ព័ត៌មានអន្តរជាតិ
វៀតណាម និងកូរ៉េខាងជើង ប្តេជ្ញាពង្រឹងវិស័យការពារជាតិឱ្យកាន់តែជិតស្និទ្ធបន្ថែមទៀត
វៀតណាម និងកូរ៉េខាងជើង នឹងពង្រឹងកិច្ចសហប្រតិបត្តិការវិស័យការពារជាតិឱ្យកាន់តែស៊ីជម្រៅ បន្ទាប់ពីទទួលបាន «លទ្ធផលវិជ្ជមាន» មួយចំនួននាពេលថ្មីៗនេះ។ នេះបើតាមការបញ្ជាក់របស់ក្រសួងការពារជាតិវៀតណាម បន្ទាប់ពីមានកិច្ចពិភាក្សារវាងអនុរដ្ឋមន្ត្រីការពារជាតិនៃប្រទេសទាំងពីរនៅទីក្រុងហាណូយក្នុងសប្តាហ៍នេះ។
ក្រសួងការពារជាតិវៀតណាមបានឱ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលចេញផ្សាយនៅយប់ថ្ងៃព្រហស្បតិ៍ ទី២៦កញ្ញានេះថា លោក Nguyen Truong Thang អនុរដ្ឋមន្ត្រីការពារជាតិវៀតណាម បានជួបពិភាក្សាការងារជាមួយសមភាគីកូរ៉េខាងជើងរបស់លោក គឺលោក Ryo Chol Ung ដែលជាសមាជិកនៃគណៈប្រតិភូការពារជាតិដែលកំពុងបំពេញទស្សនកិច្ចនៅទីនោះ។
សេចក្តីថ្លែងការណ៍បានបញ្ជាក់ថា «នៅក្នុងក្របខ័ណ្ឌរួមនៃចំណងមិត្តភាពជាប្រពៃណីរវាងវៀតណាម និង DPRK (កូរ៉េខាងជើង) កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ តែងតែជាវិស័យសំខាន់មួយដែលទទួលបានការយកចិត្តទុកដាក់ និងការជំរុញយ៉ាងសកម្មពីសំណាក់ថ្នាក់ដឹកនាំបក្ស រដ្ឋ និងយោធានៃប្រទេសទាំងពីរ»។
ដោយបន្តថាមាន «លទ្ធផលវិជ្ជមាន» នៅក្នុងវិស័យនានា រួមមានការផ្លាស់ប្តូរគណៈប្រតិភូ ការងារបក្ស និងនយោបាយ ក៏ដូចជាការអប់រំ និងការបណ្តុះបណ្តាល ហើយលោកបានអំពាវនាវឱ្យភាគីទាំងពីរអនុវត្តលិខិតបង្ហាញពីបំណង (letter of intent) ស្តីពីកិច្ចសហប្រតិបត្តិការការពារជាតិ ដែលត្រូវបានចុះហត្ថលេខានៅឆ្នាំ ២០២៥។
សេចក្តីថ្លែងការណ៍ដដែលនោះបញ្ជាក់ទៀតថា លោក Ryo Chol Ung បានកោតសរសើរយ៉ាងខ្លាំងចំពោះទំនាក់ទំនងជាប្រពៃណីរវាងបក្សកាន់អំណាចទាំងពីរ រដ្ឋទាំងពីរ និងកងកម្លាំងប្រដាប់អាវុធទាំងពីរ ហើយបានពិភាក្សាអំពីបញ្ហាជាច្រើនដែលពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការការពារជាតិទ្វេភាគី។
សូមបញ្ជាក់ថា វៀតណាម និងកូរ៉េខាងជើង បានរក្សាទំនាក់ទំនងការទូតតាំងពីសម័យសង្គ្រាមត្រជាក់មកម្ល៉េះ ហើយប្រទេសទាំងពីរស្ថិតក្នុងចំណោមប្រទេសចំនួនប្រាំនៅលើពិភពលោកដែលដឹកនាំដោយបក្សកុម្មុយនីស្ត រួមជាមួយប្រទេសចិន គុយបា និងឡាវ។
កាលពីខែមុន វៀតណាមបានប្រកាសថា ខ្លួននឹងសាងសង់វិមានរំលឹកវិញ្ញាណក្ខន្ធ និងជួសជុលកែលម្អទីបញ្ចុះសពដែលឧទ្ទិសដល់យោធាកូរ៉េខាងជើង ដែលបានពលីជីវិតក្នុងអំឡុងសង្គ្រាមវៀតណាម៕