អន្តរជាតិ
ចិនល្បាតដែនទឹកភាគខាងកើតតៃវ៉ាន់ ដើម្បីឆ្លើយតបទៅនឹងការចរចាព្រំដែនសមុទ្រជប៉ុន និងហ្វីលីពីន
(ប៉េកាំង/តៃប៉ិ)៖ ឆ្មាំសមុទ្រចិន បានធ្វើការល្បាត «អនុវត្តច្បាប់» នៅក្នុងដែនទឹកភាគខាងកើតនៃកោះតៃវ៉ាន់ ដើម្បីឆ្លើយតបទៅនឹងផែនការរបស់ប្រទេសជប៉ុន និងហ្វីលីពីនក្នុងការចាប់ផ្តើមកិច្ចចរចាកំណត់ព្រំដែនសមុទ្រ ដែលត្រួតស៊ីគ្នាជាមួយតំបន់ដែលចិនទាមទារ។
យោងតាមអង្គភាពរ៉យទ័រ បានបញ្ជាក់នៅថ្ងៃទី១ ខែមិថុនាថា តៃវ៉ាន់បានថ្កោលទោសចលនានេះ ប៉ុន្តែខ្លួនបានប្រទះឃើញតែកប៉ាល់ចិនពីរគ្រឿងប៉ុណ្ណោះនៅភាគអាគ្នេយ៍របស់ខ្លួន ដែលមិនបានចូលទៅក្នុងដែនទឹកដែលមានការរឹតបន្តឹង។
ជប៉ុន និងហ្វីលីពីនបានបញ្ជាក់កាលពីសប្តាហ៍មុនថា ពួកគេនឹងចាប់ផ្តើមកិច្ចចរចាជាផ្លូវការលើការកំណត់ព្រំដែនសមុទ្រនៃតំបន់សេដ្ឋកិច្ចផ្តាច់មុខ និងព្រំដែនទ្វីបរវាងប្រទេសទាំងពីរ «ស្របតាមច្បាប់អន្តរជាតិ»។
ទន្ទឹមគ្នានេះ ក្រសួងការបរទេសចិនថា តំបន់នោះគ្របដណ្តប់លើដែនទឹកភាគខាងកើតនៃកោះតៃវ៉ាន់ ដែលទីក្រុងប៉េកាំងចាត់ទុកថាជាទឹកដីរបស់ខ្លួន ដោយបន្ថែមថា ការចរចាបែបនេះគឺ «ខុសច្បាប់ទាំងស្រុង ទុកជាមោឃៈ និងគ្មានសុពលភាព»។
ការអនុវត្តការល្បាតនៅភាគខាងកើតនៃកោះតៃវ៉ាន់ ចិនអះអាងថាគឺជាសកម្មភាពចាំបាច់មួយដែលធ្វើឡើងដើម្បីឆ្លើយតបទៅនឹងប្រទេសជប៉ុន និងហ្វីលីពីនដែលបានប្រកាសជាឯកតោភាគីអំពីការចាប់ផ្តើមការចរចាកំណត់ព្រំដែនសមុទ្រនៅក្នុងដែនទឹកភាគខាងកើតនៃកោះតៃវ៉ាន់របស់ប្រទេសចិន។ ចិនបានអំពាវនាវដល់ប្រទេសជប៉ុន និងហ្វីលីពីន ឲ្យបញ្ឈប់ជាបន្ទាន់នូវសកម្មភាពខុសច្បាប់ទាំងអស់ ដែលរំលោភលើសិទ្ធិ និងផលប្រយោជន៍អធិបតេយ្យភាពរបស់ប្រទេសចិន។
គូសបញ្ជាក់ថា ប្រទេសចិនទាមទារកោះតៃវ៉ាន់ និងសមុទ្រចិនខាងត្បូងស្ទើរតែទាំងមូលតាមរយៈ «ខ្សែបន្ទាត់ប្រាំបួនចំណុច» នៅលើផែនទីរបស់ខ្លួន ដែលកាត់ចូលទៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ប្រទេសហ្វីលីពីន ប្រ៊ុយណេ ម៉ាឡេស៊ី វៀតណាម និងឥណ្ឌូនេស៊ី៕
ដោយ៖ ចិន្តា ទីទិ