សិល្បះ
សិល្បៈករថតរូប លោក សុវណ្ណ ភីឡុង ទទួលបានគ្រឿងឥស្សរិយយសផ្នែកសិល្បៈពីក្រសួងវប្បធម៌នៃសាធារណៈរដ្ឋបារាំង
លោក សុវណ្ណ ភីឡុង ជាជនជាតិខ្មែរម្នាក់ដែលជាសិល្បៈករថតរូប និងកំពុងកាន់ការងារជាអ្នកគ្រប់គ្រងសាលាថតរូប ឈ្មោះថា «ផ្ទះរូបថត» ឬ Studio Image ត្រូវបានក្រសួងវប្បធម៌នៃសាធារណៈរដ្ឋបារាំង ជ្រើសរើសជាជ័យលាភី ដោយផ្តល់ជូននូវគ្រឿងឥស្សរិយយសកម្រិតខ្ពស់ «ថ្នាក់អស្សរិទ្ធ» របស់ប្រទេសបារាំង ផ្នែកសិល្បៈថតរូប។
ការប្រគល់ជូនមេដាយលំដាប់អន្តរជាតិនេះ បានរៀបចំឡើងនៅរាត្រីថ្ងៃទី ១ ខែមេសា នៅស្ថានទូត បារាំងប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។ ទោះយ៉ាងណាសម្រាប់លោក សុវណ្ណ ភីឡុង ការទទួលបានមេដាយនៅឆ្នាំ២០២៥នេះ ក៏ជាជោគជ័យថ្មីមួយ បន្ថែមលើជ័យលាភី ឬពានរង្វាន់មួយចំនួនទៀត ដែលលោកបានទទួល កាលពីពេលកន្លងៗទៅនៅអឺរ៉ុប និងក៏បន្ទាប់ពីឆ្នាំមុន លោកបានទទួលនូវពាន រង្វាន់ Asian Price នៅប្រទេសជប៉ុន។
តាមរយៈការចាប់ផ្តើមជាមួយការងារនេះតាំងពីឆ្នាំ២០០៨មក ការកសាងស្នាដៃថតរូបរយៈពេលជាង១០ឆ្នាំមកនេះ លោក សុវណ្ណ ភីឡុង ចាត់ទុកថា វាជាគុណតម្លៃ និងអត្ថន័យមួយ ដែលកើតចេញពីការខិតខំប្រឹងប្រែង និងការធ្វើការងារដោយយកចិត្តទុកដាក់របស់ខ្លួនលោកផ្ទាល់ផង ព្រមទាំងការមើលឃើញពីការចូលរួមជួយសហគមន៍ ជាប្រយោជន៍សម្រាប់ប្រទេសជាតិយើងផង។
សម្រាប់រូបលោក «ការបង្កើតស្នាដៃ ចំពោះជំនាញថតរូប មិនមែនតែជារូបថត ដែលគេត្រឹមតែ ចេះថតចេញពីម៉ាស៊ីនកាមេរ៉ានោះទេ ប៉ុន្តែជារូបថតមួយដែលត្រូវបានបង្កើតស្នាដៃ ដោយគំនិត របស់សិល្បៈករ»។
ការទទួលបានគ្រឿងឥស្សរិយយសរបស់លោក សុវណ្ណ ភីឡុង នាថ្ងៃនេះ គឺមានន័យថា លោក គឺជាជនជាតិខ្មែរទី២ បន្ទាប់ពីលោក ម៉ក់ រ៉េមីស្សា ដែលត្រូវជាគ្រូរបស់លោកផ្ទាល់ដែលធ្លាប់បានទទួលនូវគ្រឿងឥស្សរយយសកម្រិតដូចគ្នានេះ កាលពីឆ្នាំ ២០២៣កន្លងទៅ។
ជាមួយនឹងមោទកភាពសម្រាប់ខ្លួនលោកផ្ទាល់នាពេលនេះដែរ លោក សុវណ្ណ ភីឡុង សង្ឈឹមថា សិស្សផ្សេងទៀតនឹងមានឱកាសទទួលបានដូចគ្នា នៅពេលដែលយើងមានការខិតខំព្យាយាម ប្រឹងប្រែងរៀនសូត្រ និងធ្វើកិច្ចការងារនេះ៕