អន្តរជាតិ
អាម៉េរិក-អ៊ីស្រាអែល បាញ់ផ្តាច់ស្ពានដ៏ទំនើបបំផុតរបស់អ៊ីរ៉ង់
អាម៉េរិកនិងអ៊ីស្រាអែល បានបើកការវាយប្រហាររួមគ្នាតាមផ្លូវអាកាសកាលពីថ្ងៃទី២ខែមេសា ដោយទម្លាក់គ្រាប់បែកផ្តាច់ស្ពាន B1 ដ៏សំខាន់មួយនៅក្នុងប្រទេសអ៊ីរ៉ង់ ហើយសម្លាប់មនុស្សចំនួន៨នាក់និងច្រើននាក់ទៀតរងរបួស ខណៈស្ពាននេះ កំពុងស្ថិតក្រោមការសាងសង់នៅឡើយ។
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ Abbas Araghchi ថាការវាយប្រហារលើសំណង់ស៊ីវិល រួមទាំងស្ពានដែលមិនទាន់សាងសង់រួចរាល់នោះ នឹងមិនអាចបង្ខំឲ្យអ៊ីរ៉ង់ចុះចាញ់បានឡើយ។
ទន្ទឹមគ្នានេះ ប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់ បានចេញផ្សាយនូវបញ្ជីឈ្មោះស្ពានសំខាន់ៗនៅតាមបណ្តាប្រទេសក្នុងតំបន់ ដើម្បីកម្ទេចសងសឹកវិញផងដែរ។
បញ្ជីនោះរួមមាន ស្ពានឆ្លងសមុទ្រ Sheikh Jaber Al-Ahmad Al-Sabah នៅគុយវ៉ែត, ស្ពាន King Fahd ដែលតភ្ជាប់អារ៉ាប៊ីសាអូឌីតទៅបារ៉ែន, ស្ពាន Sheikh Zayed និងស្ពាន Sheikh Khalifa នៅអារ៉ាប់រួម ក៏ដូចជាស្ពាន King Hussein, ស្ពាន Damia និងស្ពាន Abdoun នៅហ្ស៊កដានីផងដែរ។
គូសបញ្ជាក់ថា ស្ពាន B1 គឺជាគម្រោងវិស្វកម្មទំនើបដ៏លេចធ្លោមួយរបស់អ៊ីរ៉ង់ ដែលមានប្រវែងប្រហែល ១ ០០០ ម៉ែត្រ និងត្រូវបានសង់ឡើងដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍រវាងទីក្រុងតេហេរ៉ង់និង ខារ៉ាច ព្រមទាំងជួយសម្រួលដល់ការធ្វើដំណើរឆ្ពោះទៅកាន់បណ្តាខេត្តនានានៅភាគខាងជើងនៃប្រទេសផងដែរ៕