ពត៌មានទូទៅ
ចំនួនអ្នកស្លាប់ដោយសារទឹកជំនន់ នៅវៀតណាម ឡើងដល់ ៣៥នាក់
មន្ត្រីគ្រប់គ្រងគ្រោះមហន្តរាយ នៅថ្ងៃទី២ ខែវិច្ឆិកានេះ បានឲ្យដឹងថា ភ្លៀងធ្លាក់យ៉ាងដ៏ខ្លាំង និងការជន់លិចនៅភាគកណ្តាលនៃប្រទេសវៀតណាម ក្នុងសប្តាហ៍នេះ បានបណ្ដាលឲ្យមនុស្សយ៉ាងហោចណាស់ ៣៥នាក់បាត់បង់ជីវិត ខណៈយ៉ាងតិច៥នាក់ទៀតកំពុងបាត់ខ្លួននៅក្នុងទឹកជំនន់។
ភ្លៀងខ្លាំងចាប់តាំងពីចុងសប្តាហ៍មុនបង្កឲ្យមានកម្រិតទឹកកម្ពស់រហូតដល់ ១,៧ម៉ែត្រ ក្នុងរយៈពេលត្រឹម២៤ម៉ោង។
អាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយវៀតណាម បានរាយការណ៍ថា អ្នកស្លាប់ចំនួន ៣៥នាក់ មាននៅក្នុងខេត្ត Hue, Da Nang, Lam Dong និង Quang Tri។
ទីក្រុងបុរាណ Hoi An ដែលជាតំបន់បេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ (UNESCO) ត្រូវបានជន់លិចជម្រៅត្រឹមចង្កេះ ដោយមានអ្នកស្រុកធ្វើដំណើរក្នុងទីក្រុងតាមទូកឈើ បន្ទាប់ពីទឹកទន្លេបានឡើងហៀរពោរពាសក្នុងកម្រិតខ្ពស់ជាលើកដំបូង ក្នុងរយៈពេល ៦០ឆ្នាំមកនេះ។
ពេលនេះមានផ្ទះសម្បែងជាង ១៦.៥០០ខ្នង ត្រូវបានជន់លិច ខណៈដែលសត្វចិញ្ចឹមជាង ៤០.០០០ក្បាល ត្រូវបានទឹកជំនន់ហូរនាំទៅ ហើយផ្ទៃដីដំណាំជាង ៥.៣០០ហិកតា បានលិចក្នុងទឹក។
ក្រសួងបរិស្ថានរបស់វៀតណាម បញ្ជាក់ថា ផ្ទះសម្បែងសរុបជាង ១០០.០០០ខ្នង ត្រូវបានជន់លិច ហើយមានការរាយការណ៍ពីបំណាក់ដី មានច្រើនជាង ១៥០កន្លែង៕