ពត៌មានទូទៅ
មន្ទីរពេទ្យជ័យវរ្ម័នទី៧ វះកាត់សង្គ្រោះទារកមានទំងន់លើសប្រក្រតីជិត ៦គីឡូក្រាម
ទារកមានទំងន់កំណើតលើសប្រក្រតី ៥.៦kg ត្រូវបានក្រុមវេជ្ជបណ្ឌិតឯកទេសសម្ភព នៃមន្ទីរពេទ្យជ័យវរ្ម័នទី៧ បានសម្រេចជួយសង្គ្រោះដោយធ្វើការវះកាត់ជោគជ័យ នៅវេលាម៉ោង ៨ និង៣៨ នាទី ថ្ងៃទី ២៤ មេសា ២០២៥នេះ។ នេះបើយោងតាមទំព័រហ្វេសបុក Dr. Beat Richner។
ទារកភេទប្រុស មានទំងន់ពីកំណើត ទទួលអន្តរាគមន៍ពិនិត្យព្យាបាល និងថែទាំដោយវេជ្ជបណ្ឌិតឯកទេសទារករួចបញ្ជូនទៅព្យាបាលបន្តនៅសាលសង្គ្រោះទារក នៃមន្ទីរពេទ្យជ័យវរ្ម័នទី៧។ ចំណែកស្រ្តីជាម្តាយអាយុ ៣៤ឆ្នាំ មានទីលំនៅនៅភូមិ២ ឃុំកំពង់ស្វាយ ស្រុកសេរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ ស្ថានភាពសុខភាពល្អប្រសើរក្រោយវះកាត់។
ក្រុមវេជ្ជបណ្ឌិតឯកទេសសម្ភព និងទារក នៃមន្ទីរពេទ្យជ័យវរ្ម័នទី៧ ពន្យល់ថា៖ ការធ្វើអន្តរាគមន៍វះកាត់សម្រាលនេះ គឺមានគោលបំណងកាត់បន្ថយទប់ស្កាត់កត្តាហានិភ័យដែលអាចកើតមាននៅលើស្រ្តីជាម្តាយ ដូចជា ហូរឈាមច្រើនក្រោយសម្រាល ព្រមទាំងប្រឈមលើទារក ដូចជា ការពិបាកសម្រាល ជាប់ស្មា រឺក្បាល របួសបាក់ឆ្អឹងដងកាំបិត វិបត្តិសរសៃប្រសាទដៃ ទារកខ្វះជាតិស្ករ វិបត្តិដង្ហើម និងការសន្លប់ជាដើម។
អ្វីដែលជាការកត់សម្គាល់ និង ស្ថិតក្នុងបេះដូងពលរដ្ឋ រាល់ការព្យាបាលទាំងអស់ គឺឥតគិតថ្លៃសម្រាប់គ្រប់ៗគ្នា ដោយគ្មានការរើសអើង៕