អន្តរជាតិ
ត្រឹម១ថ្ងៃ! អ៊ីស្រាអែល វាយប្រហារជាង១០០លើក ផ្តាច់ជីវិតមនុស្សជិត ៣០០នាក់ និងជាង ១០០០នាក់រងរបួសនៅលីបង់
ទោះអាម៉េរិកនិងអ៊ីរ៉ង់ ព្រមព្រៀងគ្នាឈប់បាញ់មែន ប៉ុន្តែអ៊ីស្រាអែលបើងាកទៅវាយប្រហារប្រទេសលីបង់។ ត្រឹមមួយថ្ងៃប៉ុណ្ណោះ លោក នេតានយ៉ាហ៊ូ បានទម្លាក់គ្រាប់បែកសម្លាប់ជនជាតិលីបង់ ២៥៤នាក់ និង ១ ១៦៥នាក់ រងរបួសមិនញញើតដៃឡើយ។
យោងតាមសារអង្គភាព Al Jazeera បានចុះផ្សាយកាលពីថ្ងៃទី៨ខែមេសានេះថា កងទ័ពអ៊ីស្រាអែល បានបើកការវាយប្រហារទ្រង់ទ្រាយធំបណ្តាក់គ្នាជាង១០០លើក នៅទូទាំងប្រទេសលីបង់ ជាពិសេសទម្លាក់គ្រាប់បែកលើតំបន់ពាណិជ្ជកម្ម និងកន្លែងមានប្រជាជនរស់នៅកកកុញកណ្តាលទីក្រុង បេរូត។
កាវាយប្រហារនេះ រដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ីស្រាអែល Israel Katz និយាយថា គឺគ្រាន់តែកំណត់គោលដៅលើក្រុម ហេសបូឡា តែប៉ុណ្ណោះ ប៉ុន្តែមិនលើកឡើងពីការបាត់បង់ជីវិតជនស៊ីវិលរាប់រយនាក់ ដែលមិនពាក់ព័ន្ធសង្គ្រាមឡើយ។
លោកបានបញ្ជាក់ថា «កងទ័ពអ៊ីស្រាអែល បានបើកការវាយប្រហារដ៏គួរឲ្យភ្ញាក់ផ្អើលមួយលើភេរវករហេសបូឡារាប់រយនាក់ នៅតាមមជ្ឈមណ្ឌលបញ្ជាការនានាទូទាំងប្រទេសលីបង់។ នេះគឺជាការវាយប្រហារប្រមូលផ្តុំដ៏ធំបំផុត ដែលក្រុមហេសបូឡាបានរងគ្រោះ ចាប់តាំងពីប្រតិបត្តិការ Beepers»។
សូមជម្រាបថា នេះគឺជាការវាយប្រហារបណ្តាក់គ្នាទ្រង់ទ្រាយធំបំផុតរបស់កងទ័ពអ៊ីស្រាអែលនៅទូទាំងប្រទេសលីបង់ ចាប់តាំងពីខ្លួនបើកប្រតិបត្តិការយោធាថ្មីនៅក្នុងប្រទេសមួយនេះ កាលពីថ្ងៃទី២ខែមីនា៕