ព័ត៌មានអន្តរជាតិ
ត្រីឆ្លាមមួយក្បាលបានក្លាយជាឯកអគ្គរាជទូតនៅកូរ៉េខាងត្បូង ក្រោយទាក់ទាញអ្នកទស្សនាដល់ទៅ ៦០០,០០០នាក់
(ទីក្រុងសេអ៊ូល)៖ ត្រីឆ្លាមមួយក្បាលដែលបានជាប់គាំងនៅក្នុងប្រឡាយទឹកនៃទីក្រុងកំពង់ផែ Busan (ប៊ូសាន) ប្រទេសកូរ៉េខាងត្បូង បានក្លាយជាប្រធានបទដ៏គួរឱ្យចាប់អារម្មណ៍បំផុតមួយទាក់ទងនឹងសត្វព្រៃនៅក្នុងប្រទេសនេះ ដោយអាជ្ញាធរទីក្រុងបានឱ្យដឹងថា មានមនុស្សប្រហែល ៦០០,០០០នាក់បានសម្រុកទៅទស្សនាមើលវាអំឡុងពេលពីរសប្តាហ៍កន្លងមកនេះ។
ត្រីឆ្លាមដែលមានប្រវែង ៣,៥ម៉ែត្រ (១១,៤៨ហ្វីត) មួយក្បាលនេះ ត្រូវបានគេប្រទះឃើញដំបូងនៅក្នុងផ្លូវទឹកតូចចង្អៀតមួយនៅតំបន់ North Port (កំពង់ផែខាងជើង) កាលពីថ្ងៃទី១៨ ខែកញ្ញា។
នៅពេលដែលពេលវេលាកន្លងផុតទៅដោយត្រីឆ្លាមនោះមិនអាចរកផ្លូវត្រឡប់ទៅកាន់មហាសមុទ្រវិញបាន អាជ្ញាធរបានចាប់ផ្តើមប្រតិបត្តិការជួយសង្គ្រោះមួយកាលពីថ្ងៃអង្គារ ដើម្បីនាំវាចេញទៅក្រៅ ប៉ុន្តែការព្យាយាមនោះមិនទទួលបានជោគជ័យទេ។
យោងតាមវីដេអូដែលផ្សព្វផ្សាយដោយស្ថានីយទូរទស្សន៍ Yonhap News បានឱ្យដឹងថា កងការពារឆ្នេរសមុទ្រ និងស្ថាប័នផ្សេងទៀតបានដាក់ពង្រាយទូកដើម្បីបាញ់ទឹកទៅពីក្រោយត្រីឆ្លាមនោះក្នុងគោលបំណងរុញវាថ្នមៗឆ្ពោះទៅកាន់មហាសមុទ្រ ប៉ុន្តែវាបែរជាហែលគេចចេញពីខ្សែទឹកដែលបាញ់នោះទៅវិញ។
បើតាមកាសែត Chosun Daily បានរាយការណ៍ថា បច្ចុប្បន្នមន្ត្រីនានាកំពុងរៀបចំផែនការប្រើប្រាស់សំណាញ់ដើម្បីនាំត្រីឆ្លាមនោះចេញពីប្រឡាយទឹកនៅថ្ងៃសុក្រ។
ត្រីឆ្លាមនេះ ដែលត្រូវបានគេរាយការណ៍ថាជាប្រភេទ bronze whaler បានក្លាយជាសត្វដ៏ល្បីល្បាញមួយនៅក្នុងប្រទេសកូរ៉េខាងត្បូង ហើយត្រូវបានគេដាក់ឈ្មោះហៅក្រៅថា “Bukangi” (ប៊ូកាងហ្គី) ដែលឈ្មោះនេះបានមកពីពាក្យ “Buk Hang” (ប៊ូកហាំង) ជាភាសាកូរ៉េសម្រាប់ហៅតំបន់ North Port របស់ទីក្រុង Busan បូករួមនឹងអក្សរ “-i” (អ៊ី) នៅក្នុងភាសាកូរ៉េ។
យោងតាមសេចក្តីថ្លែងការណ៍របស់ទីក្រុង Busan និងរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយ ក្នុងអំឡុងពេលឈប់សម្រាកបុណ្យ Chuseok រយៈពេល ៤ ថ្ងៃកាលពីចុងសប្តាហ៍មុន មានមនុស្សប្រហែល ៤៨០,០០០ នាក់បានទៅទស្សនាសួនច្បារមាត់ទឹកដែលជាកន្លែងត្រីឆ្លាមនោះបានជាប់គាំង។ តួលេខនេះគឺខ្ពស់ជាងចំនួនអ្នកទស្សនាជាមធ្យមប្រចាំថ្ងៃនៅសួនច្បារនោះ ដែលជាធម្មតាមានត្រឹមតែប្រហែល ២,០០០ នាក់ប៉ុណ្ណោះនៅថ្ងៃចុងសប្តាហ៍។
នៅថ្ងៃអង្គារកន្លងទៅ ទីក្រុង Busan បានប្រកាសតែងតាំងត្រីឆ្លាមនោះជាឯកអគ្គរដ្ឋទូតកិត្តិយសផ្នែកទំនាក់ទំនងសាធារណៈរបស់ទីក្រុង បន្ទាប់ពីការស្ទង់មតិមួយនៅលើគណនី Instagram ផ្លូវការរបស់ទីក្រុងទទួលបានការគាំទ្រ ៩១% ពីអ្នកចូលរួមប្រហែល ៨,០០០ នាក់៕