ព័ត៌មានអន្តរជាតិ
ការប៉ះទង្គិចគ្នាហិង្សា ឈានដល់ការដុតអគារកើតឡើងអំឡុងបាតុកម្មនៅបារាំង
អំពើហិង្សា បានផ្ទុះឡើងនៅទូទាំងប្រទេសបារាំង កាលពីថ្ងៃសៅរ៍ អំឡុងថ្ងៃចុងក្រោយនៃបាតុកម្មប្រឆាំងនឹងការលំបាកនៅតាមសាលារៀន និងថ្លៃចំណាយលើការរស់នៅ។
មនុស្សយ៉ាងហោច ១.២០០នាក់ ត្រូវបានចាប់ខ្លួន អំឡុងបាតុកម្មដែលរដ្ឋាភិបាលបារាំង ចាត់ទុកថា ជាការកើនឡើងអំពើហិង្សាដ៏អាក្រក់មួយ ក្នុងនោះមនុស្សប្រហែល ៥៥ម៉ឺននាក់ ត្រូវបានគេប៉ាន់ប្រមាណថា បាននៅតាមដងផ្លូវ។
នៅល្ងាចថ្ងៃសៅរ៍ ក្នុងទីក្រុងប៉ារីស មាននូវការប៉ះទង្គិចគ្នាទ្រង់ទ្រាយធំជាមួយក្រុមនគរបាលបង្រ្កាបកុបកម្មដែលប្រើប្រាស់ឧស្ម័នបង្ហូរទឹកភ្នែក និងកាណុងបាញ់ទឹក លើហ្វូងបាតុករ ។
អគារត្រូវបានដុតបំផ្លាញនៅក្នុងរដ្ឋធានីមួយនេះ ហើយនិងតំបន់ផ្សេងទៀត រួមទាំងនៅទីក្រុង Limoges ដែលអគ្គិភ័យដ៏ធំមួយ បានឆាបឆេះសាលាក្រុង បណ្តាលឲ្យដំបូលអគារបាក់ដោយអន្លើរ ។
ករណីចូលលួចទំនិញក្នុងហាង បានកើតឡើងផងដែរ នៅតាមទីក្រុងជាច្រើន ហើយនិងការបំផ្លិចបំផ្លាញទ្រង់ទ្រាយធំមានគោលដៅលើសាលាក្រុងជាច្រើន ហើយនិងអគារធុរកិច្ច ។
លោកនាយករដ្ឋមន្រ្តី Sébastien Lecornu និយាយថា មន្រ្តីនគរបាល ១៥០នាក់ បានករងរបួស នៅក្នុងភាពរំជើបរំជួលនេះ។
នៅទីក្រុង Lyon លោកអភិបាល Grégory Doucet និយាយថា ការដុតកម្ទេចការិយាល័យទេសចរណ៍ គឺជាសោកនាដកម្មមួយសម្រាប់ទីក្រុងរបស់លោក ពីព្រោះថា វាគឺជាអគារប្រវត្តិសាស្រ្តជានិមិត្តរូបដ៏ល្បីល្បាញមួយសម្រាប់ពួកយើង។
សូមបញ្ជាក់ថា សិស្ស-និស្សិតរាប់ម៉ឺននាក់ បាននាំគ្នាតវ៉ាក្នុងរយៈពេលប៉ុន្មានសប្តាហ៍
កន្លងមកនេះ ជុំវិញកង្វះខាតបុគ្គលិក និងអគារទ្រុធទ្រោម នៅតាមសាលាអនុវិទ្យាល័យ និងវិទ្យាល័យ ដែលត្រូវចូលរៀនដោយសិស្សអាយុចាប់ពី ១៥ឆ្នាំ ដល់ ១៨ឆ្នាំ ៕