ព័ត៌មានអន្តរជាតិ
តៃវ៉ាន់ទទួលបានយន្តហោះចម្បាំង F-16V ចំនួន២គ្រឿងលើកដំបូងពីអាមេរិក
(ក្រុងតៃប៉ិ)៖ តៃវ៉ាន់បានទទួលយន្តហោះចម្បាំង F-16V ផលិតនៅសហរដ្ឋអាមេរិកចំនួន ២ គ្រឿងដំបូងរបស់ខ្លួននៅព្រឹកថ្ងៃសុក្រ ទី២តុលានេះ ខណៈដែលដែនកោះមួយនេះកំពុងពង្រឹងសមត្ថភាពយោធារបស់ខ្លួន ដើម្បីទប់ស្កាត់ការវាយប្រហារដែលអាចកើតមានពីសំណាក់ប្រទេសចិន។
យន្តហោះចម្បាំងទាំងនេះគឺជាផ្នែកមួយនៃកិច្ចព្រមព្រៀងដែលមានតម្លៃ ៨ ពាន់លានដុល្លារសម្រាប់ការទិញយន្តហោះ F-16V ចំនួន ៦៦ គ្រឿង ដែលត្រូវបានអនុម័តក្នុងអាណត្តិទីមួយរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) និងគ្រោងនឹងដឹកជញ្ជូនមកដល់នៅឆ្នាំនេះ។ យន្តហោះទាំងនេះ ត្រូវបានគេរំពឹងថានឹងមកដល់នៅដើមខែកញ្ញា បន្ទាប់ពីបានឈប់ចាក់ប្រេងនៅកោះហាវ៉ៃ និងកោះ Guam។
ការមកដល់នៃយន្តហោះទាំងនេះបានកើតឡើងស្របពេលដែលតៃវ៉ាន់កំពុងរង់ចាំការអនុម័តពីទីក្រុងវ៉ាស៊ីនតោន លើកញ្ចប់ជំនួយអាវុធដាច់ដោយឡែកមួយទៀតដែលមានតម្លៃ ១៤ ពាន់លានដុល្លារ ដែលលោក ត្រាំ ធ្លាប់បានផ្អាកដំណើរការ បន្ទាប់ពីមានការជំទាស់ពីប្រទេសចិន។
យ៉ាងណាក៏ដោយ ប្រទេសចិនអះអាងថា តៃវ៉ាន់គឺជាផ្នែកមួយនៃទឹកដីរបស់ខ្លួន ហើយបានគំរាមប្រើប្រាស់កម្លាំងយោធាដើម្បីដណ្តើមយកដែនកោះនេះត្រឡប់មកវិញ។
នៅព្រឹកនេះ យន្តហោះចម្បាំង F-16V ចំនួនពីរគ្រឿង ដែលផលិតដោយក្រុមហ៊ុនការពារជាតិអាមេរិក Lockheed Martin បានចុះចតក្រោមផ្ទៃមេឃស្រឡះ នៅឯមូលដ្ឋានទ័ពអាកាសតៃវ៉ាន់ក្នុងទីក្រុង Taitung ដែលស្ថិតនៅឆ្នេរសមុទ្រភាគអាគ្នេយ៍នៃកោះនេះ។
គូសបញ្ជាក់ថា លោក Trump បានពន្យារពេលមិនទាន់ចុះហត្ថលេខាលើកិច្ចព្រមព្រៀងទិញអាវុធដ៏ធំសម្បើមដែលមានតម្លៃ ១៤ ពាន់លានដុល្លាររបស់តៃវ៉ាន់ ដោយកាលពីខែឧសភា។ លោកបានចាត់ទុកកិច្ចព្រមព្រៀងនេះថាជា «ឧបករណ៍ចរចាដ៏មានប្រសិទ្ធភាព» ក្នុងការដោះស្រាយបញ្ហាជាមួយប្រទេសចិន ដែលធ្វើឱ្យមានការព្រួយបារម្ភថា សន្តិសុខរបស់តៃវ៉ាន់អាចនឹងត្រូវយកទៅធ្វើជាផ្នែកមួយនៃការដោះដូរផលប្រយោជន៍នយោបាយ។
អ្នកជំនាញជឿជាក់ថា ការអនុម័តលើកញ្ចប់ទិញអាវុធនេះទំនងជាមិនអាចកើតឡើងមុនកិច្ចប្រជុំកំពូល G20 នៅសហរដ្ឋអាមេរិកក្នុងខែធ្នូនោះទេ ដែលជាពេលដែលគេរំពឹងថា មេដឹកនាំចិន លោក Xi Jinping និងលោក Trump នឹងជួបគ្នានៅក្នុងជំនួបលើកទី៤ សម្រាប់ឆ្នាំនេះ៕