អន្តរជាតិ
រុស្ស៊ីបាញ់សាកល្បងមីស៊ីលអន្តរទ្វីបចម្ងាយជាង ៣ម៉ឺនគីឡូម៉ែត្រ
ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន បានឈរបញ្ជារដោយផ្ទាល់នៃការបាញ់សាកល្បងមីស៊ីលបាលីស្ទិកអន្តរទ្វីបថ្មីមួយគ្រាប់ដែលអាចបាញ់បានចម្ងាយជាង ៣ម៉ឺនគីឡូម៉ែត្រ ដើម្បីធ្វើទំនើបកម្មមីស៊ីលបាញ់នុយក្លេអ៊ែររបស់ទីក្រុងមូស្គូ ត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះបន្ទាប់ពីលោកបានអះអាងថា ការប្រយុទ្ធគ្នានៅអ៊ុយក្រែនជិតដល់ទីបញ្ចប់ហើយ។
លោក ពូទីន បាននិយាយនៅថ្ងៃទី១៣ឧសភានេះថា មីស៊ីល Sarmat ដែលអាចបំពាក់ក្បាលគ្រាប់អាវុធនុយក្លេអ៊ែរ នឹងដាក់ឲ្យបម្រើក្នុងសមរភូមិនៅចុងឆ្នាំនេះ។ វាត្រូវបានសាងសង់ឡើង ដើម្បីជំនួសមីស៊ីល Voyevoda ចាស់ ផលិតដោយសហភាពសូវៀត។
លោកបន្ថែមថា វាគឺជាមីស៊ីលដ៏មានឥទ្ធិពលបំផុតនៅលើពិភពលោក ថាមពលរួមបញ្ចូលគ្នានៃក្បាលគ្រាប់នុយក្លេអ៊ែរ Sarmat មានគោលដៅជាក់លាក់ គឺខ្ពស់ជាងសមភាគីលោកខាងលិចជាងបួនដង។
ប្រធានាធិបតីរុស្ស៊ី បានបន្តអះអាងថា វានឹងធ្វើឱ្យប្រព័ន្ធការពារមីស៊ីលរបស់សហរដ្ឋអាម៉េរិកមិនអាចធ្វើអ្វីបាន ដោយមានសមត្ថភាពហោះហើរក្រោមគន្លងបានចម្ងាយជាង ៣ម៉ឺនគីឡូម៉ែត្រ និងមានសមត្ថភាពទម្លុះប្រព័ន្ធការពារមីស៊ីលរបស់សត្រូវ៕