ពត៌មានទូទៅ
ថៃកំពុងស្របតាមក្បួន កែតាមក្បាច់
ដើម្បីដកឃ្លាពីសម្ពាធអាមេរិក ដំបូងថៃធ្វើតាមសិន ហើយចាំកែកុនតាមក្រោយ ហើយនេះ ក៏មិនមែនជាលើកទី១នៃនយោបាយថៃដែរ តែជាប្រវត្តិសាស្រ្ត។ ថៃស្របតាមក្បួន ហើយកែតាមក្បាច់!
ទី១- អ្នកសារព័ត៌មានបរទេសម្នាក់បានដាក់សំណួររឿងមីនមកខ្ញុំថា ថៃជាន់មីន ដាច់ជើង និង “កុមារម្នាក់ក្នុងខេត្តព្រះវិហារដែលបានស្លាប់” ដោយសារគ្រាប់បែកថៃ ហេតុអ្វីព័ត៌មានថៃមិនផ្សាយ ទាំងដែលកម្ពុជាប្រមូលភស្តុតាងគ្រប់គ្រាន់តាមបទដ្ឋាន ផ្ទុយពីថៃចោទប្រកាន់រឿងមីនមកកម្ពុជាជាលេសនៃការអូសសាច់រឿងទាំងគ្មានមូលដ្ឋានច្បាស់លាស់?
ទី២- ខ្ញុំធ្លាប់បានសរសេររឿងចិន និងអាមេរិក ក្នុងក្រសែភ្នែកថៃ។ ថៃនឹង រេតាមស្នូរ ប្រសិនជាខាងណាមិនស្របតាមបំណងខ្លួន ហើយប្រើក្បួន នៅមុខនរណាល្អដាក់អ្នកនោះ ហើយសេណារីយូនេះ ប្រហែលជាថៃខកចិត្តនឹងពាក្យថា ប្រទេសខ្លួនមានជាងកម្ពុជា ហេតុអ្វីទៅស្របតាមរបៀបការទូតកម្ពុជាដែលនាំសាច់រឿងនេះ ទៅអន្តរជាតិ? ដូច្នេះ ក្បួនមួយដែលទប់នឹងស្ថានភាពនេះ គឺព្រមសិន ចាំកែកុនតាមក្រោយ។ ថៃប្រើយុទ្ធសាស្រ្ត និយាយរឿងមិនពិតដដែលៗ បើនិយាយឱ្យច្រើនដង នោះជារឿងពិត? ចុះភាគីអ្នកអូសថៃចូលតុសន្តិភាពយល់បែបណា?
ទី៣- ជំហរ ម៉ាឡេស៊ី និងអាមេរិក។ សំណួរសួរថា តើអ្នកទាំងពីរ នឹងឈរឱបដៃមើលទេ? ចម្លើយគឺមិនទេ! ម៉ាឡេស៊ី បានចេញមកលូកដៃលើករឿងនេះថា កិច្ចព្រមព្រៀងមិនអាចផ្អាកទេ ខណៈដែលអាមេរិកទំនងជាតបលើរឿងនេះឱ្យចាស់ដៃ ដ្បិតរូបភាពមីននេះ ជារឿងដដែលៗ ប៉ុន្មានដងមកហើយ តែជំហរអាមេរិកក្នុងការនាំសន្តិភាពមកប្រទេសទាំងពីរ គឺមិនផ្អៀង ព្រោះខ្លួនក៏មានប្រយោជន៍ក្នុងអាស៊ានដែរ។
ទី៤- ជំហរកម្ពុជា។ កម្ពុជាទំនងធន់លើរឿងនេះ ហើយឈរលើកិច្ចព្រមព្រៀងដដែល ខណៈដែលប្រភពព័ត៌មាន គឺសំខាន់ណាស់នាពេលនេះ។ ខ្ញុំខ្លួនឯង គិតថាមិនគួរ! ខ្ញុំឃើញមានបងប្អូនខ្លះ យករូបថតផ្កាយរណបពី Internet ថាជាទាហានថៃ ហើយ យកវីដេអូ ផលិតដោយ AIរបស់ត្រាំ មកផ្សាយតៗគ្នា ដែលរូបភាពនេះ គឺមិនចំណេញទេ ហើយបើអាចរកប្រភពសិន។ ត្រូវចាំថា ទោះជាភាសាបែបណា សម្ដីបែបណា គួរណាតែរក្សាព័ត៌មានណាដែលប្រាកប្រជាបានហើយ។ គួរណាតែតាមដានប្រភពរាជរដ្ឋាភិបាល។
ទី៥- ថៃជ្រើសរើសផ្លូវនេះ គឺជារឿងរបស់ថៃ តែយើងគួរផ្ដល់ជំហររួម ក្នុងការទប់ស្កាត់នឹងរបៀបដែលថៃដើរ ក្នុងសំឡេងតែមួយ។ ភាពឈឺចាប់ខ្លះ តបដោយកំហឹងមិនខុសទេ តែភាពឈឺចាប់ដែលតបដោយប្រាជ្ញា និងរួមជាឆ្លុងមួយ គឺជាការឆ្លើយតបដោយភាពត្រឹមត្រូវបំផុត។ រឿងខ្លះ ខ្ញុំមិនសរសេរ តែខ្ញុំដឹង ព្រោះខ្ញុំដឹងថា សរសេរទៅអត់ចំណេញ។ សាមគ្ដីជាកូនសោ!
ទី៦- ចាំមើលចិន? ហើយប្រុងជានិច្ច!