ព័ត៌មានអន្តរជាតិ
អ៊ុយក្រែន៖ កូរ៉េខាងជើងកំពុងត្រៀមបញ្ជូនទាហានចំនួន ១០,០០០ នាក់បន្ថែមទៀតទៅជួយរុស្ស៊ី
ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy បានអះអាងថា មានទាហានកូរ៉េខាងជើងជាង ៨,០០០ នាក់នៅលើទឹកដីរុស្ស៊ី ហើយកំពុងរៀបចំដំណើរការដើម្បីបញ្ជូនទាហានបន្ថែមចំនួន ១០,០០០ នាក់ទៀត។
ដោយយោងទៅលើទិន្នន័យថ្មី អំពីការបញ្ជូនទាហានកូរ៉េខាងជើងទៅកាន់ប្រទេសរុស្ស៊ី លោក Zelenskiy បានសរសេរនៅលើបណ្តាញសង្គម X ថា ពួកគេ «កំពុងត្រូវបានជ្រើសរើសសម្រាប់ការហ្វឹកហ្វឺន និងការបញ្ជូនទៅកាន់ប្រទេសរុស្ស៊ីនៅពេលបន្ទាប់»។
យ៉ាងណាម៉ិញ ប្រធានាធិបតីអ៊ុយក្រែនរូបនេះបាននិយាយកាលពីខែសីហាថា ទាហានកូរ៉េខាងជើងរហូតដល់ ៥០,០០០ នាក់អាចនឹងត្រូវបានបញ្ជូនទៅប្រយុទ្ធឱ្យរុស្ស៊ី ហើយលោកបានអំពាវនាវឱ្យកូរ៉េខាងត្បូងផ្តល់ការគាំទ្រដល់ប្រព័ន្ធការពារដែនអាកាសរបស់អ៊ុយក្រែន។
ដោយឡែក កូរ៉េខាងត្បូងបានប្រកាសកាលពីខែកក្កដាអំពីកញ្ចប់ជំនួយចំនួន ១០០ លានដុល្លារសម្រាប់អ៊ុយក្រែន ទោះបីជាជំនួយនោះមិនរាប់បញ្ចូលអាវុធដែលអាចបង្កឱ្យមានការស្លាប់ក៏ដោយ។
ការលើកឡើងរបស់លោក Zelenskyy កាលពីថ្ងៃចន្ទ បានធ្វើឡើងបន្ទាប់ពីទីក្រុងសេអ៊ូល និងទីក្រុងគៀវ មានការខ្វែងគំនិតគ្នាជុំវិញការប្រកាសរបស់លោកកាលពីសប្តាហ៍មុន ដែលថាអ៊ុយក្រែនបានបញ្ជូនទាហានកូរ៉េខាងជើងពីរនាក់ដែលខ្លួនបានចាប់ខ្លួន ទៅកាន់ប្រទេសកូរ៉េខាងត្បូង។
ទីក្រុងសេអ៊ូលបានសម្តែងការសោកស្តាយចំពោះការប្រកាសនោះ ដោយលើកឡើងពីកិច្ចព្រមព្រៀងមួយក្នុងការរក្សាការបញ្ជូនទាហានទាំងនោះជាការសម្ងាត់។ កូរ៉េខាងត្បូងក៏បានតវ៉ាប្រឆាំងនឹងអ្វីដែលខ្លួនហៅថាជាសេចក្តីថ្លែងការណ៍មិនពិតពីការិយាល័យប្រធានាធិបតីអ៊ុយក្រែន ដែលបានបដិសេធថាគ្មានកិច្ចព្រមព្រៀងរក្សាការសម្ងាត់បែបនេះទេ។
យោងតាមការប៉ាន់ប្រមាណរបស់អ៊ុយក្រែន និងកូរ៉េខាងត្បូង បានបញ្ជាក់ថា កូរ៉េខាងជើងបានបញ្ជូនទាហានប្រហែល ១៤,០០០ ទៅ ១៥,០០០ នាក់ ដើម្បីគាំទ្រសង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែនចាប់តាំងពីឆ្នាំ ២០២៤ មក ដោយភាគច្រើនត្រូវបានដាក់ពង្រាយនៅក្នុងតំបន់ Kursk ដើម្បីជួយទប់ទល់នឹងការវាយលុករបស់អ៊ុយក្រែន។
យោងតាមការវាយតម្លៃរបស់អ៊ុយក្រែន និងស្ថាប័នឯករាជ្យ ទីក្រុងព្យុងយ៉ាងក៏បានផ្គត់ផ្គង់គ្រាប់កាំភ្លើងធំ និងគ្រាប់បាញ់ផ្លោង (mortar) រាប់លានគ្រាប់ដល់រុស្ស៊ី ព្រមទាំងមីស៊ីលផ្លោង (ballistic missiles) ប្រព័ន្ធកាំភ្លើងធំរយៈចម្ងាយឆ្ងាយ និងប្រព័ន្ធរ៉ុក្កែតបាញ់ច្រើនគ្រាប់ក្នុងពេលតែមួយផងដែរ៕