ព័ត៌មានអន្តរជាតិ

លោក ពូទីន៖ រុស្ស៊ីនឹងប្រើអាវុធគ្រប់ប្រភេទ ប្រសិនបើទឹកដី Kaliningrad ត្រូវបានវាយប្រហារ

Published

on

62 Views

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានប្រកាសនៅថ្ងៃព្រហស្បតិ៍ ទី២ ខែកញ្ញានេះថា រុស្ស៊ីនឹងពិចារណាប្រើប្រាស់ «អាវុធគ្រប់ប្រភេទ» ប្រសិនបើទឹកដី Kaliningrad (ដែលជាទឹកដីដាច់ដោយឡែករបស់រុស្ស៊ី) ត្រូវបានវាយប្រហារ។ ទន្ទឹមនឹងនេះ លោកបានអះអាងថា ទីក្រុងមូស្គូ «គ្មានបំណងវាយប្រហារនរណាម្នាក់ឡើយ»។

ការលើកឡើងរបស់លោកធ្វើឡើងស្របពេលដែលភាពតានតឹងកំពុងកើនឡើងជុំវិញតំបន់ Kaliningrad ដែលជាទឹកដីរបស់រុស្ស៊ីមានការដាក់ពង្រាយកងកម្លាំងយោធាយ៉ាងច្រើនសន្ធឹកសន្ធាប់ និងមានព្រំប្រទល់ជាប់នឹងប្រទេសប៉ូឡូញ លីទុយអានី និងសមុទ្របាល់ទិក។

ចំពោះសង្គ្រាមអូសបន្លាយតាំងពីឆ្នាំ២០២២ លោក ពូទីន បានបញ្ជាក់ថា «ប្រសិនបើមានការវាយប្រហារដោយផ្ទាល់មកលើសហព័ន្ធរុស្ស៊ី… នោះជាការពិតណាស់ បញ្ហាដែលសហព័ន្ធរុស្ស៊ីនឹងដាក់ពង្រាយអាវុធគ្រប់ប្រភេទដែលមាននៅក្នុងដៃរបស់ខ្លួន នឹងត្រូវលើកយកមកពិចារណាជាចាំបាច់ និងភ្លាមៗ នេះជារឿងដែលជៀសមិនរួចឡើយ»។

ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ប្រទេសនានាក្នុងអង្គការណាតូ (NATO) បានធ្វើសមយុទ្ធយោធាជាច្រើននៅតាមបណ្តោយព្រំដែនតំបន់ Kaliningrad។ សកម្មភាពនេះបានជំរុញឱ្យទីក្រុងមូស្គូចេញសេចក្តីថ្លែងការណ៍ថ្កោលទោសដែលខ្លួនហៅថា «ការថ្លែង និងសកម្មភាពបង្កហេតុរបស់ថ្នាក់ដឹកនាំសម្ព័ន្ធភាពអាត្លង់ទិកខាងជើង និងបណ្តាប្រទេសជាសមាជិកណាតូ»។

ចំណែកឯអង្គការណាតូវិញ ក៏បានថ្កោលទោសរុស្ស៊ីចំពោះ «ការគំរាមកំហែងប្រើប្រាស់កម្លាំង រួមទាំងការថ្លែងពាក់ព័ន្ធនឹងអាវុធនុយក្លេអ៊ែរក្នុងលក្ខណៈមិនទទួលខុសត្រូវ» ផងដែរ។

យ៉ាងណាក៏ដោយ នៅថ្ងៃព្រហស្បតិ៍ម្សិលម៉ិញនេះ លោក ពូទីន បានថ្កោលទោសជាថ្មីម្តងទៀតចំពោះ «សមយុទ្ធយោធាដែលធ្វើឡើងជាបន្តបន្ទាប់នៅក្នុងសមុទ្របាល់ទិក» និង «ការប៉ុនប៉ងស្ទាក់ចាប់» នាវារបស់រុស្ស៊ី។ លោកពូទីនថា «ទាំងអស់នេះគឺជាការបង្កើនភាពតានតឹង»។

ទន្ទឹមគ្នានេះ លោក ពូទីន បានគូសបញ្ជាក់ថា «យើងគ្មានបំណងវាយប្រហារនរណាម្នាក់ឡើយ ទោះបីជាក្នុងឆ្នាំ ២០២៩ ឆ្នាំ ២០៣០ ឬឆ្នាំ ២០៥០ ក៏ដោយ»។

លោកបានបន្ថែមថា «ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើយើងប្រឈមមុខនឹងការឈ្លានពាន យើងនឹងបង្ខំចិត្តឆ្លើយតបវិញ។ ប្រជាពលរដ្ឋនៃបណ្តាប្រទេសអឺរ៉ុបចាំបាច់ត្រូវយល់ច្បាស់អំពីចំណុចនេះ»៕

Leave a Reply

Your email address will not be published. Required fields are marked *

five × two =

ពេញនិយម

Exit mobile version