អន្តរជាតិ

ហេតុអ្វី​អ៊ីរ៉ង់បន្ត​ប្រហារជីវិត​ពលរដ្ឋខ្លួនឯង ខណៈសង្គ្រាម​ជាមួយអាម៉េរិក​មិនទាន់​ចប់!

Published

on

37 Views

ខណៈដែលតួកគីនិងនិងប៉ាគីស្ថាន កំពុងព្យាយាមដើរតួជាអ្នកសម្របសម្រួលដ៏សំខាន់ បំផុតដើម្បីស្វែងរកដំណោះស្រាយដោយសន្តិវិធីដើម្បីបញ្ចប់ជម្លោះរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេហេរ៉ង់ ប៉ុន្តែប្រទេសអ៊ីរ៉ង់បែរជាបានបង្កើនការអនុវត្តទណ្ឌកម្មប្រហារជីវិតយ៉ាងគំហុកទៅលើប្រជាជនខ្លួនឯងទៅវិញ។

បើតាមការផ្សាយរបស់ទីភ្នាក់ងារ DW បានឱ្យដឹងនៅថ្ងៃទី២១ ខែឧសភានេះថា ស្ថានភាពនៅអ៊ឺរ៉ង់បានបង្កើតជាចម្ងល់យ៉ាងខ្លាំងដល់សហគមន៍អន្តរជាតិ ប៉ុន្តែអ្នក​វិភាគ និងអង្គការសិទ្ធិមនុស្ស យល់ថាវាគឺជាយុទ្ធសាស្ត្រដ៏ច្បាស់លាស់មួយរបស់របបដឹកនាំក្រុងតេហេរ៉ង់ ក្នុងការរក្សាអំណាច និងការបង្ក្រាបការបះបោរផ្ទៃក្នុង។ ឫសគល់ចម្បងដែលធ្វើឲ្យអ៊ីរ៉ង់បន្តប្រហារជីវិតមនុស្សជាបន្តបន្ទាប់ គឺដើម្បីបំបាក់ស្មារតីប្រជាជនផ្ទាល់ខ្លួន ក្រោយពេលមានបាតុកម្មប្រឆាំងរដ្ឋាភិបាលទ្រង់ទ្រាយធំ កាលពីចុងឆ្នាំ២០២៥ និងដើមឆ្នាំ២០២៦។

រដ្ឋាភិបាលអ៊ីរ៉ង់ក៏យល់ឃើញថា ភាពមិនច្បាស់លាស់នៃសង្គ្រាមជាមួយអាម៉េរិក និងអ៊ីស្រាអែល អាចធ្វើឲ្យសន្តិសុខផ្ទៃក្នុងរង្គោះរង្គើ និងជំរុញឲ្យប្រជាជនក្រោកឈរឡើងប្រឆាំងរបបដឹកនាំម្តងទៀត។ ហេតុដូចនេះហើយ ទើបតុលាការអ៊ីរ៉ង់បានពន្លឿនការកាត់ទោស និងព្យួរកសកម្មជនបាតុករ ក្រោមបទចោទប្រកាន់ធ្ងន់ធ្ងរដូចជាការបះបោរប្រដាប់អាវុធ អំពើភេរវកម្ម និងការធ្វើប្រវេសនកម្ម ដើម្បីបង្ហាញពីអំណាចដាច់ខាត និងព្រមានពលរដ្ឋដទៃទៀតកុំឲ្យហ៊ានបង្កចលាចល ស្របពេលដែលរដ្ឋភិបាលកំពុងរងសម្ពាធពីខាងក្រៅ។

ស្របពេលជាមួយគ្នានេះ របបដឹកនាំអ៊ីរ៉ង់ក៏ប្រើប្រាស់ការប្រហារជីវិតជាឧបករណ៍នយោបាយសម្រាប់កិច្ចចរចាអន្តរជាតិផងដែរ។ តាមរយៈការបង្ហាញជំហររឹងត្អឹង និងមិនចុះញញើតក្នុងការអនុវត្តច្បាប់ផ្ទៃក្នុង ទីក្រុងតេហេរ៉ង់ចង់ផ្ញើសារទៅកាន់ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ ថាសម្ពាធយោធា ឬទណ្ឌកម្មសេដ្ឋកិច្ចរបស់លោក មិនអាចកំញើញ ឬធ្វើឲ្យរដ្ឋាភិបាលកុម្មុយនីស្តអ៊ីស្លាមមួយនេះទន់ជ្រាយបានឡើយ។

ផ្អែកលើទិន្នន័យពីអង្គការលើកលែងទោសអន្តរជាតិ អ៊ីរ៉ង់បានកាត់ទោសប្រហារជីវិតមនុស្សជាង ២,១៥០ នាក់ ដែលជាចំនួនកើនឡើងយ៉ាងគំហុក។ សហគមន៍អន្តរជាតិមើលឃើញថា ដរាបណាកិច្ចព្រមព្រៀងសន្តិភាពជាផ្លូវការរវាងអាម៉េរិក និងអ៊ីរ៉ង់ មិនទាន់ត្រូវបានចុះហត្ថលេខាជាស្ថាពរ ហើយការហ៊ុមព័ទ្ធសេដ្ឋកិច្ចមិនទាន់ត្រូវបានដកចេញទេនោះ ទីក្រុងតេហេរ៉ង់នឹងនៅតែបន្តប្រើប្រាស់ «ម៉ាស៊ីនប្រហារជីវិត» នេះ ធ្វើជាខែលការពារអំណាចផ្ទៃក្នុងរបស់ខ្លួន ដើម្បីទប់ទល់នឹងរលកបាតុកម្មផង និងដើម្បីបង្កើនទម្ងន់ក្នុងការចរចាជាមួយលោកខាងលិចផង៕

Leave a Reply

Your email address will not be published. Required fields are marked *

19 + 20 =

ពេញនិយម

Exit mobile version