អន្តរជាតិ
មេដឹកនាំសិង្ហបុរី ប្ដេជ្ញាការពារកម្មករ ស្របពេល AI ដណ្ដើមការងារពលរដ្ឋ
(សិង្ហបុរី)៖ នាយករដ្ឋមន្ត្រីសិង្ហបុរី លោក ឡរ៉េន វង់ បានប្រកាសការពារកម្មករ និងបង្កើតឱកាសការងារថ្មីនិងល្អជាងមុន ស្របពេលបញ្ញាសិប្បនិម្មិត (AI) កំពុងផ្លាស់ប្តូរទម្រង់នៃវិស័យឧស្សាហកម្ម និងរចនាសម្ព័ន្ធសេដ្ឋកិច្ចនៅក្នុងប្រទេស។
នៅថ្ងៃទី៣ខែឧសភានេះ មេដឹកនាំសិង្ហបុរី បានទទួលស្គាល់ពីឥទ្ធិពលដ៏ធំនៃបច្ចេកវិទ្យា AI ដែលនឹងធ្វើឱ្យការងារខ្លះត្រូវកាត់បន្ថយ ឬបាត់បង់ទាំងស្រុង ប៉ុន្តែលោកប្តេជ្ញាយ៉ាងមុតមាំថា រដ្ឋាភិបាលនឹងធានាការពារកម្មករនិយោជិតគ្រប់រូប និងបង្កើតការងារឱ្យច្រើន។
លោកបានអះអាងថា «អ្វីដែលខ្ញុំអាចសន្យាជាមួយអ្នកទាំងអស់គ្នាបាននោះ គឺនៅពេលដែលសេដ្ឋកិច្ចរបស់យើងមានការផ្លាស់ប្តូរ យើងនឹងបង្កើតឱកាសការងារថ្មីៗដែលល្អជាងមុន។ យើងប្រហែលជាមិនអាចការពារ រាល់ប្រភេទការងារមិនឱ្យបាត់បង់បានទាំងអស់មែន ប៉ុន្តែយើងនឹងការពាររាល់កម្មករនិយោជិតទាំងអស់។ ព្រោះនៅសិង្ហបុរីកម្មករគ្រប់រូបសុទ្ធតែមានតម្លៃ»។
ជាមួយគ្នានេះ លោក ក៏បានពន្យល់ដែរថា បច្ចុប្បន្ន AI មិនមែនត្រឹមតែជាកម្មវិធីសម្រាប់សួរព័ត៌មានធម្មតាទេ ប៉ុន្តែវាមានសមត្ថភាពខ្ពស់ក្នុងការរៀបចំផែនការ និងដោះស្រាយការងារស្មុគស្មាញជំនួសមនុស្សបានច្រើន។
យ៉ាងណាក៏ដោយ រដ្ឋាភិបាលបានបង្កើតក្រុមប្រឹក្សាការងារត្រីភាគី សម្រាប់ជួយជ្រោមជ្រែងដល់ក្រុមងាយរងគ្រោះ ដូចជាកម្មករដែលត្រូវបានបញ្ឈប់ពីការងារ មនុស្សចាស់ និងស្ត្រីដែលចង់ត្រឡប់ចូលមកបម្រើការងារវិញ៕