ព័ត៌មានអន្តរជាតិ
ចៅស្រីរបស់លោក ត្រាំ ចេញមុខស្វាគមន៍លោក ស៊ី ៩ឆ្នាំក្រោយពីធ្លាប់ច្រៀងបទចម្រៀងភាសាចិនជូនមេដឹកនាំ
កញ្ញា Arabella Kushner ដែលជាចៅស្រីវ័យ ១៥ ឆ្នាំរបស់ប្រធានាធិបតីអាមេរិក Donald Trump បានស្វាគមន៍ប្រធានាធិបតីចិន Xi Jinping នៅឯសេតវិមានកាលពីសប្តាហ៍មុន ពោលគឺ ៩ ឆ្នាំបន្ទាប់ពីនាងបានច្រៀងចម្រៀងជាភាសាចិនជូនមេដឹកនាំចិនរូបនេះស្តាប់ជាលើកដំបូង។
យោងតាមកាសែត New York Post នាងបាននិយាយជាភាសាចិនថា «សូមស្វាគមន៍មកកាន់សហរដ្ឋអាមេរិក» ជាភាសាចិនទៅកាន់លោក Xi និងភរិយារបស់លោកគឺលោកស្រី Peng Liyuan នៅក្នុងពិធីទទួលស្វាគមន៍កាលពីថ្ងៃទី ២៤ ខែកញ្ញា ហើយមេដឹកនាំទាំងពីរនេះបានសម្តែងការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះការធំធាត់របស់នាង។
ដោយស្លៀកឈុតរ៉ូបពណ៌សដែលមានខ្សែក្រវាត់ និងមានប្រវែងត្រឹមពាក់កណ្តាលកំភួនជើង (ម៉ាក Self-Portrait របស់ចក្រភពអង់គ្លេស) នាងបានអង្គុយនៅជួរមុខចន្លោះម្តាយរបស់នាងគឺលោកស្រី Ivanka Trump និងរដ្ឋមន្ត្រីការបរទេស Marco Rubio ខណៈពេលដែលមេដឹកនាំទាំងពីរថ្លែងសុន្ទរកថា។ អនុប្រធានាធិបតី JD Vance និងភរិយាគឺលោកស្រី Usha Vance បានអង្គុយនៅម្ខាងទៀតនៃលោកស្រី Ivanka។
នៅល្ងាចថ្ងៃដដែលនោះ កញ្ញា Arabella បានចូលរួមពិធីលៀងសាយភោជន៍ផ្លូវការជាលើកដំបូងរបស់នាងនៅក្នុងបន្ទប់ East Room ដោយស្លៀកឈុតរ៉ូបពណ៌ខ្មៅវែងអូសដី។ កាសែត Post បានរាយការណ៍ថា នាងបានអង្គុយចន្លោះម្តាយរបស់នាង និងចៅក្រមតុលាការកំពូល Brett Kavanaugh នៅតុរួមជាមួយសមាជិកផ្សេងទៀតនៃតុលាការ។
ដំណើរទស្សនកិច្ចផ្លូវការរបស់លោក Xi ចាប់ពីថ្ងៃទី ២៣ ដល់ ២៥ ខែកញ្ញា ដែលជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោកមកកាន់ទីក្រុងវ៉ាស៊ីនតោនក្នុងរយៈពេលជាងមួយទសវត្សរ៍មកនេះ គឺជាការឆ្លើយតបទៅនឹងដំណើរទស្សនកិច្ចផ្លូវការរបស់លោក Trump ទៅកាន់ទីក្រុងប៉េកាំងកាលពីខែឧសភា។
បើតាមទីភ្នាក់ងារព័ត៌មាន Xinhua បានរាយការណ៍ថា នៅខែមេសា ឆ្នាំ២០១៧ ពេលដែលលោក Xi បានទៅបំពេញទស្សនកិច្ចនៅឯភូមិគ្រឹះ Mar-a-Lago របស់លោក Trump ក្នុងរដ្ឋ Florida កុមារី Arabella (ដែលពេលនោះមានអាយុ ៥ ឆ្នាំ) និងប្អូនប្រុសរបស់នាងឈ្មោះ Joseph (អាយុ ៣ ឆ្នាំ) បានសម្តែងបទចម្រៀងប្រជាប្រិយចិនដែលមានចំណងជើងថា «Mo Li Hua» (ផ្កាម្លិះ) ជូនលោក Xi និងភរិយាគឺលោកស្រី Peng ទស្សនា។
នៅខែវិច្ឆិកា ឆ្នាំដដែលនោះ អំឡុងពេលបំពេញទស្សនកិច្ចនៅទីក្រុងប៉េកាំងក្នុងអាណត្តិទីមួយរបស់លោក Trump លោកបានបង្ហាញវីដេអូក្នុងថេប្លេត (tablet) មួយដល់មេដឹកនាំចិនទាំងពីររូបនោះ ដោយបង្ហាញពីសកម្មភាពរបស់កញ្ញា Arabella កំពុងច្រៀងជាភាសាចិនកុកងឺ និងសូត្រធម៌ «Three Character Classic» (អត្ថបទអប់រំកុមារចិនបែបបុរាណ) ខណៈពេលដែលពួកគេកំពុងពិសាទឹកតែនៅឯទីក្រុងហាមឃាត់ (Forbidden City)។
ពេលនោះ លោក Xi បានពោលសរសើរថា ជំនាញភាសាចិនរបស់កុមារីរូបនេះសក្តិសមនឹងទទួលបានពិន្ទុ «A+» ហើយវីដេអូពេញលេញនោះក៏ត្រូវបានចាក់បញ្ចាំងនៅលើអេក្រង់ក្នុងពិធីលៀងសាយភោជន៍ផ្លូវការនៅឯមហាសាលប្រជាជន (Great Hall of the People) នៅយប់បន្ទាប់ផងដែរ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AFP។
យោងតាមទីភ្នាក់ងារ AFP បានរាយការណ៍ថា អ្នកស្រី Hua Chunying ដែលកាលនោះជាអ្នកនាំពាក្យក្រសួងការបរទេសចិន បានហៅកុមារី Arabella ថាជា «ឯកអគ្គរដ្ឋទូតតូចមួយរូបនៃមិត្តភាពចិន-អាមេរិក» នៅក្នុងសន្និសីទសារព័ត៌មានជាប្រចាំមួយ ដោយបន្ថែមថា កុមារីរូបនេះទទួលបានការស្រឡាញ់រាប់អានយ៉ាងខ្លាំងពីសំណាក់សាធារណជនចិន។
គូសបញ្ជាក់ថា កុមារី Arabella បានចាប់ផ្តើមរៀនភាសាចិនកុកងឺនៅពេលនាងមានអាយុ ១៨ ខែ ហើយត្រូវបានបង្រៀនដោយស្ត្រីជនជាតិចិនម្នាក់ដែលមើលថែក្មេង (nanny) នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters។ នៅខែកុម្ភៈ ឆ្នាំ ២០១៧ ពោលគឺប៉ុន្មានសប្តាហ៍បន្ទាប់ពីពិធីស្បថចូលកាន់តំណែងលើកដំបូងរបស់លោក Trump លោកស្រី Ivanka បាននាំ Arabella ទៅចូលរួមពិធីទទួលភ្ញៀវអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីតាមច័ន្ទគតិនៅស្ថានទូតចិនប្រចាំទីក្រុងវ៉ាស៊ីនតោន ដែលនៅទីនោះក្មេងស្រីរូបនេះបានច្រៀងចម្រៀងជាភាសាចិនកុកងឺ៕