អន្តរជាតិ
តម្លៃប្រេងអន្តរជាតិហក់ឡើង ៦% បន្ទាប់ពីបិទខ្ទប់ច្រកសមុទ្រហ័រមូសជាថ្មី
តម្លៃប្រេងអន្តរជាតិបានស្ទុះងើបឡើងវិញជាង ៦% លើទីផ្សារអាស៊ីនាព្រឹកថ្ងៃចន្ទនេះ បន្ទាប់ពីធ្លាក់ចុះប្រមាណ ៩% កាលពីថ្ងៃសុក្រសប្ដាហ៍មុន ដោយសារតែភាពមិនប្រាកដប្រជានៃដំណោះស្រាយជម្លោះអាម៉េរិក-អ៊ីរ៉ង់ ដែលធ្វើឱ្យទីផ្សារប្រេងមានការប្រែប្រួលខ្លាំង។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។
តម្លៃប្រេងឆៅ ម៉ាក Brent បានកើនឡើង ៦,១១ ដុល្លារ ឬ ៦,៧% ដល់ ៩៦,៤៩ ដុល្លារ/បារ៉ែល គិតត្រឹមម៉ោងជិត ៨ កន្លះ នៅទីក្រុងតូក្យូ (ជប៉ុន)។ តម្លៃប្រេងអាម៉េរិក ម៉ាក WTI ឯណោះវិញ បានកើនឡើង ៦,៥៣ ដុល្លារ ឬ ៧,៧៩% ដល់ ៩០,៣៨ ដុល្លារ/បារ៉ែល។
យ៉ាងណាមិញ តម្លៃប្រេងបានហក់ឡើងជាថ្មីនៅដើមសប្ដាហ៍នេះ ក្រោយភាគីទាំងសងខាងបានចោទប្រកាន់គ្នាទៅវិញទៅមក ថាបានរំលោភលើកិច្ចព្រមព្រៀងឈប់បាញ់ ដោយវាយប្រហារលើកប៉ាល់ជាច្រើនគ្រឿងកាលពីចុងសប្ដាហ៍កន្លងទៅ។
ច្រកសមុទ្រហ័រមូសរួមចំណែកដល់ការដឹកជញ្ជូនប្រេង ១/៥ នៃតម្រូវការសកលប្រចាំថ្ងៃ ហើយការរំខានច្រកនេះ បានធ្វើឱ្យទីផ្សារប្រេងសកលធ្លាក់ចូលទៅក្នុងវិបត្តិ ជាមួយនឹងតម្លៃហក់ឡើងលើស ១០០ ដុល្លារ/បារ៉ែល នាពេលកន្លងមក។
អ្នកវិភាគទីផ្សារបានលើកឡើងថា ទីផ្សារបច្ចុប្បន្ននេះនៅតែរងហានិភ័យអស្ថិរភាពតម្លៃខ្ពស់ ដោយសារតែការវិវត្តចុះឡើងនៃជម្លោះអាម៉េរិក និងអ៊ីរ៉ង់ ដែលគ្មានដំណោះស្រាយរយៈពេលវែង ដើម្បីធានាពីស្ថិរភាព និងសុវត្ថិភាពសម្រាប់ការផ្គត់ផ្គង់៕