ពត៌មានទូទៅ
ប្រតិបត្តិការពីរទីតាំងនៅក្រុងបាវិត ឃាត់ខ្លួនជនពាក់ព័ន្ធ Online Scams ជាង ៦៥០នាក់
មានជនសង្ស័យចំនួន៦៥៨នាក់ ភាគច្រើនជាជនបរទេស ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួនភ្លាមៗ ក្នុងប្រតិបត្តិការចុះត្រួតពិនិត្យឆែកឆេរទីតាំងចំនួន២កន្លែងពាក់ព័ន្ធករណីសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធ បច្ចេកវិទ្យា (Online Scams) ក្នុងក្រុងបាវិត ខេត្តស្វាយរៀង។
ប្រតិបត្តិការនេះ ធ្វើឡើងកាលពីថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៥។
បើតាមការផ្សាយរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៥ បានឲ្យដឹងថា ដោយគោលដៅទី១ គឺអគារស្ថិតនៅលើផ្លូវបេតុង ភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ជាលទ្ធផលរកឃើញជនបរទេសសរុប ៥៧នាក់ មាន៦សញ្ជាតិ ក្នុងនោះមានជនជាតិខ្មែរចំនួន១២នាក់ដែលធ្វើការផ្នែកអនាម័យ សន្តិសុខ និងបកប្រែ។
ចំណែកគោលដៅទី២ គឺអគារភ្លោះកម្ពស់៩ជាន់ ស្ថិតនៅលើផ្លូវកំពង់ស្ពាន ភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ដោយជាលទ្ធផល រកឃើញជនបរទេសសរុបចំនួន៦០១នាក់ មាន៤សញ្ជាតិ។
តាមរយៈការត្រួតពិនិត្យវត្ថុតាង និងធ្វើកោសល្យវិច្ច័យបឋម គណៈកម្មការចំពោះកិច្ចសន្និដ្ឋានថា គោលដៅទី១ ជាទីតាំងធ្វើសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) តាមរូបភាពក្លែងបន្លំជាសមត្ថកិច្ចដើម្បីគំរាមជនរងគ្រោះ។
ចំណែកគោលដៅទី២ ជាទីតាំងធ្វើសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(Online Scam) ក្រោមរូបភាពវិនិយោគទទួលបានប្រាក់ចំណេញខ្ពស់ ការបង្កើតរូបភាពប្រតិបត្តិការធនាគារក្លែងក្លាយ ការបង្កើតទំនាក់ទំនងក្រោមរូបភាពស្នេហា ការចុះឈ្មោះរត់កីឡាម៉ារ៉ាតុងក្លែងក្លាយ និងការប្រើប្រាស់ បច្ចេកវិទ្យា Ai Deep Fake ក្លែងវីដេអូ និងរូបភាព សម្រាប់ក្លែងអត្តសញ្ញាណ៕