ពត៌មានទូទៅ
ហ្វីលីពីនជម្លៀសប្រជាជនជាង១សែននាក់ ខណៈព្យុះ Fung-wong បង្កើនកម្លាំងទៅជាព្យុះទីហ្វុង
ប្រទេសហ្វីលីពីនបានជម្លៀសប្រជាជនជាង ១០០.០០០ នាក់នៅទូទាំងតំបន់ភាគខាងកើត និងភាគខាងជើងរបស់ខ្លួន ខណៈព្យុះ Fung-wong បានបង្កើនកម្លាំងទៅជាព្យុះទីហ្វុងដ៏មានឥទ្ធិពល នៅថ្ងៃអាទិត្យ ៩ វិច្ឆិកានេះ មុនពេលការព្យាករណ៍បង្ហាញថា អាចនឹងមានភ្លៀងធ្លាក់ខ្លាំង ខ្យល់បក់ខ្លាំង និងរលកយក្ស។
ព្យុះ Fung-wong បោកបក់លើហ្វីលីពីន ប៉ុន្មានថ្ងៃកន្លងមក បន្ទាប់ពីប្រទេសនេះត្រូវបានរងការវាយប្រហារពីព្យុះទីហ្វុង Kalmaegi ដែលបានផ្ដាច់ជីវិតមនុស្ស២០៤នាក់ និងការបំផ្លិចបំផ្លាញដ៏ធ្ងន់ធ្ងរមុនពេលបោកបក់ទៅវៀតណាមសម្លាប់មនុស្ស៥នាក់។
តាមសញ្ញាព្រមានអំពីព្យុះដែលត្រូវបានដំឡើងនៅទូទាំងតំបន់ធំៗរបស់ប្រទេសហ្វីលីពីន រលកសញ្ញាទី៥ដែលជាការព្រមានកម្រិតខ្ពស់បំផុត បានប្រកាសអាសន្ននៅភាគអាគ្នេយ៍នៃកោះ Luzon រួមទាំងកោះ Catanduanes និងតំបន់ឆ្នេរសមុទ្រ Camarines Norte និង Camarines Sur ខណៈទីក្រុងរណបម៉ានីល និងតំបន់ជុំវិញស្ថិតនៅក្រោមសញ្ញាទី ៣។
ព្យុះទីហ្វុង Fung-wong ដែលមានល្បឿនខ្យល់បក់ខ្លាំងរហូតដល់ ១៨៥ គីឡូម៉ែត្រក្នុងមួយម៉ោង ត្រូវបានគេព្យាករណ៍ថា នឹងបោកបក់ចូលខេត្ត Aurora ក្នុងភាគកណ្តាលកោះ Luzon នៅយប់ថ្ងៃអាទិត្យនេះ។
ផ្នែកនានានៃតំបន់ Eastern Visayas បានជួបប្រទះការដាច់ចរន្តអគ្គិសនី។ ចំណែកជើងហោះហើរក្នុងស្រុក និងអន្តរជាតិជាង ៣០០ ត្រូវបានលុបចោល៕