ព័ត៌មានអន្តរជាតិ

តុលាការកូរ៉េខាងត្បូងបានបញ្ជាឱ្យកូរ៉េខាងជើងបង់ប្រាក់សំណង ៣២,៥ លានដុល្លារ ជុំវិញការកម្ទេចការិយាល័យទំនាក់ទំនងកាលពីឆ្នាំ២០២០

Published

on

13 Views

(ទីក្រុងសេអ៊ូល)៖ តុលាការមួយនៅទីក្រុងសេអ៊ូលនៅថ្ងៃពុធ ទី១៦ ខែកញ្ញានេះ បានបញ្ជាឱ្យកូរ៉េខាងជើងបង់ប្រាក់សំណងចំនួន ៤៤,៦ ពាន់លានវ៉ុន (ស្មើនឹង ៣២,៥ លានដុល្លារអាមេរិក) ចំពោះការបំផ្លាញការិយាល័យទំនាក់ទំនងអន្តរកូរ៉េកាលពីឆ្នាំ ២០២០។ នេះបើយោងតាមការរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូង Yonhap ដែលចាត់ទុកថាជាសាលក្រមដំបូងគេនៅក្នុងបណ្តឹងដែលកូរ៉េខាងត្បូងបានដាក់ប្រឆាំងនឹងទីក្រុងព្យុងយ៉ាង។

រដ្ឋាភិបាលអភិរក្សនិយមមុនរបស់កូរ៉េខាងត្បូង ដែលដឹកនាំដោយអតីតប្រធានាធិបតី Yoon Suk Yeol បានដាក់បណ្តឹងនេះនៅខែមិថុនា ឆ្នាំ ២០២៣។ លោក Yoon ក្រោយមកត្រូវបានដកចេញពីតំណែង បន្ទាប់ពីការប្រកាសដាក់ប្រទេសក្នុងស្ថានភាពអាសន្នផ្នែកយោធា (martial law) រយៈពេលខ្លីរបស់លោកកាលពីខែធ្នូ ឆ្នាំ ២០២៤។

តុលាការស្រុកកណ្តាលទីក្រុងសេអ៊ូល បានសម្រេចក្តីឱ្យរដ្ឋាភិបាលកូរ៉េខាងត្បូងឈ្នះក្តី ដោយបញ្ជាឱ្យទីក្រុងព្យុងយ៉ាងបង់ប្រាក់ចំនួន ៤៤,៦ ពាន់លានវ៉ុនពេញលេញតាមការទាមទាររបស់ទីក្រុងសេអ៊ូល ចំពោះការបំផ្លាញអគារនៅក្នុងទីក្រុងព្រំដែន Kaesong កាលពីឆ្នាំ ២០២០។ តុលាការក៏បានបញ្ជាឱ្យកូរ៉េខាងជើងទទួលខុសត្រូវលើថ្លៃចំណាយក្នុងដំណើរការក្តីផងដែរ។

យ៉ាងណាម៉ិញ រដ្ឋាភិបាលបានបញ្ជាក់ថា ការបំផ្លាញការិយាល័យទំនាក់ទំនងដោយកូរ៉េខាងជើង គឺ «ខុសច្បាប់យ៉ាងច្បាស់លាស់» ហើយបណ្តឹងនេះត្រូវបានដាក់នៅឆ្នាំ ២០២៣ ដើម្បីពន្យារពេលផុតកំណត់នៃសិទ្ធិទាមទារសំណង ដែលនឹងត្រូវផុតកំណត់នៅឆ្នាំនោះ។

គូសបញ្ជាក់ថា កូរ៉េខាងជើងបានបំផ្ទុះអគារការិយាល័យទំនាក់ទំនងនៅក្នុងតំបន់ឧស្សាហកម្ម Kaesong កាលពីថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ២០២០ ដោយលើកឡើងពីការចែកចាយខិត្តប័ណ្ណឃោសនានយោបាយឆ្លងកាត់ព្រំដែនដោយក្រុមអ្នករត់ចោលស្រុកកូរ៉េខាងជើង។

ភ្លាមៗបន្ទាប់ពីការបំផ្ទុះនោះ រដ្ឋាភិបាលកូរ៉េខាងត្បូងបាននិយាយថា ការទទួលខុសត្រូវចំពោះផលវិបាកទាំងអស់ដែលកើតចេញពីហេតុការណ៍នេះ គឺស្ថិតនៅលើកូរ៉េខាងជើងទាំងស្រុង។ ការិយាល័យទំនាក់ទំនងនៅទីក្រុង Kaesong ត្រូវបានបង្កើតឡើងក្រោមសេចក្តីថ្លែងការណ៍ Panmunjom ឆ្នាំ ២០១៨ ដើម្បីបម្រើជាបណ្តាញទំនាក់ទំនង និងការពិគ្រោះយោបល់ពេញ ២៤ ម៉ោងរវាងកូរ៉េទាំងពីរ។

ទីក្រុងសេអ៊ូលបានប៉ាន់ប្រមាណការខូចខាតថាមានទឹកប្រាក់ចំនួន ៤៤,៧ ពាន់លានវ៉ុន ដែលរួមបញ្ចូលទាំងសំណងសម្រាប់អគារការិយាល័យទំនាក់ទំនង និងមជ្ឈមណ្ឌលគាំទ្រកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអន្តរកូរ៉េដែលនៅក្បែរនោះ ដែលត្រូវបានបំផ្លាញ និងលែងអាចប្រើប្រាស់បានដោយសារការផ្ទុះ។

ទោះបីជាយ៉ាងណាក៏ដោយ មេដឹកនាំកូរ៉េខាងជើង លោក Kim Jong Un បានបដិសេធការបង្រួបសង្រួមរវាងកូរ៉េទាំងពិរ ដោយបានបោះបង់ចោលគោលនយោបាយបង្រួបបង្រួមជាតិរបស់ទីក្រុងព្យុងយ៉ាង និងបានចាត់ទុកកូរ៉េខាងត្បូងថាជាប្រទេសដែលមានអរិភាពបំផុតចំពោះខ្លួន៕

Leave a Reply

Your email address will not be published. Required fields are marked *

five × one =

ពេញនិយម

Exit mobile version