អន្តរជាតិ
វៀតណាម ទិញមីស៊ីលល្បឿនលឿនជាងសម្លេង BrahMos ពីឥណ្ឌាតម្លៃ ៦២៩លានដុល្លារ
(ញូវដេលី)៖ ប្រទេសវៀតណាម បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងទិញមីស៊ីលល្បឿនលឿនជាងសម្លេង BrahMos ពីឥណ្ឌា ក្នុងទំហំទឹកប្រាក់ ៦២៩លានដុល្លារ ដែលឥណ្ឌាបានអភិវឌ្ឍរួមគ្នាជាមួយប្រទេសរុស្ស៊ី ហើយកំពុងស្ថិតក្នុង «ដំណាក់កាលចុងក្រោយ» សម្រាប់លក់ទៅឱ្យឥណ្ឌូនេស៊ីផងដែរ នេះបើយោងតាមការលើកឡើងរបស់រដ្ឋមន្ត្រីក្រសួងការពារជាតិឥណ្ឌា លោក Rajesh Kumar Singh។
បើតាមចុះផ្សាយរបស់អង្គភាពរ៉យទ័រនៅថ្ងៃទី៣០ ខែឧសភានេះបានឱ្យដឹងថា ប្រទេសឥណ្ឌា ដែលបាននិងកំពុងផលិតសព្វាវុធក្នុងស្រុកសម្រាប់ការពារបូរណភាពទឹកដី និងការលក់ចេញទៅក្រៅប្រទេស ហើយថ្មីៗនេះបានលក់មីស៊ីលល្បឿនលឿនជាងសំឡេងទៅឱ្យប្រទេសហ្វីលីពីនរួចហើយ។
យ៉ាងណាម៉ិញ កិច្ចព្រមព្រៀងលក់សព្វាវុធទៅឱ្យវៀតណាមអាចមានតម្លៃប្រហែល ៦០ ពាន់លានរូពី (៦២៩ លានដុល្លារ) គឺរួមបញ្ចូលទាំងការបណ្តុះបណ្តាល និងការគាំទ្រផ្នែកភស្តុភារផងដែរ។
ប្រទេសវៀតណាមនឹងក្លាយជាប្រទេសអាស៊ីអាគ្នេយ៍ទីបីដែលទិញប្រព័ន្ធមីស៊ីល BrahMos ដែលបង្កើតឡើងដោយ BrahMos Aerospace ដែលជាក្រុមហ៊ុនបណ្តាក់ទុនរួមគ្នារវាងឥណ្ឌា និងរុស្ស៊ី ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩៨។ វាជាមីស៊ីលល្បឿនលឿនជាងសំឡេងលឿនបំផុតរបស់ពិភពលោក វាអាចបាញ់ចេញពីនាវាមុជទឹក នាវាពិឃាត យន្តហោះ ឬបាញ់ចេញពីដី ហើយហោះក្នុងល្បឿនលឿនជាងសំឡេង៣ដង ដែលធ្វើឱ្យគោលដៅស្ទើរតែមិនអាចគេចផុតបាន។
ខណៈនៅដើមឆ្នាំ២០២២ ប្រទេសហ្វីលីពីនបានបញ្ចប់កិច្ចព្រមព្រៀងតម្លៃ ៣៧៤ លានដុល្លារ ដើម្បីទិញប្រព័ន្ធមីស៊ីល BrahMos ចំនួនបីពីឥណ្ឌា ដោយមានគោលបំណងពង្រឹងសមត្ថភាពកងកម្លាំងប្រដាប់អាវុធហ្វីលីពីនក្នុងការការពារការទាមទារអធិបតេយ្យភាពរបស់ខ្លួននៅក្នុងសមុទ្រចិនខាងត្បូង។ មីស៊ីលដំបូងត្រូវបានប្រគល់នៅក្នុងខែមេសា ឆ្នាំ២០២៤។
ដោយឡែកនៅក្នុងខែមីនា ឆ្នាំនេះ ប្រទេសឥណ្ឌូនេស៊ីបានបញ្ចប់កិច្ចព្រមព្រៀងជាមួយប្រទេសឥណ្ឌា ដើម្បីទិញមីស៊ីលបញ្ជាទិស BrahMos។ ប្រទេសឥណ្ឌូនេស៊ីបានបង្ហាញចំណាប់អារម្មណ៍ក្នុងការទិញប្រព័ន្ធនេះចាប់តាំងពីយ៉ាងហោចណាស់ឆ្នាំ២០១៨។ តាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយឥណ្ឌាមួយបានបញ្ជាក់ថា កិច្ចព្រមព្រៀងនេះនឹងរួមបញ្ចូល ការលក់ប្រព័ន្ធមីស៊ីលមួយ ដែលរួមមានឧបករណ៍បាញ់មីស៊ីល រ៉ាដា និងមីស៊ីល។ ប្រទេសទាំងពីរគ្រោងនឹងចុះហត្ថលេខាបន្ទាប់ពីប្រទេសឥណ្ឌូនេស៊ីបានរៀបចំហិរញ្ញប្បទានរួចរាល់។
ទោះបីជាយ៉ាងណាក៏ដោយ ប្រទេសថៃ និងម៉ាឡេស៊ីក៏បានបង្ហាញពីចំណាប់អារម្មណ៍ក្នុងការទិញយកប្រព័ន្ធមីស៊ីល BrahMos ពីឥណ្ឌាផងដែរ៕