ព័ត៌មានអន្តរជាតិ
កូរ៉េខាងជើង និងរុស្ស៊ី បើកសម្ពោធស្ពានប្រវត្តិសាស្ត្រលើកដំបូង ជានិមិត្តរូបនៃការពង្រីកចំណងមិត្តភាព
(ក្រុងមូស្គូ)៖ កូរ៉េខាងជើង និងរុស្ស៊ី បានបើកស្ពានផ្លូវប្រវត្តិសាស្រ្តជាលើកដំបូងរបស់ពួកគេនៅថ្ងៃទី៨ ខែកញ្ញានេះ ដើម្បីបង្ហាញមិត្តភាពដែលត្រូវបានរៀបចំយ៉ាងប្រុងប្រយ័ត្ន ដែលជារចនាសម្ព័ន្ធមួយលាតសន្ធឹងលើទន្លេ Tumen ដែលភាគីទាំងពីរបានចាត់ទុកជាព្រឹត្តិការណ៍សំខាន់មួយក្នុងភាពជាដៃគូយុទ្ធសាស្ត្រកាន់តែស៊ីជម្រៅរបស់ពួកគេ។
យោងតាមការផ្សាយរបស់រ៉យទ័រ បានឱ្យដឹងថា រថយន្តដឹកទំនិញដែលតុបតែងដោយទង់ជាតិដំបូងបានឆ្លងកាត់ស្ពានពីរគន្លងដែលមានប្រវែង ១ គីឡូម៉ែត្រ (០,៦ ម៉ាយ) ខណៈដែលនាយករដ្ឋមន្ត្រីរុស្ស៊ី លោក Mikhail Mishustin និងនាយករដ្ឋមន្ត្រីកូរ៉េខាងជើង លោក Pak Thae Song បានទស្សនាតាមរយៈតំណភ្ជាប់វីដេអូ ដើម្បីថ្លែងទៅកាន់កម្មករ និងមន្ត្រីរដ្ឋាភិបាលមកពីប្រទេសទាំងពីរ។
ការសាងសង់ស្ពានថ្មី ដែលត្រូវបានពិភាក្សាអស់រយៈពេលជាច្រើនឆ្នាំ បានចាប់ផ្តើមនៅក្នុងខែមេសា ឆ្នាំមុន បន្ទាប់ពីគម្រោងនេះត្រូវបានព្រមព្រៀងគ្នាក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់ប្រធានាធិបតី Vladimir Putin ទៅកាន់កូរ៉េខាងជើងក្នុងឆ្នាំ ២០២៤។ យ៉ាងណាម៉ិញ មានការតភ្ជាប់ផ្លូវអាកាស និងផ្លូវដែកដោយផ្ទាល់រវាងទីក្រុងមូស្គូ និងទីក្រុងព្យុងយ៉ាងរួចហើយ ប៉ុន្តែរហូតមកដល់ថ្ងៃនេះ មិនទាន់មានការតភ្ជាប់ផ្លូវត្រឹមត្រូវនៅឡើយ។ ផ្ទុយទៅវិញ ចាប់តាំងពីឆ្នាំ ១៩៥៩ និងដោយការរៀបចំពិសេស បន្ទះឈើត្រូវបានដាក់នៅលើស្ពានផ្លូវដែកក្បែរនោះ អស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ដែលជាចំណុចឆ្លងកាត់ព្រំដែនតែមួយគត់ ដើម្បីដឹកជញ្ជូនយានយន្តឆ្លងកាត់ព្រំដែនរវាងប្រទេសទាំងពីរ។
ជាមួយគ្នានេះ លោក Mishustin បានលើកឡើងថា ចំណងមិត្តភាពរវាងទីក្រុងមូស្គូ និងទីក្រុងព្យុងយ៉ាងគឺ «ស្ថិតក្នុងកម្រិតខ្ពស់ដែលមិនធ្លាប់មានពីមុនមក ខ្ញុំជឿជាក់ថា ការពង្រីកហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនឆ្លងកាត់ព្រំដែននឹងផ្តល់នូវកម្លាំងចលករដ៏មានឥទ្ធិពលសម្រាប់ការអភិវឌ្ឍបន្ថែមទៀតនៃកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម សេដ្ឋកិច្ច វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងវប្បធម៌។ លោកបានហៅការបើកស្ពាននេះថា ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រពិតប្រាកដ»។
លោកបានសង្កត់ធ្ងន់ថា ការសាងសង់ស្ពាននេះមិនមែនគ្រាន់តែជាគម្រោងវិស្វកម្មនោះទេ ប៉ុន្តែជា «និមិត្តរូបថ្មីនៃមិត្តភាព»។
ស្ពាននេះអាចអនុញ្ញាត្តិឱ្យ យានយន្តរហូតដល់ ៣០០គ្រឿងនឹងអាចឆ្លងកាត់បានជារៀងរាល់ថ្ងៃ ហើយវានឹងត្រូវបានភ្ជាប់ទៅនឹងបណ្តាញផ្លូវសហព័ន្ធរបស់រុស្ស៊ី និងមានភាពងាយស្រួលក្នុងការចូលទៅកាន់ច្រករបៀងដឹកជញ្ជូន ដែលរត់ពីទីក្រុង Vladivostok ភាគខាងកើតទៅកាន់ St Petersburg។ ទន្ទឹមគ្នានេះ រដ្ឋាភិបាលរុស្ស៊ីថា ឡានដឹកទំនិញនឹងចាប់ផ្តើមប្រើប្រាស់ស្ពាននេះភ្លាមៗដើម្បីដឹកជញ្ជូនទំនិញ។ នៅចុងឆ្នាំនេះ ស្ពាននេះនឹងដំណើរការពេញលេញ ហើយអាចប្រើប្រាស់សម្រាប់ចរាចរណ៍អ្នកដំណើរផងដែរ។
ស្ពាននេះត្រូវបានសាងសង់នៅជិត «ស្ពានមិត្តភាព» ដែលមានស្រាប់ ជាស្ពានផ្លូវដែកមួយដែលត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់នៅឆ្នាំ ១៩៥៩ បន្ទាប់ពីសង្គ្រាមកូរ៉េ។ ជានិមិត្តរូប ស្ពានថ្មីនេះត្រូវបានដាក់ឈ្មោះតាមលោក Yakov Novichenko ជាទាហានកងទ័ពក្រហមម្នាក់ ដែលទីក្រុងព្យុងយ៉ាងទទួលស្គាល់ថាបានការពារជីវិតរបស់មេដឹកនាំដំបូងរបស់កូរ៉េខាងជើង គឺលោក Kim Il Sung ក្នុងឆ្នាំ ១៩៤៦ ដោយស្ទាក់ចាប់គ្រាប់បែកដៃដែលគប់មកលើគាត់ និងអ្នកដទៃទៀត៕
គូសបញ្ជាក់ថា ទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែរឹងមាំចាប់តាំងពីការចាប់ផ្តើមសង្គ្រាមនៅអ៊ុយក្រែនក្នុងឆ្នាំ ២០២២ ដោយទីក្រុងព្យុងយ៉ាងបានបញ្ជូនកងទ័ពរាប់ពាន់នាក់ទៅកាន់តំបន់ Kursk របស់រុស្ស៊ី ដើម្បីជួយទប់ទល់នឹងការឈ្លានពានរបស់អ៊ុយក្រែននៅឆ្នាំ ២០២៤ នៅទីនោះ៕