ព័ត៌មានអន្តរជាតិ

សមាជិកព្រឹទ្ធសភាជប៉ុនមកស្វែងយល់ពីកិច្ចការដោះមីនរបស់កម្ពុជា

Published

on

11 Views

ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦នេះ គណៈប្រតិភូព្រឹទ្ធសភាជប៉ុន  ដឹកនាំដោយ ឯកឧត្តម HIGASHINO Hideki សមាជិកព្រឹទ្ធសភា ដែលបានមកធ្វើទស្សនកិច្ចផ្លូវការនៅទីបញ្ជាការ CMAC ភ្នំពេញ។

មានការបង្ហាញពីវឌ្ឍនភាពការងារ និងសមិទ្ធផលសំខាន់ៗដែល CMAC សម្រេចបានក្នុងសកម្មភាពបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមក្នុងរយៈពេល៣៤ឆ្នាំកន្លងមកនេះ។
លទ្ធផលដែលលោក ហេង រតនា អគ្គនាយកស៊ីម៉ាក់ ប្រាប់ទៅកាន់ប្រតិភូព្រឹទ្ធសភាជប៉ុនរួមមាន៖ ១. បញ្ហាប្រឈមនៃសំណល់យុទ្ធភណ្ឌសង្គ្រាម និងសមិទ្ធផលបោសសម្អាតមីន ២. សង្គ្រាមសៀមឈ្លានពានឆ្នាំ២០២៥ និង ៣. កិច្ចសហប្រតិបត្តិការរវាងជប៉ុន និងកម្ពុជា លើការបោសសម្អាតមីន ការអភិវឌ្ឍ និងសេដ្ឋកិច្ចសង្គម។

ទន្ទឹមនេះ លោក ហេង រតនា ក៏បានគូសបញ្ជាក់អំពីតួនាទីនៃគម្រោងជំនួយនានារបស់ប្រទេសជប៉ុន និងកិច្ចសហប្រតិបត្តិការរបស់រាជរដ្ឋាភិបាល និងប្រជាជនជប៉ុន ក្នុងការគាំទ្រសមត្ថភាពបច្ចេកទេសដល់អង្គភាព CMAC ដែលជាការរួមចំណែកយ៉ាងសំខាន់ដល់ជោគជ័យនៃប្រតិបត្តិការរបស់ CMAC រហូតមកដល់បច្ចុប្បន្ន។


ប្រវត្តិបេសកកម្ម និងសមិទ្ធផលរបស់ CMAC ក្នុងការរួមចំណែកដោះស្រាយបញ្ហាគ្រាប់មីន និងសំណល់យុទ្ធភណ្ឌសង្រ្គាមនៅកម្ពុជា ត្រូវបានបង្ហាញ ដោយប្រភិភូជប៉ុនបានទស្សនាការជាក់ស្តែងអំពីសមត្ថភាព បច្ចេកវិទ្យា និងឧបករណ៍បោសសម្អាតមីនដែលអង្គភាព CMAC បាននឹងកំពុងប្រើប្រាស់ក្នុងប្រតិបត្តិការស្រាវជ្រាវ  និងការបោសសម្អាតមីន រួមមាន គ្រឿងចក្របោសសម្អាតមីន  ម៉ាស៊ីនរាវមីនALIS ម៉ាស៊ីនរ៉ូបូតបោសសម្អាតមីន ព្រមទាំងការបង្ហាញសមត្ថភាពប្រតិបត្តិការសុនខហិតរកមីន និងសម្ភារៈប្រតិបត្តិការបោសសម្អាតមីនក្រោមទឹកផងដែរ។

ដំណើរទស្សនកិច្ចនេះ ពិតជាបានបើកឱកាសដល់គណៈប្រតិភូជប៉ុនយល់ដឹងកាន់តែស៊ីជម្រៅអំពីបទពិសោធន៍ និងសកម្មភាពរបស់ CMAC ក្នុងវិស័យសកម្មភាពកម្ចាត់មីន ព្រមទាំងការខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការដោះស្រាយបញ្ហាប្រឈមដោយសារគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម រួមទាំងគ្រាប់បែកចង្កោមដែលបន្សល់ទុកពីសង្គ្រាមពីអតីតកាល និងសង្រ្គាមឈ្លានពានពីសំណាក់យោធាថៃឆ្នាំ២០២៥ថ្មីៗនះ ដើម្បីរួមចំណែកការពារសុវត្ថិភាពប្រជាពលរដ្ឋ និងគាំទ្រការអភិវឌ្ឍនៅកម្ពុជា។

ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គនាយកស៊ីម៉ាក់ ក៏មិនភ្លេចថ្លែងអំណរគុណដល់ប្រជាជន និងរដ្ឋាភិបាលជប៉ុនដែលបានផ្តល់ជំនួយមកដល់អង្គភាពCMAC ព្រមទាំងស្នើសុំឱ្យប្រទេសជប៉ុនបន្តជួយក្នុងវិស័យមីនបន្តទៅឆ្នាំខាងមុខ។

តាមរយៈបេសកម្មនេះ វាមិនត្រឹមតែស្តែងឱ្យឃើញពីការយកចិត្តទុកដាក់របស់សមាជិកព្រឹទ្ធសភាជប៉ុន ចំពោះវិស័យសកម្មភាពមីននៅកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ជប៉ុន ឱ្យកាន់តែរីកចម្រើន និងរឹងមាំទ្វេឡើងបន្ថែមទៀត៕

Leave a Reply

Your email address will not be published. Required fields are marked *

eight + eight =

ពេញនិយម

Exit mobile version