អន្តរជាតិ
ព្យុះត្រូពិច Jangmi វាយប្រហារប្រទេសជប៉ុន បណ្តាលឲ្យខូចខាតផ្ទះចំនួន ៦ម៉ឺនខ្នង
(តូក្យូ)៖ ព្យុះត្រូពិចដ៏កាចសាហាវ Jangmi បានបោកបក់ប្រទេសជប៉ុននៅព្រឹកថ្ងៃទី៣ មិថុនានេះ ដោយមានខ្យល់បក់ខ្លាំង និងភ្លៀងធ្លាក់ខ្លាំង ដែលរំខានដល់ការដឹកជញ្ជូន និងអាជីវកម្ម ព្រមទាំងកាត់ផ្តាច់ចរន្តអគ្គិសនីសម្រាប់ផ្ទះរាប់ម៉ឺនខ្នង។
ព្យុះនេះបានវាយប្រហារលើកោះហុនស៊ូកណ្តាល ដោយធ្វើដំណើរឆ្ពោះទៅទិសឦសាន និងទៅកាន់តំបន់តូក្យូ ជាមួយនឹងខ្យល់បក់អតិបរមារហូតដល់ ២៥ ម៉ែត្រ (៨២ ហ្វីត) ក្នុងមួយវិនាទី នេះបើយោងតាមទីភ្នាក់ងារឧតុនិយមជប៉ុន ដោយបន្ថែមថា តំបន់មួយចំនួនតាមបណ្តោយឆ្នេរសមុទ្រប៉ាស៊ីហ្វិកកំពុងស្ថិតក្នុងហានិភ័យកើនឡើងនៃ «គ្រោះមហន្តរាយគំរាមកំហែងដល់អាយុជីវិត»។
ព្យុះនេះ បានកាត់ផ្តាច់ចរន្តអគ្គិសនីជិត ៦០,០០០ គ្រួសាររហូតមកដល់ពេលនេះ នេះបើយោងតាមអ្នកនាំពាក្យរដ្ឋាភិបាល លោក Minoru Kihara។
ការព្រមានអំពីការជម្លៀសត្រូវបានចេញដល់ប្រជាជនរាប់រយរាប់ពាន់នាក់នៅក្នុងខេត្តចំនួនប្រាំបីនៅទូទាំងភាគនិរតី កណ្តាល និងភាគខាងកើតប្រទេសជប៉ុន។
ក្រុមហ៊ុនអាកាសចរណ៍ រួមទាំងក្រុមហ៊ុនអាកាសចរណ៍ Japan Airlines (9201.T) និង All Nippon Airways (9202.T) បានលុបចោលការហោះហើរអន្តរជាតិ និងក្នុងស្រុកជិត ៩០០ ជើងនៅព្រឹកថ្ងៃពុធនេះ។
ជាមួយគ្នានេះ សេវាកម្មរថភ្លើងល្បឿនលឿនមួយចំនួននៅតំបន់ Kyushu នៅភាគនិរតី និងតំបន់ភាគខាងលិចប្រទេសជប៉ុនត្រូវបានពន្យារពេល ខណៈពេលដែលក្រុមហ៊ុន East Japan Railway បានឲ្យដឹងថា សេវាកម្មរថភ្លើងមួយចំនួននៅក្នុងតំបន់តូក្យូត្រូវបានផ្អាក ហើយសេវាកម្មជាច្រើនទៀតអាចរងផលប៉ះពាល់ក្នុងអំឡុងពេលថ្ងៃ។
ដោយត្រៀមខ្លួនសម្រាប់ស្ថានភាពអាកាសធាតុធ្ងន់ធ្ងរ ក្រុមហ៊ុន Toyota Motor បានប្រកាសថា ខ្លួននឹងផ្អាកប្រតិបត្តិការនៅរោងចក្រក្នុងស្រុកចំនួន ១៣។ ក្រុមហ៊ុន Suzuki Motor ក៏កំពុងផ្អាកការងារនៅរោងចក្រទាំងប្រាំនៅក្នុងខេត្ត Shizuoka ភាគខាងកើតទីក្រុងតូក្យូនៅពេលព្រឹកផងដែរ៕