អន្តរជាតិ
អ៊ីរ៉ង់ ប្រកាសផ្តល់ប្រាក់រង្វាន់ ៦ម៉ឺនដុល្លារ ដល់នរណាចាប់បានទាហានអាម៉េរិក ដែលនៅរស់ពីការធ្លាក់ F-15
អ៊ីរ៉ង់ បានប្រកាសផ្តល់ប្រាក់រង្វាន់រហូតដល់ទៅ១០ពាន់លានតូម៉ាន់ ស្មើនឹងប្រហែល ៦០ ០០០ដុល្លារអាមេរិក ជូនចំពោះនរណាក៏ដោយ ឲ្យតែចាប់បានទាហានអាមេរិកម្នាក់ ដែលនៅរស់ពីការធ្លាក់យន្តហោះចម្បាំង F-15E។
កងឆ្មាំបដិវត្តន៍ បានបញ្ជាក់កាលពីថ្ងៃទី៣ខែមេសានេះអំពីការបាញ់ទម្លាក់យន្តហោះ នៅកណ្តាលប្រទេសអ៊ីរ៉ង់ ខណៈព័ត៌មានខាងអាម៉េរិកទម្លាយថា ក្នុងយន្តហោះនោះមានទាហាន២នាក់ ម្នាក់ជាអ្នកបើក និងម្នាក់ទៀតជាអ្នកជំនាញបាញ់អាវុធ។
យ៉ាងណា ក្នុងនោះ អ្នកបើកយន្តហោះត្រូវបានអាមេរិករកឃើញនិងសង្គ្រោះបានហើយ នៅឡើយតែអ្នកជំនាញបាញ់អាវុធប៉ុណ្ណោះ ដែលមិនទាន់ដឹងដំណឹង។ ឥឡូវ បើតាមការផ្សាយរបស់ Roya News អ៊ីរ៉ង់បានប្រកាសថា បើនរណាចាប់បានរូបគេទាំងរស់ នឹងទទួលបានប្រាក់រង្វាន់រហូតដល់ទៅ១០ពាន់លានតូម៉ាន់។
យន្តហោះចម្បាំង F-15E Strike Eagle ផលិតដោយក្រុមហ៊ុន Boeing មានតម្លៃប្រហែល ១០០ លានដុល្លារ ក្នុងមួយគ្រឿង ហើយត្រូវបានរចនាឡើងសម្រាប់បេសកកម្មវាយប្រហារទាំងតាមអាកាស និងលើដី។
ទន្ទឹមគ្នានេះ ប្រធានាធិបតីអាម៉េរិក ដូណាល់ ត្រាំ ក៏ទទួលស្គាល់ជាផ្លូវការដែរថា យន្តហោះចម្បាំងនេះពិតជាធ្លាក់មែន ប៉ុន្តែបញ្ជាក់ទៀតថា ការបាញ់ធ្លាក់នេះ នឹងមិនប៉ះពាល់ដល់ការចរចាឡើយ៕