ព័ត៌មានអន្តរជាតិ
កូរ៉េខាងជើងអះអាងថា សកម្មភាពរបស់អាមេរិក គឺជាហេតុផលដ៏ល្អបំផុតសម្រាប់ការបង្កើនកម្លាំងនុយក្លេអ៊ែររបស់ខ្លួន
អនុរដ្ឋមន្ត្រីការពារជាតិរបស់កូរ៉េខាងជើងបានលើកឡើងថ្ងៃព្រហស្បតិ៍ ទី១៧ ខែកញ្ញានេះថា ការបង្កើនកម្លាំងយោធាដែលដឹកនាំដោយសហរដ្ឋអាមេរិក និងអ្វីដែលលោកហៅថាជាសម្ព័ន្ធភាពនុយក្លេអ៊ែរដែលកំពុងពង្រីកខ្លួនរវាងទីក្រុងវ៉ាស៊ីនតោន ទីក្រុងសេអ៊ូល និងទីក្រុងតូក្យូ គឺជាហេតុផលដ៏ត្រឹមត្រូវបំផុតរបស់ទីក្រុងព្យុងយ៉ាងក្នុងការបង្កើន និងពង្រីកកម្លាំងនុយក្លេអ៊ែររបស់ខ្លួន។ នេះបើយោងតាមការផ្សាយរបស់រ៉យទ័រ។
ថ្លែងនៅក្នុងវេទិកា Beijing Xiangshan ដែលជាសន្និសីទសន្តិសុខអន្តរជាតិដ៏សំខាន់របស់ប្រទេសចិន អនុរដ្ឋមន្ត្រីការពារជាតិ លោក Kim Kang Il បាននិយាយថា ឋានៈរបស់កូរ៉េខាងជើងក្នុងនាមជារដ្ឋដែលមានអាវុធនុយក្លេអ៊ែរ គឺជាការពិតដែលមិនអាចផ្លាស់ប្តូរបាន ហើយលោកបានប្តេជ្ញាថានឹងបន្តពង្រីកឃ្លាំងអាវុធនុយក្លេអ៊ែររបស់ខ្លួន។
អនុរដ្ឋមន្ត្រីការពារជាតិបន្តថា «ការបង្កើនអាវុធនុយក្លេអ៊ែរឥតឈប់ឈររបស់បណ្តារដ្ឋដែលជាសត្រូវ គឺជាហេតុផលដ៏ត្រឹមត្រូវពេញលេញសម្រាប់ការកសាងខែលការពារនុយក្លេអ៊ែរដ៏រឹងមាំរបស់ DPRK» ដោយលោកបានប្រើអក្សរកាត់សម្រាប់ឈ្មោះផ្លូវការរបស់កូរ៉េខាងជើង គឺសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ (DPRK)។
លោកបន្ថែមថា «នៅពេលដែលការគំរាមកំហែងនុយក្លេអ៊ែររបស់រដ្ឋសត្រូវឈានដល់កម្រិតខ្ពស់បំផុត… DPRK នឹងការពារយ៉ាងម៉ឺងម៉ាត់នូវសន្តិភាព និងស្ថិរភាពនៅលើឧបទ្វីបកូរ៉េ និងក្នុងតំបន់ ដោយបន្តពង្រីក និងពង្រឹងឥតឈប់ឈរនូវសមត្ថភាពទប់ស្កាត់ដោយប្រើនុយក្លេអ៊ែរសម្រាប់ការពារខ្លួន»។
លោក ក៏បានបន្ទោសភាពតានតឹងនៅលើឧបទ្វីបកូរ៉េដែលលោកហៅថា គោលនយោបាយអរិភាព «ដែលមិនផ្លាស់ប្តូរ» របស់ទីក្រុងវ៉ាស៊ីនតោនចំពោះកូរ៉េខាងជើង ហើយបានចោទប្រកាន់សហរដ្ឋអាមេរិកថាបានប្រែក្លាយកិច្ចសហប្រតិបត្តិការត្រីភាគីជាមួយកូរ៉េខាងត្បូង និងជប៉ុន ទៅជាសម្ព័ន្ធភាពនុយក្លេអ៊ែរ។
លោកបន្តទៀតថា ឋានៈរបស់កូរ៉េខាងជើងក្នុងនាមជារដ្ឋដែលមានអាវុធនុយក្លេអ៊ែរ គឺជា «ខ្សែបន្ទាត់ដែលមិនអាចថយក្រោយបាន» ហើយបានជំរុញឱ្យប្រទេសនានាបោះបង់ចោលនូវអ្វីដែលលោកហៅថាជា «សុបិនខ្យល់» នៃការលុបបំបាត់អាវុធនុយក្លេអ៊ែរ។
វត្តមានរបស់លោក Kim នៅឯវេទិកា Xiangshan (Xiangshan Forum) គឺជាការបង្ហាញខ្លួនដ៏កម្រមួយក្នុងកម្រិតខ្ពស់របស់កូរ៉េខាងជើងនៅឯកិច្ចប្រជុំសន្តិសុខអន្តរជាតិក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយវាបានកើតឡើងនៅពេលដែលទីក្រុងព្យុងយ៉ាងកំពុងស្វែងរកទំនាក់ទំនងកាន់តែជិតស្និទ្ធជាមួយទីក្រុងប៉េកាំង ចំពេលមានភាពតានតឹងជាមួយទីក្រុងវ៉ាស៊ីនតោន និងសម្ព័ន្ធមិត្តរបស់ខ្លួន៕