ព័ត៌មានអន្តរជាតិ
វៀតណាមសម្រេចដកច្បាប់ដែលអនុញ្ញាតឱ្យបុគ្គលមានអាយុក្រោម ១៨ឆ្នាំ ចុះឈ្មោះជាអ្នកបរិច្ចាគសរីរាង្គ និងជាលិកា បន្ទាប់ពីពួកគេទទួលមរណភាព
បន្ទាប់មានការតវ៉ាពីសាធារណជនយ៉ាងចម្រូងចម្រាសទៅលើច្បាប់មួយ អនុញ្ញាតឱ្យបុគ្គលដែលមានអាយុក្រោម ១៨ឆ្នាំ អាចចុះឈ្មោះជាអ្នកបរិច្ចាគសរីរាង្គ ជាលិកា និងរាងកាយ បន្ទាប់ពីពួកគេទទួលមរណភាព។
រដ្ឋាភិបាលវៀតណាមបានសម្រេចដកចេញនូវសំណើច្បាប់មួយ ដែលពីមុនគ្រោងនឹងអនុញ្ញាតឱ្យបុគ្គលដែលមានអាយុក្រោម ១៨ ឆ្នាំ អាចចុះឈ្មោះជាអ្នកបរិច្ចាគសរីរាង្គ ជាលិកា និងរាងកាយ បន្ទាប់ពីពួកគេទទួលមរណភាព។ ការកែសម្រួលនេះ ត្រូវបានដាក់បញ្ចូលទៅក្នុងសេចក្តីព្រាងច្បាប់ចុងក្រោយ ស្តីពីការបរិច្ចាគ ការដកយក និងការប្តូរសរីរាង្គ និងជាលិកាមនុស្ស ព្រមទាំងការបរិច្ចាគ និងការប្រមូលយកសាកសពមនុស្ស ដែលត្រូវបានលើកយកមកពិភាក្សាដោយរដ្ឋសភាកាលពីថ្ងៃចន្ទ។
នៅក្នុងសេចក្តីព្រាងច្បាប់មុននេះ ដែលបានដាក់ជូនរដ្ឋសភាវៀតណាមកាលពីថ្ងៃទី២១ ខែតុលា រដ្ឋាភិបាលបានស្នើពង្រីកសិទ្ធិដល់អនីតិជនឱ្យអាចចុះឈ្មោះបរិច្ចាគសរីរាង្គក្រោយពេលស្លាប់ (ករណីស្លាប់ផ្នែកខួរក្បាល ឬឈប់បេះដូង) ក៏ដូចជាការអនុញ្ញាតឱ្យអនីតិជនអាចបរិច្ចាគជាលិកាដែលអាចបង្កើតឡើងវិញបាន ខណៈពេលដែលពួកគេនៅរស់ (អាយុពី ១៥ ដល់ក្រោម ១៨ ឆ្នាំ អាចបរិច្ចាគជូនសមាជិកគ្រួសារ និងអាយុក្រោម ១៥ ឆ្នាំ អាចបរិច្ចាគជូនឪពុកម្តាយ ឬបងប្អូនបង្កើត)។
ទោះបីជាមានការដាក់បញ្ចូលនូវវិធានការការពារយ៉ាងតឹងរ៉ឹងក៏ដោយ ក៏ចំណុចដែលអនុញ្ញាតឱ្យអនីតិជនចុះឈ្មោះបរិច្ចាគសរីរាង្គក្រោយពេលស្លាប់នេះ បានបង្កឱ្យមានភាពចម្រូងចម្រាស និងមតិយោបល់ខុសៗគ្នាជាច្រើនពីមហាជន។
ដោយផ្អែកលើការព្រួយបារម្ភទាំងនេះ រដ្ឋាភិបាលបានធ្វើការកែសម្រួលដោយកំណត់ថា មានតែបុគ្គលដែលមានអាយុចាប់ពី ១៨ ឆ្នាំឡើងទៅប៉ុណ្ណោះ ទើបមានសិទ្ធិបង្ហាញឆន្ទៈ និងចុះឈ្មោះដើម្បីបរិច្ចាគជាលិកា សរីរាង្គ ឬរាងកាយរបស់ខ្លួនបាន។
តាមរយៈការកែសម្រួលថ្មីនេះ លក្ខខណ្ឌនានាពាក់ព័ន្ធនឹងការចុះឈ្មោះ ការផ្លាស់ប្តូរ និងការលុបចោលការចុះឈ្មោះរបស់អនីតិជន ត្រូវបានដកចេញទាំងស្រុង ដែលជួយកាត់បន្ថយ និងលុបបំបាត់ជម្លោះដែលអាចកើតមានរវាងអនីតិជន និងតំណាងស្របច្បាប់របស់ពួកគេជុំវិញបញ្ហានេះ៕