អន្តរជាតិ

លោក Netanyahu និង Trump អាចចែកផ្លូវគ្នាដើរទេ ជុំវិញសង្គ្រាមនៅមជ្ឈិមបូព៌ា!

Published

on

53 Views

(យេរូសាឡឹម)៖ ការវាយប្រហារចុងក្រោយរបស់អ៊ីស្រាអែលលើប្រទេសលីបង់ និងអ៊ីរ៉ង់ បានបង្ហាញយ៉ាងច្បាស់ថា ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ និងនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក ប៊ិនចាមីន ណេតាន់យ៉ាហ៊ូ ដែលបានចាប់ផ្តើមសង្គ្រាម ហាក់មានការខ្វែងគំនិតគ្នា បង្ករឱ្យការជំទាស់គ្នាទៅវិញទៅមក។

លោក ត្រាំ បានព្រមានជាសាធារណៈដល់អ៊ីស្រាអែលកុំឱ្យវាយប្រហារទីក្រុងបេរូត ក្នុងសង្គ្រាមរបស់ខ្លួនជាមួយពួកសកម្មប្រយុទ្ធហេសបូឡាដែលគាំទ្រដោយអ៊ីរ៉ង់។ នៅពេលដែលអ៊ីស្រាអែលបានធ្វើដូច្នោះ អ៊ីរ៉ង់បានឆ្លើយតបដោយការបាញ់មីស៊ីលផ្លោងទៅលើអ៊ីស្រាអែលជាលើកដំបូងចាប់តាំងពីបទឈប់បាញ់ខែមេសា។ បន្ទាប់មកអ៊ីស្រាអែលបានវាយប្រហារអ៊ីរ៉ង់ ខណៈលោក ត្រាំ កំពុងចរចារកដោះស្រាយដើម្បីបញ្ចប់ជម្លោះមួយនេះ។

យ៉ាងណាក៏ដោយ ការប្រយុទ្ធគ្នាបានស្ងប់ស្ងាត់ទៅវិញ ប៉ុន្តែភាពខុសគ្នារវាងមេដឹកនាំទាំងពីរទំនងជានៅតែបន្ត។

នោះដោយសារតែលោក ត្រាំ ដែលគណបក្សរបស់លោកប្រឈមមុខនឹងការបោះឆ្នោតនៅចុងឆ្នាំនេះ គឺចង់បញ្ចប់សង្គ្រាមដែលគ្មានប្រយោជន៍សម្រាប់ប្រជាជនអាម៉េរិក និងបើកច្រកសមុទ្រហ័រមូសឡើងវិញ ដើម្បីបន្ធូរបន្ថយតម្លៃប្រេងឥន្ធនៈសកល។ ស្របពេលអ៊ីរ៉ង់អះអាងថា បទឈប់បាញ់ពេញលេញនៅក្នុងប្រទេសលីបង់គឺជាគន្លឹះនៃកិច្ចព្រមព្រៀងមួយផ្នែក។

លោក ណេតាន់យ៉ាហ៊ូ ក៏ប្រឈមមុខនឹងការបោះឆ្នោតនៅឆ្នាំនេះដែរ កំពុងស្ថិតនៅក្រោមសម្ពាធដើម្បីបញ្ឈប់ការវាយប្រហាររបស់ក្រុមហេសបូឡា និងបញ្ជាក់ថាលោកកំពុងឈ្នះសង្គ្រាមជាមួយអ៊ីរ៉ង់។

បញ្ហានយោបាយជំរុញឱ្យមានគំនិតផ្ទុយគ្នា

នៅពេលដែលសហរដ្ឋអាម៉េរិក និងអ៊ីស្រាអែលបានវាយប្រហារអ៊ីរ៉ង់នៅថ្ងៃទី២៨ ខែកុម្ភៈ សម្ព័ន្ធមិត្តទាំងពីរហាក់ដូចជាប្រកៀកស្មាគ្នាយ៉ាងជិតស្និទ្ធ។

លោក Netanyahu ថាគោលដៅគឺដើម្បីបន្ទាបបន្ថោកយោធារបស់សាធារណរដ្ឋអ៊ីស្លាម លុបបំបាត់កម្មវិធីមីស៊ីលនុយក្លេអ៊ែរ និងមីស៊ីលផ្លោង និងផ្តួលរំលំរដ្ឋាភិបាលរបស់អ៊ឺរ៉ង់។ លោក Trump ក៏បានប្រកាសពីការស្លាប់របស់មេដឹកនាំកំពូលរបស់អ៊ីរ៉ង់នៅក្នុងការបាញ់ផ្លោងលើកដំបូង ហើយបានជំរុញឱ្យប្រជាជនអ៊ីរ៉ង់ «ដណ្តើមយក» ប្រទេសរបស់ពួកគេមកវិញផងដែរ។

