អន្តរជាតិ

កាសែតយោធាចិន៖ ជប៉ុនមានសារធាតុភ្លុយតូនីញ៉ូមគ្រប់គ្រាន់សម្រាប់ផលិតក្បាលគ្រាប់នុយក្លេអ៊ែរចំនួន ៥ ៥០០គ្រាប់

Published

on

70 Views

ស្ថាប័នកាសែតរបស់យោធាចិន (PLA Daily) ចោទប្រកាន់ប្រទេសជប៉ុនថា បានឆ្លងកាត់ខ្សែបន្ទាត់ក្រហមហើយ ដែលកំពុងពង្រីកយ៉ាងគ្រោះថ្នាក់នូវឧស្សាហកម្មការពារជាតិរបស់ខ្លួន ទាំងក្នុងសមត្ថភាព, បច្ចេកវិទ្យា និងការចូលរួមជាអន្តរជាតិ។

កាសែត PLA Daily បានអះអាងកាលពីថ្ងៃចន្ទ ទី៣០ ខែមីនាថា ប្រទេសជប៉ុនមានស្តុកសារធាតុនុយក្លេអ៊ែរយ៉ាងសន្ធឹកសន្ធាប់ និងមានបច្ចេកវិទ្យាគ្រប់គ្រាន់ សម្រាប់ផលិតអាវុធនុយក្លេអ៊ែរ។

កាសែតនេះបានបន្តថា សារធាតុភ្លុយតូនីញ៉ូមចំនួន ៤៤.៤តោន ត្រូវបានគេញែកចេញរួចរាល់ហើយត្រឹមដំណាច់ឆ្នាំ២០២៤ ដែលចំនួននេះ គឺគ្រប់គ្រាន់សម្រាប់ផលិតក្បាលគ្រាប់នុយក្លេអ៊ែរបានប្រហែល ៥ ៥០០គ្រាប់។

ការចុះផ្សាយនេះ ក៏បានព្រមានដែរថា នៅពេលដែលជប៉ុនដោះខ្លួនចេញបានទាំងស្រុងពីក្របខណ្ឌនៃ «គោលការណ៍មិនមាននុយក្លេអ៊ែរទាំងបី» (ដែលចែងថាខ្លួននឹងមិនកាន់កាប់ មិនផលិត ឬមិនអនុញ្ញាតឱ្យមានការនាំចូលអាវុធនុយក្លេអ៊ែរ) នោះជប៉ុនអាចនឹងក្លាយទៅជារដ្ឋដែលមានអាវុធនុយក្លេអ៊ែរជាក់ស្តែង ក្នុងរយៈពេលដ៏ខ្លីបំផុត។

បន្ថែមពីនោះ ប្រទេសជប៉ុនបានធ្វើការជាប្រព័ន្ធ ដើម្បីពង្រឹងឧស្សាហកម្មការពារជាតិរបស់ខ្លួន ដោយប្រើលេសបច្ចេកវិទ្យាស៊ីវិល ហើយប្រែក្លាយជាមូលដ្ឋានគ្រឹះសម្រាប់ការផ្លាស់ប្តូរយុទ្ធសាស្ត្រគោលនយោបាយការពារជាតិ និងការបញ្ចេញសក្តានុពលឧស្សាហកម្មយោធារបស់ខ្លួន។

គូសបញ្ជាក់ថា ទីក្រុងតូក្យូបានបែងចែកកញ្ចប់ថវិកាចំនួនប្រមាណ ១០៩.៦លានដុល្លារអាម៉េរិក សម្រាប់កម្មវិធីស្រាវជ្រាវផ្លាស់ប្តូរបច្ចេកវិទ្យាកម្រិតខ្ពស់ នៅក្នុងឆ្នាំ២០២៥ ដែលចំនួននេះ មានការកើនឡើងដល់ទៅ ១៨ដង បើធៀបនឹងឆ្នាំ២០២២ ដែលមានគោលបំណងបំប្លែងបច្ចេកវិទ្យាស៊ីវិលមកប្រើប្រាស់ក្នុងវិស័យយោធា៕

ដោយ៖ ចិន្តា ទីទិ

Leave a Reply

Your email address will not be published. Required fields are marked *

two + fifteen =

ពេញនិយម

Exit mobile version