ចំណេះដឹងទូទៅ

ចេញពី«រង្វង់ដំណោះស្រាយផ្ទាល់ខ្លួន» ប្រែក្លាយជា «ដំណោះស្រាយរួម» ដើម្បីអនាគតសង្គមជាតិ

Published

on

33 Views

ក្នុងដំណើរជីវិតរស់នៅប្រចាំថ្ងៃ ការចេះជួយខ្លួនឯង និងរៀបចំជីវិតគ្រួសារឱ្យមានសុវត្ថិភាព និងភាពសុខសាន្ត គឺជាកាតព្វកិច្ចដំបូងរបស់មនុស្សគ្រប់រូប។ ប៉ុន្តែ ប្រសិនបើមនុស្សគ្រប់គ្នាក្នុងសង្គមមួយ គិតគូរនិងដោះស្រាយបញ្ហាត្រឹមតែ«រង្វង់ផ្ទាល់ខ្លួន» ដោយមើលរំលងបញ្ហារួមជុំវិញខ្លួន នោះសង្គមជាតិទាំងមូលនឹងមិនអាចឆ្លងផុតពីវិបត្តិ និងភាពទន់ខ្សោយបានឡើយ។ ការចេះជួយអ្នកដទៃ និងការរួមចំណែកដោះស្រាយបញ្ហាសង្គម មិនត្រឹមតែជាគុណធម៌ប៉ុណ្ណោះទេ ប៉ុន្តែជាកាតព្វកិច្ចពលរដ្ឋ ជាពិសេសសម្រាប់អ្នកដែលមានតួនាទីដឹកនាំស្ថាប័នឬដឹកនាំប្រទេស។

ជារឿយៗ យើងតែងតែឃើញរូបភាពនៃ «ដំណោះស្រាយដោយឡែក» នៅក្នុងសង្គម​ដូចខាងក្រោម៖

  • ការខិតខំដាំបន្លែ ផ្លែឈើ…សម្រាប់ហូបខ្លួនឯង នៅតាមចម្ការផ្ទាល់ខ្លួនឬជុំវិញផ្ទះ ដើម្បីគេចចេញពីបន្លែ ផ្លែឈើ ដែលមានគីមីលើសកម្រិតសុវត្ថិភាពនៅលើទីផ្សារ។
  • ការខិតខំសន្សំទ្រព្យសម្បត្តិដើម្បីបញ្ជូនកូនទៅរៀននៅបរទេស ដោយសារតែការយល់ឃើញថាគុណភាពនៃ​ប្រព័ន្ធអប់រំក្នុងស្រុកនៅមានកម្រិត។
  • ការសម្រេចចិត្តស្វែងរកសេវាព្យាបាលជំងឺនៅមន្ទីរពេទ្យក្រៅប្រទេស ដោយសារខ្វះទំនុកចិត្តលើគុណភាពរបស់គ្រូពេទ្យ សីលធម៌វិជ្ជាជីវៈ ថ្នាំពេទ្យ និងឧបករណ៍វេជ្ជសាស្ត្រក្នុងស្រុក។
  • ឬរហូតដល់ការចាកចេញទៅរស់នៅបរទេស ដើម្បីគេចចេញពីប្រព័ន្ធគ្រប់គ្រង និងការដឹកនាំដែលនៅមានចន្លោះប្រហោង ជាដើម។

​ទង្វើនិងជម្រើសទាំងនេះ ពិតជាមិនអាចបន្ទោសបានឡើយ ពីព្រោះវាជាសភាវគតិនៃការការពារខ្លួននិងគ្រួសារ។ ប៉ុន្តែ តើវាជាដំណោះស្រាយប្រកបដោយចីរភាពសម្រាប់សង្គមទាំងមូលដែរឬទេ?

​ចម្លើយ គឺ«មិនមែនទេ»! ការរត់គេចវេះពីបញ្ហាឬការបង្កើត«កោះសុវត្ថិភាពតូចមួយ» សម្រាប់តែខ្លួនឯង មិនបានធ្វើឱ្យបន្លែ ផ្លែឈើដែលមានជាតិគីមីនៅលើទីផ្សារបាត់បង់ មិនបានធ្វើឱ្យសាលារៀនក្នុងស្រុកមានគុណភាពប្រសើរឡើង មិនបានធ្វើឱ្យមន្ទីរពេទ្យក្នុងស្រុកអភិវឌ្ឍប្រសើរជាងមុន ហើយក៏មិនបានធ្វើឱ្យប្រព័ន្ធគ្រប់គ្រងសង្គមមានភាពប្រពៃជាងមុនដែរ។ ប្រជាពលរដ្ឋភាគច្រើនដែលគ្មានធនធាន និងគ្មានលទ្ធភាព នឹងនៅតែបន្តរងគ្រោះពីបញ្ហាឫសគល់ទាំងនោះដដែល។

ចូរអ្នកផ្លាស់ប្តូរការគិត ចេញពី«អត្មានិយម» ទៅ «ការគិតអំពីសង្គមទាំងមូល»

