អន្តរជាតិ

ហេតុអ្វី អ៊ីស្រាអែលវាយប្រហារលីបង់ដល់ទីបញ្ចប់ ដោយមិនស្តាប់នរណាទាំងអស់?

Published

on

61 Views

(មជ្ឈិមបូព៌ា)៖ យុទ្ធនាការយោធារបស់អ៊ីស្រាអែលទៅកាន់ដែនដីលីបង់ បានឈានដល់ការវាយលុកទ្រង់ទ្រាយធំ ​និង​មិនស្តាប់​ការ​អំពាវនាវ​របស់​អន្តរជាតិក៏ដូចជាលោកត្រាំ​ កំពុងឆ្លុះបញ្ចាំងពីមហិច្ឆតាភូមិសាស្ត្រនយោបាយ និងសន្តិសុខដ៏ច្បាស់លាស់មួយរបស់រដ្ឋាភិបាល​អ៊ីស្រាអែល ក្នុងការផ្លាស់ប្តូរទម្រង់សន្តិសុខនៅព្រំដែនភាគខាងជើងរបស់ខ្លួនជាអចិន្ត្រៃយ៍។

តាមរយៈសកម្មភាពជាក់ស្តែងនៅលើសមរភូមិ មហិច្ឆតាពិតប្រាកដរបស់អ៊ីស្រាអែល មិនមែនត្រឹមតែជាការវាយបកធម្មតានោះទេ ប៉ុន្តែគឺជាការគ្រប់គ្រងទឹកដីមួយផ្នែកនៅភាគខាងត្បូងលីបង់ ដើម្បីកាត់ផ្តាច់ឥទ្ធិពលរបស់ក្រុមហេសបូឡា ទាំងស្រុង។

គោលដៅបន្ទាន់បំផុតរបស់អ៊ីស្រាអែល គឺការបង្កើត «តំបន់ទ្រនាប់សុវត្ថិភាព» ដ៏ធំមួយដែលលាតសន្ធឹងពីព្រំដែន រហូតទៅដល់ទន្លេ លីតានី ដែលមានចម្ងាយប្រមាណ ៣០ គីឡូម៉ែត្រ។

រដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ីស្រាអែល លោក Israel Katz បានប្រកាសថា កងកម្លាំងការពារជាតិអ៊ីស្រាអែល (IDF) នឹងគ្រប់គ្រងតំបន់ភាគខាងត្បូងទាំងស្រុង ហើយបានបើកការវាយប្រហារកម្ទេចស្ពានសំខាន់ៗនៅលើទន្លេលីតានី ដើម្បីកាត់ផ្តាច់ផ្លូវដឹកជញ្ជូនអាវុធ និងការចល័តទ័ពរបស់ក្រុមហេសបូឡា។

សកម្មភាពនេះធ្វើឡើងក្នុងបំណងរុញច្រានកងកម្លាំងទ័ពព្រៃ ឬកងកម្លាំងពិសេសរ៉ាដ្វាន (Radwan Force) របស់ហេសបូឡា ឲ្យដកថយទៅភាគខាងជើង ដើម្បីការពារកុំឲ្យមានការលបចូលវាយប្រហារ និងទប់ស្កាត់ការបាញ់គ្រាប់រ៉ុក្កែត ឬមីស៊ីលប្រឆាំងរថក្រោះសំដៅលើសហគមន៍ប្រជាជនអ៊ីស្រាអែលនៅភាគខាងជើង។

ទន្ទឹមនឹងនេះ គោលដៅរយៈពេលវែងរបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ គឺការបង្ខំឲ្យក្រុមហេសបូឡាចុះចាញ់ដោយគ្មានលក្ខខណ្ឌ និងរំលាយអាវុធរបស់ក្រុមនេះចោល។ មហិច្ឆតានេះមានគោលបំណងកាត់បន្ថយឥទ្ធិពលរបស់អ៊ីរ៉ង់នៅក្នុងតំបន់ ដែលជាអ្នកឧបត្ថម្ភធំផ្នែកហិរញ្ញវត្ថុ និងអាវុធដល់ក្រុមហេសបូឡា និងដើម្បីធានាថាអ៊ីស្រាអែលនឹងទទួលបានសន្តិភាពយូរអង្វែង៕

ដោយ៖ ចិន្តា​ ទីទិ

Leave a Reply

Your email address will not be published. Required fields are marked *

15 + three =

ពេញនិយម

Exit mobile version