Uncategorized
មេដឹកនាំកូរ៉េខាងជើង បង្ហាញពីផែនការសម្រាប់នាវាចម្បាំង និងកងទ័ពជើងទឹកនុយក្លេអ៊ែរ
កូរ៉េខាងជើងនឹងបំពាក់កងទ័ពជើងទឹកជាមួយនឹងអាវុធនុយក្លេអ៊ែរ និងបង្កើតនាវាចម្បាំងធំៗជាងមុន នេះបើយោងតាមមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន។ ខណៈដែលទីក្រុងព្យុងយ៉ាងកំពុងពង្រីកយោធារបស់ខ្លួនឱ្យខ្លាំងក្លាជាងមុន។
បើយោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានឱ្យដឹងនៅថ្ងៃទី២៤មិថុនានេះថា កូរ៉េខាងជើងកំពុងស្ថិតនៅក្រោមទណ្ឌកម្មជាច្រើនលើកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន ហើយមេដឹកនាំបានទទូចម្តងហើយម្តងទៀតថា ពួកគេនឹងមិនបោះបង់ចោលវាឡើយ ដោយលើកឡើងថាអាវុធនុយក្លេអ៊ែរមានសារៈសំខាន់សម្រាប់ការទប់ស្កាត់ប្រឆាំងនឹងសហរដ្ឋអាម៉េរិក និងកូរ៉េខាងត្បូង។
ការកត់សម្គាល់របស់លោក គីម បានកើតឡើងនៅក្នុងពិធីដាក់ឱ្យដំណើរការនាវាចម្បាំង Choe Hyon ដែលជានាវាចម្បាំងមួយក្នុងចំណោមនាវាចម្បាំងទម្ងន់ ៥,០០០ តោនពីរគ្រឿងដែលប្រទេសឯកោនេះបានដាក់ឱ្យដំណើរការកាលពីឆ្នាំមុន នៅក្នុងទីក្រុងកំពង់ផែ Nampho។
លោក គីម បានអះអាងច្បាស់ៗថា លោកបានបំពាក់កងទ័ពជើងទឹកជាមួយនឹងអាវុធនុយក្លេអ៊ែរដែលអនុវត្តតាមផែនការដោយមិនមានការភាន់ច្រឡំ។ លោកបន្តថា «នេះគឺជាយុទ្ធសាស្ត្រដ៏សំខាន់មួយ ព្រោះវានឹងធ្វើឱ្យវាអាចរក្សាកម្លាំងនុយក្លេអ៊ែររបស់រដ្ឋយើងឱ្យត្រៀមខ្លួនសម្រាប់ប្រតិបត្តិការចម្រុះ និងមានប្រសិទ្ធភាពខ្ពស់»។
នាវា Choe Hyon ត្រូវបានបំពាក់ដោយ «អាវុធដ៏មានអានុភាពបំផុត» ហើយលោកគីមបានធ្វើការត្រួតពិនិត្យនាវានេះជាច្រើនលើកច្រើនសារនៅឆ្នាំនេះ រួមទាំងការត្រួតពិនិត្យការសាកល្បងមីស៊ីលផ្លោងពីនាវា Choe Hyon ក្នុងខែមេសាផងដែរ។
ទីក្រុងព្យុងយ៉ាងបានប្រកាសម្តងហើយម្តងទៀតថាខ្លួនជារដ្ឋនុយក្លេអ៊ែរ «ដែលមិនអាចត្រឡប់វិញបាន» ចាប់តាំងពីកិច្ចប្រជុំកំពូលឆ្នាំ ២០១៩ រវាងលោកគីម និងលោកត្រាំនៅទីក្រុងហាណូយ។
គូសបញ្ជាក់ថា ទីក្រុងវ៉ាស៊ីនតោនបានដាក់ពង្រាយកងទ័ពប្រហែល ២៨.៥០០ នាក់នៅក្នុងប្រទេសកូរ៉េខាងត្បូង ដើម្បីជួយទីក្រុងសេអ៊ូលការពារប្រឆាំងនឹងការគំរាមកំហែងយោធាពីទីក្រុងព្យុងយ៉ាង៕