អន្តរជាតិ

ឥណ្ឌូណេស៊ី គ្រោងយកថ្លៃសេវាលើនាវាឆ្លងកាត់ច្រកសមុទ្រម៉ាឡាកា

Published

on

76 Views

(ហ្សាកាតា)៖ រដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៊ី លោក Purbaya Yudhi Sadewa បានលើកឡើងពីលទ្ធភាពនៃ «ការកំណត់យកកម្រៃ» លើនាវាដែលធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រម៉ាឡាកា។ គំនិតនេះមានគោលបំណងពង្រឹងឧត្តមភាពយុទ្ធសាស្ត្ររបស់ឥណ្ឌូណេស៊ីនៅតាមបណ្តោយផ្លូវពាណិជ្ជកម្ម និងថាមពលសកល ដែលលោកបានបញ្ជាក់ថា ទទួលបានការបំផុសគំនិតពីផែនការរបស់អ៊ីរ៉ង់នៅច្រកសមុទ្រ Hormuz និងទទួលបានការគាំទ្រពីប្រធានាធិបតីឥណ្ដូនេស៊ី លោក ប្រាបូវ៉ូ ស៊ូប៊ីយ៉ានតូ ផងដែរ។

ប្រាប់សារព័ត៌មាន CNA នៅថ្ងៃទី២៣មេសានេះថា លោក Purbaya បានទទួលស្គាល់ថា ការអនុវត្តគោលនយោបាយនេះនឹងមានភាពស្មុគស្មាញ ហើយបច្ចុប្បន្នវានៅត្រឹមតែជា «គំនិតបឋម» ប៉ុណ្ណោះ។ លោកបានសង្កត់ធ្ងន់ថា រាល់ការសម្រេចចិត្តយកកម្រៃផ្លូវទឹកនេះ ដាច់ខាតត្រូវតែមានកិច្ចព្រមព្រៀងពីប្រទេសម៉ាឡេស៊ី និងសិង្ហបុរី ដែលជាម្ចាស់ដែនទឹកចែករំលែកតាមបណ្តោយច្រកសមុទ្រយុទ្ធសាស្ត្រនេះជាមួយគ្នា។

យ៉ាងណាក៏ដោយ ចំពោះភាពតានតឹងភូមិសាស្ត្រនយោបាយនៅមជ្ឈិមបូព៌ា រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី លោក ម៉ូហាម៉ាត់ ហាសាន់ និងប្រមុខទូតសិង្ហបុរី លោក វីវៀន បាឡាគ្រីស្នាន (Vivian Balakrishnan) បានបញ្ជាក់យ៉ាងច្បាស់នូវជំហររួមគ្នាក្នុងការរក្សាច្រកសមុទ្រម៉ាឡាកាឱ្យនៅតែជាផ្លូវទឹកបើកចំហ និងមានសុវត្ថិភាពសម្រាប់ពាណិជ្ជកម្មអន្តរជាតិ។

លោក ម៉ូហាម៉ាត់ ហាសាន់ បានគូសបញ្ជាក់ថា រាល់ការសម្រេចចិត្តលើច្រកសមុទ្រនេះត្រូវតែផ្អែកលើ «គោលការណ៍ឯកច្ឆន្ទ» រវាងប្រទេសជាប់ដែនទឹកទាំងបួន រួមមាន ម៉ាឡេស៊ី សិង្ហបុរី ឥណ្ឌូណេស៊ី និងថៃ ដោយមិនអាចធ្វើឡើងជាឯកតោភាគីបានឡើយ។ ស្របពេលជាមួយគ្នានេះ លោក វីវៀន បាឡាគ្រីស្នាន ក៏បានប្រកាសបដិសេធចំពោះរាល់ការព្យាយាមបិទ រារាំង ឬការដាក់យកកម្រៃផ្លូវទឹក ដោយចាត់ទុកថាការរក្សាសេរីភាពនៃការធ្វើនាវាចរណ៍គឺជាផលប្រយោជន៍យុទ្ធសាស្ត្រដ៏សំខាន់ និងស្របតាមគោលការណ៍គ្រឹះរបស់អាស៊ាន។

ច្រកសមុទ្រម៉ាឡាកា គឺជាផ្លូវទឹកដ៏ចង្អៀត និងសំខាន់បំផុតមួយក្នុងពិភពលោក ដែលតភ្ជាប់មហាសមុទ្រឥណ្ឌាទៅកាន់សមុទ្រចិនខាងត្បូង។ ផ្លូវទឹកយុទ្ធសាស្ត្រនេះដឹកជញ្ជូនទំនិញជាង ២៥ ភាគរយនៃពាណិជ្ជកម្មសកល ដែលធ្វើឱ្យស្ថិរភាព និងសេរីភាពនៃការឆ្លងកាត់នៅតំបន់នេះ ក្លាយជាបញ្ហាស្នូលនៃសេដ្ឋកិច្ចពិភពលោក៕

Leave a Reply

Your email address will not be published. Required fields are marked *

10 + 11 =

ពេញនិយម

Exit mobile version