ព័ត៌មានអន្តរជាតិ
ឥណ្ឌូណេស៊ី ចំណាយលុយ ៦៣០លានដុល្លារទិញមីស៊ីល BrahMos និង Astra ពីឥណ្ឌា
ប្រទេសឥណ្ឌានឹងផ្គត់ផ្គង់មីស៊ីលល្បឿនលឿនជាងសំឡេង BrahMos និងមីស៊ីលវាយប្រហារអាកាសទៅអាកាសម៉ាក Astra ដល់ប្រទេសឥណ្ឌូណេស៊ី ខណៈនាយករដ្ឋមន្ត្រីឥណ្ឌា លោក Nahrendra Modi ចាប់ផ្តើមដំណើរទស្សនកិច្ចរយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៨ ខែកក្កដា ទៅកាន់ទីក្រុងហ្សាកាតា។
យោងតាមទីភ្នាក់ងារសារព័ត៌មានរ៉យទ័របានផ្សាយនៅថ្ងៃទី៨ ខែកក្កដានេះថា កិច្ចព្រមព្រៀងដែលមានតម្លៃជិត ៦៣០លានដុល្លារ ទំនងជានឹងត្រូវបានចុះហត្ថលេខា អំឡុងពេលដំណើរទស្សនកិច្ចរបស់លោក Modi ។
គួរឱ្យកត់សម្គាល់ផងដែរថា បន្ទាប់ពីវៀតណាមនិងហ្វីលីពីន ឥណ្ឌូណេស៊ីនឹងក្លាយជាប្រទេសទីបី ដែលបានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ដើម្បីទិញមីស៊ីលផលិតដោយក្រុមហ៊ុន BrahMos Aerospace Private Limited របស់ឥណ្ឌា។
កិច្ចព្រមព្រៀងនេះបញ្ជាក់ពីការពង្រីកការនាំចេញសម្ភារៈការពារជាតិដ៏សំខាន់របស់ឥណ្ឌា ជាពិសេសពង្រឹងទំនាក់ទំនងយុទ្ធសាស្ត្រជាមួយប្រទេសសេដ្ឋកិច្ចធំបំផុតរបស់អាស៊ីអាគ្នេយ៍ ពេលមានការប្រកួតប្រជែងកាន់តែខ្លាំងជាមួយប្រទេសចិនសម្រាប់ឥទ្ធិពលនៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។
មីស៊ីល BrahMos ត្រូវបានអភិវឌ្ឍរួមគ្នាដោយឥណ្ឌា និងរុស្ស៊ី គឺជាមីស៊ីលល្បឿនលឿនជាងសម្លេង អាចបាញ់ចេញពីដីគោក សមុទ្រ និងអាកាសបានយ៉ាងងាយស្រួលបំផុត។
ការចាប់អារម្មណ៍លើមីស៊ីល BrahMos បានកើនឡើង បន្ទាប់ពីវាបានដាក់ប្រើប្រាស់ជាលើកដំបូងនៅក្នុងជម្លោះរយៈពេល ៤ថ្ងៃរបស់ឥណ្ឌាជាមួយប៉ាគីស្ថានកាលពីឆ្នាំមុន៕