នុងតំបន់តាំងទីលំនៅរបស់អ៊ីស្រាអែលក្នុងតំបន់ West Bank ដែលត្រូវបានកាន់កាប់ នៅថ្ងៃទី ៨ ខែកញ្ញា។

បន្ទាប់ពីលោកផ្តល់ព័ត៌មានសង្ងាត់លោក Netanyahu ក៏បាននិយាយទៅកាន់លោក Sean Hannity ដែលជាពិធីករមាននិន្នាការអភិរក្សនិយមរបស់បណ្តាញផ្សព្វផ្សាយអាមេរិកមួយថា «តើអ្នកចង់ដឹងទេថាស្ថានភាពនៅទីនោះមានភាពមិនសមហេតុផលកម្រិតណា ហើយការឃោសនាប្រឆាំងនឹងអ៊ីស្រាអែលបានរីករាលដាលខ្លាំងដល់កម្រិតណា?»។

លោកបានបន្តថា «យើងបានផ្តល់ព័ត៌មានសម្ងាត់ដល់ភាគីអង់គ្លេសថា នឹងមានការវាយប្រហារមួយកើតឡើង ហើយវាជាការវាយប្រហារដែលឧបត្ថម្ភដោយអ៊ីរ៉ង់។ ប៉ុន្តែនៅថ្ងៃបន្ទាប់មក ពួកគេបែរជាដាក់ទណ្ឌកម្មមកលើពួកយើងទៅវិញ»។

គូសបញ្ជក់ថាលោក Netanyahu បានចំណាយពេលជាច្រើនទសវត្សរ៍មកហើយក្នុងការព្រមានអំពីការគំរាមកំហែងនានាដែលបង្កឡើងដោយរដ្ឋអ៊ីរ៉ង់ដែលដឹកនាំដោយក្រុមអ្នកដឹកនាំសាសនា (cleric-run state) ដែលពេលខ្លះការព្រមានទាំងនោះត្រូវបានគេមើលឃើញដោយការសង្ស័យពីសំណាក់ភាគីផ្សេងទៀត៕

Leave a Reply

Your email address will not be published. Required fields are marked *

16 − four =

ពេញនិយម

Exit mobile version