អន្តរជាតិ
ធនាគារពិភពលោក៖ កម្ពុជា និងវៀតណាម រីកចម្រើនផ្នែករោងចក្រលេចធ្លោជាងគេនៅអាស៊ីអាគ្នេយ៍
ប្រទេសកម្ពុជា និងវៀតណាម ជាប្រទេស២គត់ក្នុងតំបន់អាស៊ីខាងកើត និងអាស៊ីប៉ាស៊ីហ្វិកដែលមានការកើនឡើងច្រើននៃចំណែកវិស័យកម្មន្តសាលក្នុងសេដ្ឋកិច្ចនៅរយៈពេល២ទស្សវត្សចុងក្រោយ។
ក្នុងរបាយការណ៍របស់ធនាគារពិភពលោកដែលចេញនៅខែមេសា ឆ្នាំ២០២៦នេះ ដែលមានចំណងជើងថា East Asia & Pacific Economic Update Industrial in the Digital Age (បច្ចុប្បន្នភាពសេដ្ឋកិច្ចអាស៊ីខាងកើត និងប៉ាស៊ីហ្វិក គោលនយោបាយឧស្សាហកម្មក្នុងយុគសម័យឌីជីថល) ធនាគារពិភពលោកបានកត់សម្គាល់ថាក្នុងរយៈពេល២០ឆ្នាំចុងក្រោយបណ្ដាប្រទេសភាគច្រើនក្នុងតំបន់អាស៊ីខាងកើត និងប៉ាស៊ីហ្វិក កំពុងជួបប្រទះនូវការថយចុះនៃចំណែកនៃវិស័យឧស្សាហកម្មក្នុងផលិតផលក្នុងស្រុកសរុប (GDP) របស់ខ្លួន លើកលែងតែកម្ពុជា និងវៀតណាម។
ក្នុងរបាយការណ៍នោះក៏បានឱ្យដឹងដែរថាមូលហេតុដែលធ្វើឱ្យប្រទេសទាំងពីរនេះមានកំណើននោះគឺដោយសារកម្ពុជា និងវៀតណាមបានផ្សារភ្ជាប់ខ្លួនយ៉ាងជ្រៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់សាកល ដែលនៅតែរក្សាបាននូវអត្ថប្រយោជន៍ខ្ពស់ក្នុងវិស័យវាយនភណ្ឌ និងកាត់ដេរ។
ទោះជាយ៉ាងណាធនាគារនេះក៏បានព្រមានពីហានិភ័យមួយចំនួនផងដែរដែលអាចប៉ះពាល់ដល់កំណើននេះគឺការប្រែប្រួលនៃគោលនយោបាយពន្ធ និងការដំឡើងពន្ធពីបណ្ដាប្រទេសធំៗ។ បន្ថែមលើនេះកម្ពុជាត្រូវចាំបាច់វិនិយោគបន្ថែមលើវិស័យថាមពល និងដឹកជញ្ជូន ដើម្បីកាត់បន្ថយថ្លៃដើម និងការពង្រឹងជំនាញផ្នែកឌីជីថលដល់កម្លាំងពលកម្មផងដែរ៕