ព័ត៌មានអន្តរជាតិ
កាន់តែក្តៅ! កូរ៉េខាងជើងច្រានចោលការចោទប្រកាន់របស់កូរ៉េខាងត្បូង ក្រោយផ្ទុះមីនរបួសទាហានបីនាក់នៅតំបន់គ្មានយោធា (DMZ)
(ក្រុងព្យុងយ៉ាង)៖ ប្អូនស្រីដ៏មានឥទ្ធិពលរបស់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន (Kim Jong Un) បានច្រានចោលការអះអាងរបស់កូរ៉េខាងត្បូងដែលថា កូរ៉េខាងជើងទំនងជាអ្នកនៅពីក្រោយហេតុការណ៍ផ្ទុះមីនកាលពីសប្តាហ៍មុន ដែលបណ្តាលឱ្យទាហានបីនាក់រងរបួស។ នេះបើយោងតាមសេចក្តីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើងនៅព្រឹកថ្ងៃពុធ ទី៣០ ខែកញ្ញានេះ។
ទីក្រុងសេអ៊ូល និងទីក្រុងព្យុងយ៉ាង នៅតែស្ថិតក្នុងស្ថានភាពសង្គ្រាមតាមផ្លូវច្បាប់ ចាប់តាំងពីជម្លោះកូរ៉េបានបញ្ចប់ដោយកិច្ចព្រមព្រៀងឈប់បាញ់ មិនមែនជាសន្ធិសញ្ញាសន្តិភាពនោះទេ។
មន្ត្រីយោធាកូរ៉េខាងត្បូងចំនួនបីនាក់បានរងរបួសធ្ងន់ធ្ងរ ម្នាក់ក្នុងចំណោមនោះបានបាត់បង់ជើង នៅក្នុងហេតុការណ៍ផ្ទុះកាលពីថ្ងៃទី២១ ខែកញ្ញា នៅខាងក្នុងតំបន់គ្មានយោធា (DMZ) ដែលជាតំបន់ទ្រនាប់ពោរពេញដោយមីនខណ្ឌចែកកូរ៉េទាំងពីរ ចាប់តាំងពីកិច្ចព្រមព្រៀងឈប់បាញ់ឆ្នាំ១៩៥៣។
ការផ្ទុះមីននេះ ទីក្រុងសេអ៊ូលបានអះអាងកាលពីថ្ងៃអង្គារថា ហេតុការណ៍នេះគឺជា «ការរំលោភយ៉ាងច្បាស់លាស់លើកិច្ចព្រមព្រៀងឈប់បាញ់ ហើយកូរ៉េខាងជើងត្រូវទទួលខុសត្រូវទាំងអស់»។
ជាការឆ្លើយតប លោកស្រី គីម យ៉ូជុង (Kim Yo Jong) បានបោះពាក្យសម្តីនៅព្រឹកថ្ងៃពុធនេះថា ការអះអាងរបស់កូរ៉េខាងត្បូងគឺ «ថោកទាប និងកខ្វក់ សមនឹងពួកកុលសម្ព័ន្ធនៃ ROK (សាធារណរដ្ឋកូរ៉េ)»។
ប៉ុន្មានម៉ោងក្រោយមក បើតាមបញ្ជាការដ្ឋានអង្គការសហប្រជាជាតិ (UNC) បានប្រកាសថា ការស៊ើបអង្កេតរួមគ្នាជាមួយយោធារបស់ទីក្រុងសេអ៊ូល បានរកឃើញ «មីនប្រឆាំងមនុស្សរបស់សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ (កូរ៉េខាងជើង) ដែលនៅមានសកម្មភាព នៅត្រង់ផ្នែកខាងកូរ៉េខាងត្បូង (ROK) នៃខ្សែបន្ទាត់កំណត់ព្រំដែនយោធា»។
ស្ថាប័ននេះបានបន្ថែមថា «ផ្អែកលើលទ្ធផលនៃការស៊ើបអង្កេតបានសន្និដ្ឋានថា មានការរំលោភលើកិច្ចព្រមព្រៀងបទឈប់បាញ់» ដែលនេះជាការបញ្ជាក់ឡើងវិញនូវអ្វីដែលទីក្រុងសេអ៊ូលបានលើកឡើងកាលពីថ្ងៃមុន។
គូសបញ្ជាក់ថា បញ្ជាការដ្ឋានអង្គការសហប្រជាជាតិ គឺជាកងកម្លាំងយោធាចម្រុះជាតិសាសន៍ដែលដឹកនាំដោយសហរដ្ឋអាមេរិក មានភារកិច្ចត្រួតពិនិត្យកិច្ចព្រមព្រៀងបទឈប់បាញ់ដែលបានបញ្ចប់ការប្រយុទ្ធគ្នាក្នុងសង្គ្រាមកូរ៉េឆ្នាំ ១៩៥០-១៩៥៣ និងគ្រប់គ្រងផ្នែកខាងត្បូងនៃតំបន់គ្មានយោធា (DMZ)។
យ៉ាងណាម៉ិញ ឧប្បត្តិហេតុពាក់ព័ន្ធនឹងមីននៅក្នុងតំបន់ DMZ ដែលជាព្រំដែនមួយក្នុងចំណោមព្រំដែនដែលមានការការពារយ៉ាងតឹងរ៉ឹងបំផុតនៅលើពិភពលោក ធ្លាប់បានបង្កើនភាពតានតឹងរវាងកូរ៉េទាំងពីរពីមុនមក។
ចាប់តាំងពីឆ្នាំ ២០២៤ មក បន្ទាប់ពីមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន (Kim Jong Un) បានកំណត់យកកូរ៉េខាងត្បូងជា «សត្រូវចម្បង» របស់ប្រទេសខ្លួន កងទ័ពទីក្រុងព្យុងយ៉ាងបានដាក់មីន និងសាងសង់របាំងការពារប្រឆាំងរថក្រោះនៅតាមបណ្តោយព្រំដែន ដែលជាផ្នែកមួយដើម្បីបិទព្រំដែននោះជាអចិន្ត្រៃយ៍៕