ព័ត៌មានអន្តរជាតិ

កូរ៉េខាងជើង អះអាងថាគ្មានសត្រូវណាអាចគេចផុតពីការវាយប្រហារដោយមីស៊ីលរបស់ខ្លួនឡើយ

Published

on

57 Views

លោកស្រី គីម យ៉ូជុង (Kim Yo Jong) ដែលជាប្អូនស្រីដ៏មានឥទ្ធិពលរបស់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន (Kim Jong Un) បានប្រកាសកាលពីថ្ងៃសៅរ៍ថា កូរ៉េខាងជើងបានធ្វើតេស្តមីស៊ីលយុទ្ធសាស្ត្ររយៈចម្ងាយមធ្យម ដែលខ្លួនអះអាងថា គ្មានសត្រូវណាអាចគេចផុតពីការវាយប្រហារបានឡើយ។

បើតាមកងទ័ពកូរ៉េខាងត្បូងបាននិយាយថា កូរ៉េខាងជើងបានបាញ់មីស៊ីលផ្លោងមួយគ្រាប់ ដែលបានហោះក្នុងចម្ងាយជាង ៧០០គីឡូម៉ែត្រ (៤៣៥ម៉ាយ) ឆ្ពោះទៅកាន់សមុទ្រនៅឯឆ្នេរសមុទ្រភាគខាងកើតរបស់ខ្លួន។

យ៉ាងណាម៉ិញ លោកស្រី គីម យ៉ូជុង ដែលជាមន្ត្រីជាន់ខ្ពស់នៃគណបក្សកាន់អំណាចរបស់កូរ៉េខាងជើង បានលើកឡើងថា ការធ្វើសមយុទ្ធដោយប្រើប្រាស់ «អាវុធយុទ្ធសាស្ត្រ» គឺមីស៊ីលរយៈចម្ងាយមធ្យមនោះ ត្រូវបានធ្វើឡើងឆ្ពោះទៅកាន់សមុទ្រនៅឯឆ្នេរសមុទ្រភាគខាងកើតរបស់ប្រទេស។

ដោយយោងទៅលើសេចក្តីថ្លែងការណ៍របស់ទីក្រុងសេអ៊ូល និងទីក្រុងតូក្យូ ពាក់ព័ន្ធនឹងចម្ងាយដែលមីស៊ីលបានហោះនោះ ប្អូនស្រីមេដឹកនាំកូរ៉េខាងជើងបាននិយាយថា លទ្ធផលរបស់ពួកគេបានបង្ហាញពីកម្រិតកំណត់នៃសមត្ថភាពតាមដានរបស់ពួកគេ។ ដោយលើកឡើហថា «រាល់ពេលដែលយើងអនុវត្តរបៀបហោះហើរតាមគន្លងរលក (wave-like trajectory) សម្រាប់មីស៊ីល សត្រូវមិនអាចតាមដានគោលដៅបានឡើយ ចាប់តាំងពីចំណុចលោតឡើង (skip points) ដំបូងរបស់វា»។

លោកស្រីបានបន្ថែមថា កូរ៉េខាងត្បូង និងជប៉ុន ក៏ «គួរតែទទួលស្គាល់ល្បឿនរបស់មីស៊ីលនេះដែរ» ប៉ុន្តែមិនបានបញ្ជាក់ពីល្បឿននោះទេ។ នាងបានបន្ថែមទៀតថា មីស៊ីលនេះក៏មានសមត្ថភាពផ្លាស់ប្តូរគន្លងហោះរបស់ខ្លួននៅរយៈកម្ពស់ទាប ដោយមានការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ផងដែរ។ «និយាយម្យ៉ាងទៀត នេះមានន័យថាគ្មានវិធីណាអាចគេចផុតពីការវាយប្រហារនេះបានឡើយ»។

គិតមកទល់ពេលនេះក្នុងឆ្នាំនេះ កូរ៉េខាងជើងបានធ្វើតេស្តបាញ់បង្ហោះមីស៊ីលជាង ១០ លើកមកហើយ។ ទីក្រុងព្យុងយ៉ាងធ្លាប់បានលើកឡើងថា ខ្លួនកំពុងធ្វើតេស្តសាកល្បងប្រព័ន្ធអាវុធប្រភេទថ្មី។ ការធ្វើតេស្តមួយចំនួនបានកើតឡើងបន្ទាប់ពីកូរ៉េខាងជើងបានសម្តែងការប្រឆាំងទៅនឹងសមយុទ្ធយោធារួមគ្នារវាងទីក្រុងសេអ៊ូល និងទីក្រុងវ៉ាស៊ីនតោន។

ដោយឡែក ការបាញ់បង្ហោះនេះបានធ្វើឡើងបន្ទាប់ពីលោកស្រី គីម យ៉ូជុង (Kim Yo Jong) បានចេញសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសុក្រ ដោយបដិសេធការទាមទាររបស់ទីក្រុងសេអ៊ូលដែលចង់បានការសុំទោស ចំពោះករណីដែលទីក្រុងសេអ៊ូលអះអាងថាជាគ្រាប់មីនរបស់កូរ៉េខាងជើង បានបង្កឱ្យទាហានកូរ៉េខាងត្បូងរងរបួសធ្ងន់ធ្ងរនៅក្នុងតំបន់គ្មានយោធា (DMZ) ដែលជាតំបន់មានការការពារយ៉ាងតឹងរ៉ឹងបំផុតស្ថិតនៅចន្លោះកូរ៉េទាំងពីរ៕

Leave a Reply

Your email address will not be published. Required fields are marked *

six + 1 =

ពេញនិយម

Exit mobile version