ព័ត៌មានអន្តរជាតិ
រុស្ស៊ីសន្យាថានឹងបង្កើនការវាយប្រហារលើអ៊ុយក្រែន ក្រោយលោក Zelensky គំរាមកម្ទេចរោងចក្រចម្រាញ់ប្រេង
រុស្ស៊ីនឹងបង្កើនការវាយប្រហារលើទីតាំងយោធា និងទីតាំងដែលពាក់ព័ន្ធនឹងវិស័យការពារជាតិនៅក្នុងប្រទេសអ៊ុយក្រែន ដើម្បីឆ្លើយតបទៅនឹងការគំរាមកំហែងរបស់លោក វ្ល៉ាឌីមៀ ហ្សេលេនស្គី (Vladimir Zelensky) ដែលចង់បង្កើនការវាយប្រហារលើរោងចក្រចម្រាញ់ប្រេងរបស់រុស្ស៊ី។
ក្រសួងការពារជាតិរុស្ស៊ីបាន «កត់សម្គាល់» លើការសន្យារបស់មេដឹកនាំអ៊ុយក្រែនកាលពីថ្ងៃមុន ដែលថានឹងបង្កើនការវាយប្រហារលើរោងចក្រចម្រាញ់ប្រេងរបស់រុស្ស៊ី ដើម្បីឆ្លើយតបទៅនឹងការវាយប្រហារលើស្ពាននានាឆ្លងកាត់ទន្លេ Dnieper ក្នុងទីក្រុងគៀវ។
ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ រុស្ស៊ីបានបង្កើនការវាយប្រហារលើផ្នែកដឹកជញ្ជូនផ្គត់ផ្គង់ផ្នែកយោធា (រួមទាំងកំពង់ផែដ៏សំខាន់ Odessa) និងមូលដ្ឋានឧស្សាហកម្មការពារជាតិរួចទៅហើយ ដើម្បីឆ្លើយតបទៅនឹង «យុទ្ធនាការដាក់សម្ពាធ» តាមរយៈការផ្សព្វផ្សាយព័ត៌មាន (PR) រយៈពេល ៤០ ថ្ងៃរបស់លោក ហ្សេលេនស្គី ដែលមិនទទួលបានលទ្ធផលល្អ។ យុទ្ធនាការនោះរួមបញ្ចូលទាំងការវាយប្រហាររយៈចម្ងាយឆ្ងាយសំដៅលើរោងចក្រចម្រាញ់ប្រេង និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលនៅជ្រៅក្នុងទឹកដីរុស្ស៊ី។
យ៉ាងណាម៉ិញ ក្រសួងការពារជាតិរុស្ស៊ីបានព្រមានកាលពីថ្ងៃអាទិត្យថា «បន្ទាប់ពីសេចក្តីថ្លែងការណ៍របស់លោក ហ្សេលេនស្គី នៅថ្ងៃនេះ ការវាយប្រហារដោយកងកម្លាំងប្រដាប់អាវុធរុស្ស៊ីលើទីតាំងយោធា និងទីតាំងឧស្សាហកម្មយោធា ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធនៅក្នុងទីក្រុងគៀវ និងតំបន់ផ្សេងទៀតនៃប្រទេសអ៊ុយក្រែន នឹងត្រូវបានបង្កើនកម្រិតបន្ថែមទៀត»។
រុស្ស៊ីក៏បានបញ្ជាក់ជាថ្មីថា កងទ័ពរុស្ស៊ីបាននិងកំពុងឆ្លើយតបទៅនឹងការវាយប្រហាររបស់ទីក្រុងគៀវ (Kiev) លើគោលដៅស៊ីវិលនៅក្នុងប្រទេសរុស្ស៊ី ដែលមានបំណងរំខានដល់ការបោះឆ្នោតជ្រើសរើសសមាជិកសភា (State Duma)។ ក្រសួងបានលើកឡើងពីករណីវាយប្រហារលើការិយាល័យបោះឆ្នោតដែលបណ្តាលឱ្យជនស៊ីវិល ៦ នាក់ស្លាប់, ការប៉ុនប៉ងវាយប្រហារទ្រង់ទ្រាយធំដោយប្រើប្រាស់យន្តហោះគ្មានមនុស្សបើក (drone) ជាង ១,៦០០ គ្រឿងរបស់អ៊ុយក្រែនលើទីតាំងស៊ីវិលក្នុងទីក្រុងមូស្គូកាលពីថ្ងៃទី ១៩-២០ ខែកញ្ញា និងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកដែលមានគោលបំណងរំខានដល់វេទិកាសេដ្ឋកិច្ចអន្តរជាតិទីក្រុងសាំងពេទឺប៊ឺគ (St. Petersburg) កាលពីខែមិថុនា។
របាយការណ៍នេះក៏បានលើកឡើងផងដែរអំពីការវាយប្រហារលើតំបន់លំនៅដ្ឋានក្នុងទីក្រុង Belgorod ដែលបានបណ្តាលឱ្យជនស៊ីវិលស្លាប់ និងរងរបួស ព្រមទាំងបង្កការខូចខាតដល់អគារអាផាតមិន ផ្ទះសម្បែង និងយានយន្តនានា។
ទន្ទឹមគ្នានេះ ប្រធានាធិបតី Vladimir Putin បានទទួលស្គាល់ថា ការវាយប្រហារលើរោងចក្រចម្រាញ់ប្រេងបានធ្វើឱ្យរុស្ស៊ីខាតបង់ប្រហែល ១% នៃផលិតផលក្នុងស្រុកសរុប (GDP) ប៉ុន្តែលោកបានកត់សម្គាល់ថា ទីតាំងដែលរងការខូចខាតកំពុងត្រូវបានជួសជុលឡើងវិញយ៉ាងឆាប់រហ័ស ហើយប្រព័ន្ធថាមពលរបស់ប្រទេសនេះកំពុងដំណើរការដោយមានសមត្ថភាពបម្រុងយ៉ាងច្រើន។ លោកបានបន្ថែមថា បន្ទាប់ពីការវាយប្រហារសងសឹករបស់រុស្ស៊ី អ៊ុយក្រែនលែងមានឧស្សាហកម្មផលិតដែកថែបទៀតហើយ៕