ប៉ុន្តែមិនយូរប៉ុន្មាន វាច្បាស់ណាស់ថា ខណៈពេលដែលលោក Trump កំពុងស្វែងរកជ័យជម្នះរហ័ស ដូចជាជ័យជម្នះដែលលោកទទួលបាននៅវេណេស៊ុយអេឡា ចំណែកលោក Netanyahu ចង់កម្ចាត់អ៊ីរ៉ង់ និងសម្ព័ន្ធមិត្តរបស់ខ្លួន ទោះបីជាវាតម្រូវឱ្យមានជម្លោះដ៏យូរក៏ដោយ។

វាមិនដូចការគិតនោះឡើយ នៅពេលដែលអ៊ីរ៉ង់បានទប់ទល់នឹងការវាយប្រហារយ៉ាងធ្ងន់ធ្ងរអស់រយៈពេលជាច្រើនសប្តាហ៍ និងបានបិទច្រកសមុទ្រហ័រមូស ជនជាតិអាម៉េរិក និងអ៊ីស្រាអែលកាន់តែមានការខកចិត្ត ប៉ុន្តែដោយសារហេតុផលផ្សេងៗគ្នា។

នៅសហរដ្ឋអាម៉េរិក តម្លៃឧស្ម័ន និងទំនិញផ្សេងទៀតបានកើនឡើងយ៉ាងខ្លាំង ខណៈដែលសូម្បីតែអ្នកគាំទ្រពីមុនមួយចំនួនបានចោទប្រកាន់លោក Trump ថាបានបំពានការសន្យាយុទ្ធនាការឃោសនាបោះឆ្នោត និងធ្វើឱ្យសហរដ្ឋអាម៉េរិកធ្លាក់ចូលទៅក្នុងភាពចលាចលមួយផ្សេងទៀតនៅមជ្ឈិមបូព៌ា។

ដោយឡែក នៅអ៊ីស្រាអែល កំហឹងបានកើនឡើងចំពោះការបរាជ័យរបស់លោក Netanyahu ក្នុងការទទួលបានជ័យជម្នះយូរអង្វែងនៅក្នុងសង្គ្រាមដែលបង្កឡើងដោយការវាយប្រហាររបស់ក្រុមហាម៉ាសនៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ ដែលបានកើតឡើងក្នុងអំឡុងពេលកាន់តំណែងរបស់លោក។ ជាងពីរឆ្នាំក្រោយមក ក្រុមហាម៉ាសនៅតែគ្រប់គ្រងផ្នែកមួយនៃតំបន់ហ្គាហ្សា ក្រុមហេសបូឡានៅតែបាញ់រ៉ុក្កែត ហើយរដ្ឋាភិបាល និងកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់នៅតែដដែល ទោះបីជាមានការខាតបង់យ៉ាងធ្ងន់ធ្ងរក៏ដោយ។

វាមិនច្បាស់ទេថាតើនឹងមានការចែកផ្លូវគ្នារវាងអាម៉េរិក និងអ៊ីស្រាអែល

វាមិនមែនជាលើកទីមួយទេដែលលោក Trump បានជំទាស់ជាសាធារណៈជាមួយលោក Netanyahu អំពីប្រតិបត្តិការយោធា។

កាលពីខែមីនា តិចជាងបីសប្តាហ៍ចូលទៅក្នុងជម្លោះ លោក Trump មានការខឹងសម្បារចំពោះការសម្រេចចិត្តរបស់លោក Netanyahu ក្នុងការវាយប្រហារលើវាលឧស្ម័នដ៏សំខាន់របស់អ៊ីរ៉ង់ ដែលបានជំរុញឱ្យអ៊ីរ៉ង់សងសឹកប្រឆាំងនឹងហេដ្ឋារចនាសម្ព័ន្ធថាមពលនៅក្នុងឈូងសមុទ្រ៕

ដោយ៖ ចិន្តា ទីទិ

Leave a Reply

Your email address will not be published. Required fields are marked *

3 + 2 =

ពេញនិយម

Exit mobile version