អន្តរជាតិ
អ៊ីរ៉ង់ ឱ្យជម្រើសដល់អាម៉េរិកតែ២គត់ គឺចរចាដោយសន្តិវិធី ឬចង់ធ្វើសង្គ្រាម
រឿងរ៉ាវរវាងអាម៉េរិក និងអ៊ីរ៉ង់ បានឈានដល់កម្រិតដ៏តានតឹងបំផុតមួយនាពេលថ្មីៗនេះ បន្ទាប់ពីកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ បានចេញមុខគម្រាមគំហែងទៅកាន់លោកប្រធានាធិបតីអាម៉េរិក ដូណាល់ ត្រាំ។
យោងតាម France24 ចេញផ្សាយនៅថ្ងៃទី៣ ខែឧសភានេះដោយ អ៊ីរ៉ង់បាននិយាយបែបឌឺដងថា ឥឡូវនេះ អាម៉េរិកគ្មានផ្លូវរើសច្រើនឡើយ គឺមានតែពីរផ្លូវគត់ ដោយទីមួយគឺត្រូវសុខចិត្តចុះកិច្ចព្រមព្រៀងសន្តិភាពជាមួយអ៊ីរ៉ង់តាមសម្រួល ឬទីពីរ គឺត្រូវបង្ខំចិត្តធ្វើសង្គ្រាមមួយ ដែលអ៊ីរ៉ង់អះអាងថា «អាម៉េរិកមិនអាចទៅរួចជាមួយអ៊ឺរ៉ង់បានឡើយ»។
ការគំរាមខ្លាំងៗរបស់អ៊ីរ៉ង់បែបនេះ ធ្វើឡើងបន្ទាប់ពីលោក ត្រាំ បានមើលងាយ និងបដិសេធចោលនូវផែនការសន្តិភាព ដែលអ៊ីរ៉ង់ទើបតែបានដាក់ស្នើ។ លោក ត្រាំ យល់ថា អ៊ីរ៉ង់នៅមិនទាន់បានសងតម្លៃឲ្យសមរម្យ ចំពោះកំហុសឆ្គង ដែលពួកគេបានធ្វើមកលើពិភពលោកក្នុងរយៈពេល ៤៧ឆ្នាំកន្លងមកនេះនៅឡើយទេ។ ជំហរដាច់ខាតរបស់លោក ត្រាំ បានធ្វើឲ្យអ៊ីរ៉ង់ខឹងសម្បារយ៉ាងខ្លាំង រហូតដល់ថ្នាក់ចេញមកព្រមានថា ជម្រើសសម្រាប់អាម៉េរិកកាន់តែរួមតូចទៅហើយ។
ខណៈពេលដែលមេដឹកនាំកំពុងតែឌឺដងដាក់គ្នា សង្គ្រាមសេដ្ឋកិច្ចក៏កំពុងតែឆេះយ៉ាងសន្ធោសន្ធៅដែរ។ អ៊ីរ៉ង់ បានប្រើវិធីបិទផ្លូវទឹកដឹកជញ្ជូនប្រេងសំខាន់ៗ ដើម្បីធ្វើឲ្យពិភពលោកចលាចល ចំណែកអាម៉េរិកវិញ ក៏បានប្រើវិធីបិទផ្លូវសេដ្ឋកិច្ច ដើម្បីកុំឲ្យអ៊ីរ៉ង់អាចដឹកជញ្ជូនប្រេងបាន។ សូម្បីតែមន្ត្រីយោធាអ៊ីរ៉ង់ ក៏បានព្រមានដែរថា បើអាម៉េរិកហ៊ានប្រើកម្លាំងបាយ ពួកគេនឹងពន្លិចនាវាចម្បាំងអាម៉េរិកឲ្យក្លាយ ជាផ្នូរកប់ក្រោមបាតសមុទ្រ៕