អន្តរជាតិ
ពេញ១យប់! រុស្ស៊ីបានបាញ់មីស៊ីលជិត ៧០គ្រាប់ និងយន្តហោះគ្មានមនុស្សបើកជាង ៧០០គ្រឿង វាយប្រហារអ៊ុយក្រែន បណ្តាលឱ្យស្លាប់និងរបួសរាប់សិបនាក់
ឆមាសថ្មីនៃយប់ឆ្នាំ២០២៦ ថ្ងៃទី១មិថុនានេះ ការវាយប្រហារដោយមីស៊ីល និងយន្តហោះគ្មានមនុស្សបើករបស់រុស្ស៊ីបានសម្លាប់មនុស្សយ៉ាងហោចណាស់ប្រាំបួននាក់ និងធ្វើឱ្យមនុស្សរាប់សិបនាក់រងរបួសធ្ងន់ស្រាល់ទូទាំងប្រទេសអ៊ុយក្រែន ត្រឹមតែប៉ុន្មានថ្ងៃបន្ទាប់ពីប្រធានាធិបតី លោក វ្លាឌីម៊ៀ ហ្ស៊ែលែនស្គី (Volodymyr Zelenskyy) បានព្រមានថាទីក្រុងមូស្គូកំពុងរៀបចំ «ការវាយប្រហារថ្មីដ៏ធំ»។
ទីក្រុងមូស្គូបានទម្លាក់គ្រាប់បែកលើអ៊ុយក្រែនស្ទើរតែរាល់ថ្ងៃចាប់តាំងពីការចាប់ផ្តើមវាយលុកក្នុងឆ្នាំ២០២២ ដែលជារឿយៗបង្កឱ្យមានការសងសឹកពីទីក្រុងគៀវ ខណៈដែលការចរចាដើម្បីបញ្ចប់ជម្លោះដ៏សាហាវបំផុតក្នុងតំបន់អឺរ៉ុបចាប់តាំងពីសង្គ្រាមលោកលើកទី២ នៅតែជាប់គាំងមិនអាចស្វែងរកដំណោះស្រាយបាន។
យោងតាមកងទ័ពអាកាសអ៊ុយក្រែនបានឱ្យដឹងថា រុស្ស៊ីបានបាញ់យន្តហោះគ្មានមនុស្សបើកចំនួន ៦៥៦គ្រឿង និងមីស៊ីលចំនួន ៧៣គ្រាប់ទៅលើអ៊ុយក្រែនពេញមួយយប់ ដែលបង្កអគ្គីភ័យដ៏សន្ធោសន្ធៅ កាត់ផ្តាច់ចរន្តអគ្គិសនី និងធ្វើឱ្យមនុស្សជាប់នៅក្នុងអគារដែលខូចខាត។
ប៉ុន្មានថ្ងៃមុន ប្រធានាធិបតីអ៊ុយក្រែនបានបញ្ជាក់សារជាថ្មីនូវការអំពាវនាវរបស់លោកទៅកាន់សម្ព័ន្ធមិត្ត និងប្រធានាធិបតីអាម៉េរិក ត្រាំ ឱ្យអនុញ្ញាតនិងផ្តល់ហិរញ្ញប្បទានដល់ការផ្គត់ផ្គង់មីស៊ីល Patriot ដែលអាចស្ទាក់ចាប់មីស៊ីលផ្លោងរបស់រុស្ស៊ី។
បើយោងតាមកងទ័ពអាកាសអ៊ុយក្រែនបានបង្ហាញថា រុស្ស៊ីបានបាញ់យន្តហោះគ្មានមនុស្សបើករយៈចម្ងាយឆ្ងាយចំនួន ៨,១៥០ គ្រឿងទៅលើទឹកដីអ៊ុយក្រែនក្នុងខែឧសភានេះ ដែលកើនឡើង ២៤ ភាគរយពីខែមេសា។ ខណៈទីក្រុងគៀវបានស្ទាក់ចាប់យន្តហោះគ្មានមនុស្សបើក និងមីស៊ីលប្រហែល ៩០ ភាគរយនៃយន្តហោះគ្មានមនុស្សបើក និងមីស៊ីលរបស់រុស្ស៊ីដែលចូលមកក្នុងខែឧសភានេះ៕
ដោយ៖ ចិន្តា ទីទិ