អន្តរជាតិ
កូរ៉េខាងជើង បង្ហាញរោងចក្រថ្មីសម្រាប់អាវុធនុយក្លេអ៊ែរ ចំពេលសត្រូវរបស់ខ្លួនរវល់ធ្វើសង្គ្រាមនៅមជ្ឈិមបូព៌ា
(ក្រុងព្យុងយ៉ាង)៖ កូរ៉េខាងជើងនៅព្រឹកថ្ងៃទី៤មិថុនានេះ បានបង្ហាញរោងចក្រថ្មីមួយ ដើម្បីផលិតឥន្ធនៈគ្រាប់បែកនុយក្លេអ៊ែរ ដោយមេដឹកនាំ គីម ជុងអ៊ុន បានប្រកាសពីផែនការដើម្បីពង្រឹងកងកម្លាំងនុយក្លេអ៊ែរ «ក្នុងអត្រាលឿនរហ័ស» ស្របពេលសត្រូវដ៏ខ្លាំងរបស់ខ្លួនកំពុងរវល់ធ្វើសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ា។
ផ្អែកតាមនាយសេនាធិការចម្រុះរបស់កូរ៉េខាងត្បូង បានវាយតម្លៃទីតាំងនេះថាជារោងចក្រចម្រាញ់អ៊ុយរ៉ាញ៉ូម ហើយខ្លួនកំពុងធ្វើការជាមួយអាម៉េរិក ដើម្បីតាមដានសកម្មភាពនុយក្លេអ៊ែររបស់កូរ៉េខាងជើង។
យោងតាមទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងជើង បានឱ្យដឹងថា រោងចក្រនេះបានប្រើប្រាស់ «បច្ចេកវិទ្យាទំនើបជាងមុន» ប៉ុន្តែមិនបានលម្អិតបន្ថែមទេថាជាបច្ចេកវិទ្យាអ្វីឱ្យពិតប្រាដក។ ហើយវាក៏មិនច្បាស់ថារោងចក្រនេះនៅឯណា ឬពេលណាវាចាប់ផ្តើមប្រតិបត្តិការនោះដែរ។ យ៉ាងណា ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បានបង្ហាញរូបថតដែលហាក់ដូចជាសាលធំមួយដែលមានម៉ាស៊ីន centrifuges ដើម្បីបង្កើនអ៊ុយរ៉ាញ៉ូម សម្រាប់អាវុធនុយក្លែរអ៊ែរ។
ការបង្ហាញរោងចក្រថ្មីនេះ ស្របតាមមហិច្ឆតាម្តងហើយម្តងទៀតរបស់លោក គីម ក្នុងការពង្រីកកម្មវិធីអាវុធនុយក្លេអ៊ែររបស់លោក ដើម្បីទប់ទល់នឹងការគំរាមកំហែងយោធា អាម៉េរិកដែលកំពុងកើនឡើង។
ជាមួយគ្នានេះលោក គីម លើកឡើងថា ភាពបន្ទាន់ក្នុងការបង្កើនអាវុធនុយក្លេអ៊ែរ ទាំងគុណភាព និងបរិមាណ បានកើនឡើងដោយសារតែការប្រឈមមុខដាក់គ្នាជាមួយ «សត្រូវដ៏កាចសាហាវបំផុត» គឺសហរដ្ឋអាម៉េរិក និងកូរ៉េខាងត្បូង។
យោងតាមមន្ត្រីជាន់ខ្ពស់កូរ៉េខាងត្បូងម្នាក់បានទម្លាយនៅក្នុងឆ្នាំ២០១៨ ថា កូរ៉េខាងជើងបានផលិតអាវុធនុយក្លេអ៊ែរចន្លោះពី ២០ ទៅ ៦០ គ្រាប់ ប៉ុន្តែអ្នកជំនាញខ្លះឥឡូវនេះបានប៉ានប្រមាណថាមានជាង ១០០ក្បាលគ្រាប់។ ការប៉ាន់ប្រមាណអំពីចំនួនអាវុធបន្ថែមដែលប្រទេសនេះអាចផលិតបានជារៀងរាល់ឆ្នាំមានចាប់ពីប្រហែលប្រាំមួយទៅ ១៨ គ្រាប់៕
ដោយ៖ ចិន្តា ទីទិ