​ដើម្បីកសាងសង្គមមួយដែលមានរឹងមាំ និងមានសមធម៌ យើងចាំបាច់ត្រូវផ្លាស់ប្តូរ​ការគិតពី «ការដោះស្រាយបញ្ហាដោយឡែក» មកជា «ការដោះស្រាយបញ្ហារួម» និងពី «ផលប្រយោជន៍បុគ្គល» ទៅ «ផលប្រយោជន៍រួម»៖

១.ចំពោះពលរដ្ឋទូទៅ៖ ជំនួសឱ្យការដាំបន្លែ ផ្លែឈើសម្រាប់ហូបតែខ្លួនឯង យើងអាចរួមគ្នាសហការបង្កើតជាសហគមន៍កសិកម្មសុវត្ថិភាព ទាមទារ និងជួយជំរុញឱ្យមានការត្រួតពិនិត្យគុណភាពចំណីអាហារនៅលើទីផ្សារ។ ជំនួសឱ្យការបោះបង់សាលារៀន ឬមន្ទីរពេទ្យក្នុងស្រុក យើងអាចចូលរួមជាមតិ គាំទ្រ និងជំរុញឱ្យមានការកែទម្រង់ និងលើកកម្ពស់គុណភាពសេវាសាធារណៈទាំងនេះឱ្យកាន់តែល្អជាងមុន។

២.ចំពោះមេដឹកនាំ និងអ្នកគ្រប់គ្រង៖ ភារកិច្ចរបស់អ្នកមិនត្រឹមតែជាការការពារផលប្រយោជន៍ផ្ទាល់ខ្លួន គ្រួសារ ឬស្ថាប័នតូចមួយនោះទេ។ មេដឹកនាំពិតប្រាកដ គឺជាអ្នកដែលហ៊ានប្រឈមមុខនឹងបញ្ហារួម បង្កើតប្រព័ន្ធការងារដែលមានយុត្តិធម៌ លើកស្ទួយសមត្ថភាព និងជីវភាពរបស់អ្នកក្រោមបង្គាប់ និងប្រជាពលរដ្ឋទូទៅ ព្រមទាំងប្រកាន់ខ្ជាប់នូវអភិបាលកិច្ចល្អ។ ការដឹកនាំដែលមានទស្សនវិស័យ គឺការបន្សល់ទុកនូវប្រព័ន្ធការងារ និងស្ថាប័នរឹងមាំសម្រាប់អ្នកជំនាន់ក្រោយ មិនមែនជាការស្វែងរកច្រកចេញស្ងាត់ៗសម្រាប់តែក្រុមគ្រួសារខ្លួននោះឡើយ។

៣.ការបង្កើតផលប៉ះពាល់ជាវិជ្ជមាន៖ នៅពេលដែលយើងម្នាក់ៗ ឬមេដឹកនាំម្នាក់ៗអាច​ ដោះស្រាយបញ្ហារួមបាន នោះមនុស្សរាប់រយ រាប់ពាន់ ឬរាប់លាននាក់នឹងទទួលបានផលប្រយោជន៍ពីវា។ សុខភាពសាធារណៈនឹងបានល្អប្រសើរ គុណភាពអប់រំនឹងបានខ្ពស់ជាងមុន ហើយសេដ្ឋកិច្ចជាតិទាំងមូលនឹងមានលំនឹង។

សង្គមជាតិមួយមិនអាចរីកចម្រើនទៅមុខបានឡើយ ប្រសិនបើពលរដ្ឋនិងមេដឹកនាំប្រកួតប្រជែងគ្នាតែលើការ«រត់គេច»ពីបញ្ហាផ្ទាល់ខ្លួន។ សេចក្តីសុខនិងសុវត្ថិភាពដែលកើតចេញពីការដោះស្រាយបញ្ហាដោយឡែក គឺជាសេចក្តីសុខបណ្តោះអាសន្ន និងប្រឈមមុខនឹងហានិភ័យជានិច្ច ពីព្រោះយើងមិនអាចរស់នៅដោយផ្ដាច់ខ្លួនពីសង្គមបានឡើយ។

​ការចេះជួយខ្លួនឯង គឺជា «ចំណុចចាប់ផ្តើម» ប៉ុន្តែការចេះជួយអ្នកដទៃ ការស្វែងរកដំណោះស្រាយរួម និងការតម្កល់ផលប្រយោជន៍ជាតិជាធំ គឺជា «គោលដៅចុងក្រោយ» នៃមនុស្សជាតិ។ មានតែការរួមគំនិត ស្មារតី និងការទទួលខុសត្រូវរួមគ្នាប៉ុណ្ណោះទេ​ ទើបយើងអាចកសាងសង្គមមួយដែលគ្រួសារនិងបុគ្គលគ្រប់រូប មិនថាតូចឬធំ មានឬក្រ អាចរស់នៅដោយមានសុវត្ថិភាព មានកិត្តិយស និងមានអនាគតភ្លឺស្វាងនៅលើទឹកដីកំណើតរបស់ខ្លួន៕

បណ្ឌិត ឈត ប៊ុនថង អ្នកជំនាញទស្សនវិជ្ជា និងសមាជិកបម្រុងនៃ​រាជ​បណ្ឌិត្យសភាកម្ពុជា

Leave a Reply

Your email address will not be published. Required fields are marked *

fourteen + six =

ពេញនិយម

Exit mobile version