អន្តរជាតិ
យោធាមីយ៉ាន់ម៉ាបង្កើនការប្រយុទ្ធដណ្តើមយកតំបន់រ៉ែដ៏កម្រ និងផ្លូវយុទ្ធសាស្ត្រតាមព្រំដែន
យោធាមីយ៉ាន់ម៉ាបានចាប់ផ្តើមការវាយលុកឡើងវិញទៅកាន់តំបន់ព្រំដែនជាច្រើន រួមទាំងតំបន់មានរ៉ែដ៏កម្រ និងផ្លូវពាណិជ្ជកម្មសំខាន់ៗផ្សេងទៀត មួយខែបន្ទាប់ពីរដ្ឋបាលថ្មីបានគ្រប់គ្រងជាផ្លូវការលើប្រទេសដែលហែកហួរដោយសង្គ្រាម។
យោងតាមអង្គភាពរ៉យទ័របានផ្សាយនៅថ្ងៃទី២៦ឧសភានេះថា មេបញ្ជាការយោធាថ្មី លោក Ye Win Oo ដែលបានឡើងកាន់តំណែងថ្មីៗនេះ កំពុងធ្វើការជំរុញយ៉ាងខ្លាំងក្លាដើម្បីទាមទារយកបន្ទាយយុទ្ធសាស្ត្រព្រំដែនពីកងទ័ពជនជាតិភាគតិច។
ការវាយលុកថ្មីៗនេះរបស់យោធាបានផ្តោតលើរដ្ឋកាឈីន ដែលជាតំបន់សម្បូរទៅដោយធាតុរ៉ែដ៏កម្រដែលជាប់នឹងប្រទេសចិន ក៏ដូចជារដ្ឋឈីននៅតាមព្រំដែនឥណ្ឌា និងច្រករបៀងពាណិជ្ជកម្មសំខាន់មួយនៅក្នុងរដ្ឋការេន ជាប់នឹងប្រទេសថៃ។
ការវាយដណ្តើមទីតាំងនេះបានកើតឡើងបន្ទាប់ពីអតីតមេដឹកនាំយោធាដែលបានក្លាយជាប្រធានាធិបតី លោក មីន អ៊ុង ឡាំង កាលពីខែមុនបានស្នើសុំឱ្យក្រុមឧទ្ទាមដែលប្រឆាំងនឹងរបបយោធាចូលរួមក្នុងការចរចាសន្តិភាពក្នុងរយៈពេល ១០០ ថ្ងៃ ប៉ុន្តែសំណើនេះត្រូវបានកងទ័ពជនជាតិភាគតិចជាច្រើនបានបដិសេធភ្លាមៗ។
ជម្លោះដែលកំពុងបន្តរបស់ប្រទេសមីយ៉ាន់ម៉ាត្រូវបានផ្ទុះឡើងនៅឆ្នាំ២០២១ នៅពេលដែលយោធាបានធ្វើរដ្ឋប្រហារផ្តួលរំលំរដ្ឋាភិបាលស៊ីវិលដែលត្រូវបានជ្រើសរើសតាមបែបប្រជាធិបតេយ្យដឹកនាំដោយលោកស្រី អ៊ុង សាន ស៊ូជី ដែលជាអ្នកឈ្នះរង្វាន់ណូបែល។
ការដណ្តើមយកអំណាចនេះបានបង្កឱ្យមានការបះបោរទូទាំងប្រទេសដែលបានកើនឡើងទៅជាការតស៊ូប្រដាប់អាវុធ ដោយកងទ័ពជនជាតិភាគតិច និងក្រុមឧទ្ទាមជាច្រើនបានរុញច្រានយោធាចេញពីតំបន់ជាច្រើន៕