ព័ត៌មានអន្តរជាតិ
តុចរចាសន្តិភាពអាម៉េរិក-អ៊ឺរ៉ង់ ក្លាយជាតុជម្លោះ ក្រោយលោក ត្រាំ ព្រមានវាយប្រហារអ៊ឺរ៉ង់ម្តងទៀត
កិច្ចពិភាក្សាបញ្ចប់សង្គ្រាមរវាងសហរដ្ឋអាម៉េរិក និងអ៊ីរ៉ង់ ដែលប្រព្រឹត្តធ្វើឡើងនៅប្រទេសស្វីស ប្រែជាឡើងកម្តៅភ្លាមៗ ដោយសារតែភាគីទាំងពីរ បោះពាក្យគំរាមគ្នាទៅវិញទៅមក ដើម្បីសង្កត់តុចរចា។
នេះបើតាម BBC នៅថ្ងៃទី២២ ខែមិថុនានេះបានផ្សាយថា ស្របពេលកិច្ចប្រជុំប្រព្រឹត្តទៅលោក ដូណាល់ ត្រាំ ស្រាប់តែគំរាមវាយប្រហារអ៊ីរ៉ង់ម្តងទៀត ហើយថែមទាំងចូលគ្រប់គ្រងច្រកសមុទ្រ Hormuz ទៀតផង ប្រសិនបើកិច្ចព្រមព្រៀងចុងក្រោយ មិនអាចសម្រេចបានទេនោះ។
លោកក៏គំរាមវាយប្រហារផងដែរ ប្រសិនបើទីក្រុងតេហេរ៉ង់ មិនព្រមបញ្ឈប់ក្រុមប្រដាប់អាវុធលីបង់ ហេសបូឡា ដែលកំពុងប្រយុទ្ធគ្នា ជាមួយកងទ័ពអ៊ីស្រាអែល នៅភាគខាងត្បូងប្រទេសលីបង់ទេនោះ។
ទន្ទឹមនឹងការគំរាមរបស់លោកត្រាំ គណៈប្រតិភូជាន់ខ្ពស់អ៊ីរ៉ង់ បានដើរចេញពីកិច្ចប្រជុំទល់មុខគ្នា លោក Mohammad Bagher Ghalibaf បានចាត់ទុកការព្រមានរបស់លោកត្រាំ ថាជាសញ្ញានៃ«ភាពអស់សង្ឃឹម» និងគំរាមវិញថា កងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់ ត្រៀមលក្ខណៈពេញលេញរួចជាស្រេចអស់ហើយសម្រាប់ការការប្រឈមមុខតទល់គ្នា។
កិច្ចចរចាសន្តិភាពអាម៉េរិក-អ៊ីរ៉ង់ បានចាប់ផ្តើមកាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៦ ក្នុងទីក្រុង Bürgenstock នៃប្រទេសស្វីស ក្រោមអនុស្សរណៈនៃការយោគយល់គ្នា (MoU) ដែលទើបចុះហត្ថលេខា។
យ៉ាងណាក៏ដោយ សម័យប្រជុំការទូតជាប្រវត្តិសាស្ត្រនេះ បានធ្លាក់ចូលទៅក្នុង «ដំណាក់កាលដ៏លំបាក» មួយយ៉ាងឆាប់រហ័ស ខណៈដែលប្រធានាធិបតីសហរដ្ឋអាម៉េរិក បានចេញការគំរាមកំហែងផ្នែកយោធាយ៉ាងធ្ងន់ធ្ងរពីចម្ងាយ ស្របពេលក្រុមអ្នកចរចាកំពុងអង្គុយនៅតុចរចាទល់មុខគ្នា។
កិច្ចប្រជុំកំពូលនេះ ត្រូវបានរៀបចំឡើងជាទម្រង់ចតុភាគី គណៈភាគីចម្បងគឺអាម៉េរិក ដឹកនាំដោយអនុប្រធានាធិបតី JD Vance រួមដំណើរដោយប្រេសិតពិសេសរបស់លោក ដូណាល់ ត្រាំ គឺ Steve Witkoff និងកូនប្រសាររបស់លោក ត្រាំ គឺ Jared Kushner។
ចំណែកគណៈប្រតិភូអ៊ីរ៉ង់ ដឹកនាំដោយប្រធានសភា Mohammad Bagher Ghalibaf និងរដ្ឋមន្ត្រីការបរទេស Abbas Araghchi។
ទន្ទឹមនោះ ក៏មានការចូលរួមពីសំណាក់ អ្នកសម្របសម្រួលសកលសំខាន់ៗ ផងដែរ ដូចជា នាយករដ្ឋមន្ត្រីប៉ាគីស្ថាន Shehbaz Sharif នាយករដ្ឋមន្ត្រីកាតា Sheikh Mohammed bin Abdulrahman bin Jassim Al Thani និង ប្រធានទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ Rafael Grossi ផងដែរ៕